តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមន្ត្រីយោធានិងជាអ្នកប្រើប្រាស់បណ្តាញសង្គមដ៏ល្បីម្នាក់ ឈ្មោះ ផែង វណ្ណៈ នៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន។
អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរលោកកី ម៉ានេរ៉ានៅថ្ងៃនេះបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសនាំខ្លួនជនត្រូវចោទឈ្មោះផែង វណ្ណ:ទៅឃុំខ្លួននៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន។
ការសម្រេចឃុំខ្លួននេះធ្វើឡើង ក្រោយពេលតុលាការបានសម្រេចចោទប្រកាន់លោកផែង វណ្ណៈពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាររកេរ្តិ៍ជាសាធារណៈ តាមរយៈបណ្តឹងរបស់មេធាវីលោកហ៊ុន សែន។ប្រសិនបើរកឃើញបទល្មើសដូចការចោទប្រកាន់ លោកផែង វណ្ណៈអាចត្រូវប្រឈមជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំនិងបង់ប្រាក់ពិន័យពី១សែនរៀលទៅ១០លានរៀល។
លោកផែង វណ្ណៈត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១ ខែមេសា តាមដីការបស់ព្រះរាជអាជ្ញារង ដើម្បីសាកសួរពាក់ព័ន្ធនឹងករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ។
លោកហ៊ុន សែនបានប្តឹងលោកផែង វណ្ណៈក្រោយពេលអ្នកប្រើប្រាស់បណ្តាញសង្គមល្បីឈ្មោះរូបនេះបានធ្វើការប្រៀបធៀបរូបថតពីរសន្លឹកនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនរវាងសកម្មភាពលោកយកថវិកា៥ពាន់ដុល្លារសហរដ្ឋអាមេរិកតំណាងឱ្យម្ចាស់រថយន្តដែលបើកបុកនិស្សិតស្រីឈ្មោះឌុំ រីដាទៅជូនក្រុមគ្រួសារសព។ ប៉ុន្តែត្រូវបានលោកពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជាប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ចំណែកសកម្មភាពអគ្គនាយកសារព័ត៌មាន Fresh Newsលោកលឹម ជាវត្ថាដែលបានយកថវិកាចំនួន៥ម៉ឺនដុល្លារទៅជូនក្រុមគ្រួសារលោកបណ្ឌិតកែម ឡីធ្វើចេតិយនោះ បែរជាលោកពេជ្រ ស្រស់មិនបានប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយទេ?
លោកផែង វណ្ណៈក៏ចោទជាសំណួរថា តើខុសគ្នាដូចម្តេចខ្លះ បើកាន់លុយជាតំណាងទៅចូលបុណ្យដូចគ្នា?
ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះលើកឡើងថា ករណីនេះអាចដោយសារលោកផែង វណ្ណៈដើរហួសពីបន្ទាត់ក្រហមក្នុងការភ្ជាប់រឿងរសើបរបស់រដ្ឋាភិបាលពាក់ព័ន្ធករណីឃាតកម្មលើលោកបណ្ឌិតកែម ឡីមទើបធ្វើឱ្យមានទុក្ខទោសដល់ខ្លួនដូច្នេះ៕