27.5 C
Phnom Penh

អតីតមន្ត្រីបក្សសង្រ្គោះជាតិដែលទទួលបានសិទ្ធិធ្វើនយោបាយអះអាងថា ខ្លួននៅតែរួមរស់ជាមួយគណបក្សសង្រ្គោះជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អតីត​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ទើប​នឹង​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ចុង​ក្រោយ​អះអាង​ថា ​ពួកគេ​គ្មាន​បំណង​បង្កើត​គណបក្ស​នយោបាយ​ឬ​ ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​ឡើយ។​

អតីត​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ រួម​មាន​លោក​អ៊ូ ច័ន្ទរ័ត្ន ​លោក​ជីវ កត្តា ​លោក​កង គឹមហាក់ ​លោក​ទេព សុទ្ធី ​លោក​ស៊ឹម សុវណ្ណី ​និង​លោក​ស្រី​ច័ន្ទ សីលា​បាន​បញ្ជាក់​ជំហរ​ថា​​ ពួកគេ​នៅ​តែ​បន្ត​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​កឹម សុខា​និង​ផ្តល់​នីតិសម្បទា​ជូន​លោក​វិញ​ដើម្បី​ឱ្យ​លោក​មាន​ឱកាស​ដឹកនាំ​សកម្ម​ភាព​នយោបាយ​ឡើង​វិញ។ ​លើស​ពី​នេះ​ពួកគេ​ក៏​នៅតែ​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ផ្តល់​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជូន​អតីត​មន្ត្រី​ដែល​ជាប់​ឆ្នោត​គណបក្ស​សង្រ្គោះ​ជាតិ​ឡើង​វិញ​ផង​ដែរ។​

បន្ថែម​ពី​នេះ ​ក្រុម​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ​បាន​អះអាង​ថា​ ខ្លួន​នៅ​តែរួម​រស់​ជីវិត​នយោបាយ​ជា​មួយ​គណបក្ស​សង្រ្គោះ​ជាតិ​ដដែល​ទោះបី​ជា​បក្ស​នេះ​បច្ចុប្បន្ន​មិន​ទាន់​រស់​ឡើង​វិញ​ក្តី។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​សណ្ឋាគារ​សាន់វ៉េ ​នា​ព្រឹក​នេះ​ អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ម្នាក់​លោក​អ៊ូ ច័ន្ទរ័ត្ន​បាន​លើក​ឡើង​ថា​ ក្រោយ​ពេល​ពួក​គាត់​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ក្រុម​លោក​នឹង​ធ្វើ​ការងារ​មួយ​ចំនួន​ដើម្បី​ជំរុញ​ឱ្យមាន​ការ​បង្រួប​បង្រូម​ជាតិ ផ្សះផ្សារ​ជាតិ​ ពិសេស​ជំរុញ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​ប្រឆាំង​លោក​កឹម សុខា​ផង​ដែរ។​

លោក​ថា ​ការ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​នេះ​ដើម្បី​បង្កភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​នយោបាយ​ផ្សេងៗ​ ពិសេស​ជួប​ជាមួយ​អតីត​សហការី​របស់​ខ្លួន​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។​

លោក​អ៊ូ ច័ន្ទរ័ត្ន​បាន​អះអាង​ដែរ​ថា​ ក្រុម​លោក​មិន​បាន​ទទួល​បាន​ប្រាក់​ឬ​លាភ​សក្ការៈ​ណាមួយ​ពី​បក្ស​កាន់​អំណាច​ទេ ​ប៉ុន្តែ​ជា​ការ​ឈរ​នៅ​លើ​ប្រយោជន៍​ជាតិ​ជាធំ​ដោយ​សំឡឹង​ឃើញ​ភាព​បែក​បាក់ជាតិ​កាន់​តែ​ធ្ងន់​ធ្ងរ​ និង​ដើម្បី​បញ្ជៀស​ហា​និភ័យ​ដល់​ប្រទេស​ជាតិ​ផង​ដែរ។​

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ឱ្យ​និស្សិត​នៅ​រាជ​ធានី​ភ្នំពេញ​នា​ព្រឹក​នេះ ​លោក​ហ៊ុន សែន​ក៏​បាន​អះអាង​ថា​ លោក​មិន​បាន​ចំណាយ​ប្រាក់​​​ទៅ​លើ​ក្រុម​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ដែល​សុំ​សិទ្ធិ​នយោបាយ​ពី​លោក​ទេ។​

លោក​ក៏​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ទាំងអស់​ត្រូវ​សម្រួល​ដល់​សកម្ម​ភាព​ធ្វើ​នយោបាយ​របស់​ក្រុម​មន្ត្រី​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​ឱ្យ​បាន​ប្រសើរ​ ប៉ុន្តែ​លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ ចំពោះ​ក្រុម​មន្ត្រី​បក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ជាប់​បម្រាម​ថា​ នឹង​ត្រូវ​ចាប់​ខ្លួន​ប្រសិន​បើ​ហ៊ាន​ធ្វើ​សកម្ម​ភាព​នយោបាយ​ណា​មួយ​មុន​ពេល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​នោះ។​

ចំណែក​លោក​ផែង ហេង​ ដែល​ជា​មេធាវី​របស់​លោក​កឹម សុខា​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ​ លោក​កឹម សុខា​មិន​បាន​ហាម​ឃាត់​ ឬ​ព្រមាន​អ្នក​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ហើយ​ក៏​មិន​បាន​ជំរុញ​ឲ្យ​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ដែរ។​

ក្នុង​ចំណោម​អតីត​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​១១៨​រូប​ដែល​ជាប់​បម្រាម​គឺ​មាន​តែ​មន្ត្រី​ចំនួន​៩​រូប​ប៉ុណ្ណោះ​ដែល​បាន​ដាក់​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​លោក​ហ៊ុន សែន។ ​ពួក​គេ​ទាំង​៩​រូប​ក៏ត្រូវ​បាន​ព្រះ​មហា​ក្សត្រ ​និង​ប្រមុខ​រដ្ឋ​ស្តីទី​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ តាម​ការ​ចង់​បាន​របស់​លោក​ហ៊ុន សែន​ហើយ​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស