40.3 C
Phnom Penh

រដ្ឋាភិបាល​ច្រាន​ចោល​អនុសាសន៍​សមាជិក​អ.ស.ប.​ ដែល​ទាមទារ​ឱ្យ​គោរព​សិទ្ធិ​មនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​សម្រេច​ទាត់​ចោល​នូវ​អនុសាសន៍​មួយ​ចំនួន​ដែល​​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ។​  ​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​លើក​ឡើង​ថា ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣២​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​យន្តការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់​ឬ​ហៅ​កាត់​ថា​​UPR​ នៅ​ទីក្រុង​ហ្សឺណែវ​ កាល​ពីថ្ងៃ​ទី​៣០​ខែ​មករា​កន្លង​ទៅ ​ដែល​កម្ពុជា​បាន​ទទួល​យក​អនុសាសន៍​ចំនួន​១៩៨​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋ​ជា​សមាជិក​ជាង​៧០។​  ​

អនុសាសន៍​ទាំង​នោះ ​គឺ​ពួកគេ​បាន​ស្នើ​ឲ្យ​កែ​ប្រែ​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ដូច​ជា​ការ​ស្នើឲ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​កឹម សុខា ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​និង​ស្នើ​ឲ្យ​គណបក្ស​ប្រឆាំង​នេះ​អាច​ដំណើរ​ការ​ឡើង​វិញ​បាន។​

ភាគី​រដ្ឋាភិបាល​កម្ពុជា ​បាន​សម្រេច​ទទួល​យក​អនុសាសន៍​តែ ​១៧៣​ ចំណុច​ប៉ុណ្ណោះ ​ដោយ​ថា​ អនុសាសន៍​ទាំង​នេះ​ស្រប​តាម​ឆន្ទៈ​និង​គោល​នយោបាយ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​លើ​គ្រប់​វិស័យ​ក្នុង​ការ​ការពារ​ និង​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។​ ម្យ៉ាង​ទៀត​រដ្ឋាភិបាល​បាន​ច្រាន​ចោល​អនុសាសន៍​ចំនួន​២៥​ចំណុច​ផ្សេង​ទៀត​ ដោយ​អះអាង​ថា​ អនុសាសន៍​ទាំង​នោះ​មិន​បាន​ឆ្លើយ​តប​ទៅ​ស្ថានភាព​ជាក់​ស្តែង​នៃ​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​នៅ​កម្ពុជា​ហើយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ និង​ជា​ការ​ផ្ទុយ​ពី​ក្រប​ខណ្ឌ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​និង​បទដ្ឋាន​គតិ​យុត្ត​នានា​របស់​កម្ពុជា។​

នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣២​នៃ​យន្តការ​ត្រួត​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ជា​សកល​នៅ​ឯ​ទីក្រុង​ហ្សឺណែវ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា​កន្លង​ទៅ ​ ក្រុម​ប្រទេស​លោក​សេរី​ មាន​សហ​រដ្ឋ​អាមេរិក​ អាល្លឺម៉ង់ ​និង​ចក្រ​ភព​អង់គ្លេស​សុទ្ធ​តែ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ប្រជា​ធិបតេយ្យ​ឡើង​វិញ ​តាម​រយៈ​ការដោះ​លែង​លោក​កឹម សុខា​និង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ។​

កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ ​សហ​រដ្ឋ​អាមេរិក​ក៏​បាន​អំពាវ​នាវ​ឱ្យ​មេដឹកនាំ​ខ្មែរ​ស្តារ​ស្ថាន​ការណ៍​នយោបាយ​និង​សិទ្ធិ​មនុស្ស​ឡើង​វិញ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អន្តរជាតិ។​

ជាង​នេះ​ទៅ​ទៀត​សហ​រដ្ឋ​អាមេរិក​ក៏​បាន​ណែនាំ​ទៅ​ថ្នាក់​ដឹកនាំ​បច្ចុប្បន្ន​ឱ្យ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ឱ្យ​ធំជាង​ផល​ប្រយោជន៍​នយោបាយ​និង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៀត​ផង៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស