27 C
Phnom Penh

តុលាការ​របប​ក្រុង​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​លោក​ថោង សារ៉ាត់​និង​បក្ខពួក​៤​នាក់​ទៀត​ឱ្យ​ជាប់​គុក​មួយ​ជីវិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​លោក​ឧកញ៉ា​ថោង សារ៉ាត់​និង​បក្ខពួក​ចំនួន​៤​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េងជឺ​​នៅ​កណ្តាល​ក្រុង​ភ្នំពេញ។​

សារ​ព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ផ្សាយ​ថា​  ប្រធាន​ក្រុម​ប្រឹក្សា​ចៅក្រម​ជំនំ​ជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​តុប ឈុនហេង​ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក​ថោង សារ៉ាត់​និង​បក្ខពួក​ចំនួន​៤​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ទាក់ទង​នឹង​ការ​ប្រកាស​សាលក្រម​នេះ​ក្រុម​គ្រួសារ​សាច់​ញាតិ​របស់​ក្រុម​ឧក្រិដ្ឋ​ជន​ទាំង​៥​នាក់​បាន​ជំទាស់​ទៅ​នឹង​ការ​សម្រេច​នោះ ​និង​បាន​បិទ​ផ្លូវ​សាធារណៈ​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទៀត​ផង ។​

កាលពី​យប់​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤ ​ ឧកញ៉ា​អ៊ឹង ម៉េងជឺ​ត្រូវ​បាន​បុរស​ម្នាក់​បាញ់​ជា​ច្រើន​គ្រាប់​នៅ​ហាង​លក់​ផ្លែ​ឈើ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ។​ ក្រោយ​ការ​កើត​ហេតុ​ឧកញ៉ា​ថោង សារ៉ាត់​ដែល​ជា​ម្ចាស់​ភាគហ៊ុន ​ខុនដូ​៩៩៩ ​បាន​រត់​គេច​ខ្លួន​មួយ​រយៈ ​ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ចាប់​ខ្លួន។​

ក្រោយ​ការ​ចាប់​ខ្លួន​ ឪពុក​ម្តាយ​របស់​ឧកញ៉ា​រូប​នោះ​ដែល​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ស័ក្តិ​បួន​និង​ជា​មន្ត្រី​នៅ​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា-ព្រឹទ្ធ​សភា​ដែល​ជា​ជន​ជាតិ​វៀតណាម​បាន​ស្នើឱ្យ​ថ្នាក់​ដឹក​នាំ​វៀតណាម​ជួយ​កិច្ច​អន្តរាគមន៍​ដោះ​លែង​ដោះលែង​កូន​របស់​ខ្លួន​និង​បក្ខពួក​ ហើយ​ឪពុក​ម្តាយ​លោក​ថោង សារ៉ាត់​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​មួយ​រយៈ​ពេល​ដោយ​ចោទ​ប្រកាន់​ពី​បទ​លាក់​ទុក​អាវុធ​ដោយ​ខុស​ច្បាប់​ផង​ដែរ។​

ទោះបី​ជា​លោក​ថោង សារ៉ាត់​ត្រូវ​បាន​ឃុំ​ខ្លួន​ប្រមាណ​៥​ឆ្នាំ​មក​ហើយ​ក្តី​ប៉ុន្តែ​សារ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​ថា ​ឧកញ៉ា​រូប​នេះ​មាន​ឈ្មោះ​ជាប់​ក្នុង​គុក ​ប៉ុន្តែ​រស់​នៅក្រៅ​គុក​ច្រើន​ជាង​ ដោយ​ប្រើ​លេស​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស