26 C
Phnom Penh

សមត្ថ​កិច្ច​ខេត្ត​សៀមរាប​ចាប់​ខ្លួន​ជន​ចិន​១៦០​នាក់​ករណី​ភ្នាល់​ល្បែង​តាម​អ៊ីនធឺណិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​ដឹក​នាំ​កម្លាំង​បាន​ចុះ​ប្រតិបត្តិ​ការ​បង្រ្កាប​ទី​តាំង​មួយ​កន្លែង​ដោយបាន​ចាប់​ជន​សង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​១៦០​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ភ្នាល់​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ដែល​ប្រព្រឹត្ត​នៅ​កណ្ដាល​ក្រុង​សៀមរាប​តែ​ម្តង។​

កម្លាំង​នគរបាល​របស់​ខេត្ត​នេះ​កាលពី​ព្រឹកមិញ ​បាន​ឡោម​ព័ទ្ធ​ចាប់​ជនជាតិ​ចិន​ទាំង​១៦០​នាក់​នៅផ្ទះ​ល្វែង​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​វិហារ​ចិន​ សង្កាត់​ស្វាយដង្គំ ​ក្រុង​សៀមរាប។ ​ក្រុម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ​ពួក​គេ​កំពុង​បន្ត​នីតិវិធី​ស៊ើប​សួរ​ជនជាតិ​ចិន​ទាំង​នោះនៅ​ស្នង​ការដ្ឋាន​ន​គរបាល​ខេត្ត​សៀមរាប​ ដោយ​សង្ស័យ​ថា​ ពួកគេ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ផ្សេង​ទៀត ​ដូចជា​ចាប់​ជំរិត​ជាដើម។​

របាយ​ការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៨​ ឲ្យ​ដឹង​ថា​  ជនជាតិ​ចិន​នៅ​កម្ពុជា​មាន​ចំនួន​ជាង​២​សែន​នាក់ ​ក្នុង​នោះ ​ជនជាតិ​ចិន​កំពុង​រស់​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ជិត​៨​ម៉ឺន​នាក់។​

របាយ​ការណ៍​របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​គិតត្រឹម​ខែ​តុលា​ឆ្នាំ​២០១៨ ​ឲ្យដឹងថា​ ជន​ជាតិ​ចិន​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​ ភាគ​ច្រើន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ចំនួន​២​ប្រភេទ​ គឺបទ​ល្មើស​គំរាម​ជំរិត​និង​ឆបោក​តាម​ប្រព័ន្ធ​ទូរ​គមនាគមន៍ ​ហើយ​ជន​ជាតិ​ចិន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ទាំង​ពីរ​ប្រភេទ​នេះ​មាន​ចំនួន​ជិត​៤​រយ​នាក់​ ក្នុង​នោះស្រី​ជិត​១​រយ​នាក់។​

កាលពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៨​ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បង្ហាញ​ក្តី​បារម្ភ​ថា ​ ​ចំនួន​ប្រជាជន​ចិន​កើន​ឡើង​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី​ អាច​នឹង​បង្ក​វិបត្តិ​នៅ​ក្នុង​សង្គម​នៅ​ក្នុង​អនាគត ​ស្របពេល​ច្បាប់​កម្ពុជា​មាន​ភាព​ធូរ​រលុង​នោះ៕ ​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស