មេដឹកនាំកាន់អំណាចយូរជាងគេនៅក្នុងតំបន់គឺលោកហ៊ុន សែនបានផ្ញើសារទៅកាន់ប្រទេសប្រជាធិបតេយ្យមួយចំនួនពិសេសសហរដ្ឋអាមេរិកមិនត្រូវលូកដៃចូលបញ្ហានយោបាយនៅកម្ពុជា ដូចការលូកដៃពីអតីតកាលឡើយ។
ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានមួយនៅរាធានីភ្នំពេញនាថ្ងៃនេះ លោកហ៊ុន សែនបានចោទប្រកាន់ប្រទេសមហាអំណាចមួយដែលគេដឹងថា ជាសហរដ្ឋអាមេរិក ដោយថា បានគាំទ្រលោកសេនាប្រមុខលន់ នល់ឱ្យធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះបាទនរោត្ដម សីហនុកាលពីថ្ងៃទី១៨មីនា១៩៧០ និងទទួលស្គាល់អាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិទៀតផង។
លោកហ៊ុន សែនអះអាងថា សោកនាដកម្មក្រោយរដ្ឋប្រហារពេលនោះ បានធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងធ្វើឱ្យមនុស្សរស់នៅក្នុងភាពវេទនា និងស្លាប់រាប់លាននាក់ ប៉ុន្តែសហរដ្ឋអាមេរិកមិនដែលចេញមុខសុំទោស ឬទទួលខុសត្រូវចំពោះសោកនាដកម្មដែលកើតចេញពីអំពើរបស់ខ្លួនឡើយ។
ក្រៅពីនោះ ប្រទេសប្រជាធិបតេយ្យក៏នាំគ្នាគាំទ្រអាសនៈរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិប្រឆាំងនឹងរបបក្រុងភ្នំពេញដែលលើកបន្តុបដោយវៀតណាមចន្លោះពីឆ្នាំ១៩៧៩ដល់១៩៩១។
លើសពីនេះបច្ចុប្បន្នក្រុមប្រទេសប្រជាធិបតេយ្យមួយចំនួនក៏ចេញមុខគាំទ្រក្រុមពួកប្រឆាំងប៉ុន្មាននាក់ដែលជាក្រុមមុខសញ្ញារបស់លោកហ៊ុន សែនត្រូវកម្ចេចផងដែរ។ របបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលោកលន់ នល់ បានទទួលការគាំទ្រពីសហរដ្ឋអាមេរិកចន្លោះឆ្នាំ១៩៧០រហូតដល់ការដួលរលំទាំងស្រុងនៅក្នុងខែមេសាឆ្នាំ១៩៧៥។
ក្រោយដួលរលំរបបនេះ របបខ្មែរក្រហមក៏ឡើងដឹកនាំប្រទេសជំនួសដោយមានការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសចិនកុម្មុយនីស្តទាំងយោធា សេដ្ឋកិច្ចនិងមនោគមន៍វិជ្ជាម៉ៅ និយម។ ក្រោយការដួលរលំរបបខ្មែរក្រហម ចិនក៏ជាប្រទេសមួយបន្តគាំទ្រក្រុមខ្មែរក្រហម ហើយក៏ជាប្រទេសមួយគាំទ្រអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ ដែលដឹកនាំដោយរដ្ឋាភិបាលចម្រុះត្រីភាគីដោយមានភាគីខ្មែរក្រហមនៅក្នុងនោះផងដែរ។
បច្ចុប្បន្ន លោកហ៊ុន សែនតែងឌឺដងទៅកាន់ប្រទេសប្រជាធិបតេយ្យជាពិសេសសហរដ្ឋអាមេរិកថា ជាអ្នកបង្កើតកំហុសដល់កម្ពុជាក្នុងអតីតកាល ប៉ុន្តែលោកហ៊ុន សែនមិនដែលបានលើកឡើងពីកំហុសអតីតកាលរបស់ចិននិងវៀតណាមដែលបានបង្កើតនឹងគាំទ្រឱ្យមានសោកនាកម្មដល់ពលរដ្ឋខ្មែរនោះឡើយ៕