រដ្ឋាភិបាលលោកហ៊ុន សែនបានសម្រេចទាត់ចោលនូវអនុសាសន៍មួយចំនួនដែលលើកឡើងនៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃម្សិលមិញបានលើកឡើងថា ក្នុងកិច្ចប្រជុំលើកទី៣២របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ឬហៅកាត់ថាUPR នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី៣០ខែមករាកន្លងទៅ ដែលកម្ពុជាបានទទួលយកអនុសាសន៍ចំនួន១៩៨ដែលស្នើឡើងដោយរដ្ឋជាសមាជិកជាង៧០។
អនុសាសន៍ទាំងនោះ គឺពួកគេបានស្នើឲ្យកែប្រែស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា ដូចជាការស្នើឲ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិគឺលោកកឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះនិងស្នើឲ្យគណបក្សប្រឆាំងនេះអាចដំណើរការឡើងវិញបាន។
ភាគីរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលយកអនុសាសន៍តែ ១៧៣ ចំណុចប៉ុណ្ណោះ ដោយថា អនុសាសន៍ទាំងនេះស្របតាមឆន្ទៈនិងគោលនយោបាយកំណែទម្រង់របស់រដ្ឋាភិបាលលើគ្រប់វិស័យក្នុងការការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ ម្យ៉ាងទៀតរដ្ឋាភិបាលបានច្រានចោលអនុសាសន៍ចំនួន២៥ចំណុចផ្សេងទៀត ដោយអះអាងថា អនុសាសន៍ទាំងនោះមិនបានឆ្លើយតបទៅស្ថានភាពជាក់ស្តែងនៃការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជាហើយមិនបានឆ្លុះបញ្ចាំងពីកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងជាការផ្ទុយពីក្របខណ្ឌច្បាប់រដ្ឋធម្មនុញ្ញនិងបទដ្ឋានគតិយុត្តនានារបស់កម្ពុជា។
នៅក្នុងកិច្ចប្រជុំលើកទី៣២នៃយន្តការត្រួតពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សជាសកលនៅឯទីក្រុងហ្សឺណែវកាលពីថ្ងៃទី៣០ ខែមករាកន្លងទៅ ក្រុមប្រទេសលោកសេរី មានសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេសសុទ្ធតែបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យឡើងវិញ តាមរយៈការដោះលែងលោកកឹម សុខានិងឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។
កាលពីខែកុម្ភៈកន្លងទៅ សហរដ្ឋអាមេរិកក៏បានអំពាវនាវឱ្យមេដឹកនាំខ្មែរស្តារស្ថានការណ៍នយោបាយនិងសិទ្ធិមនុស្សឡើងវិញដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធពីអន្តរជាតិ។
ជាងនេះទៅទៀតសហរដ្ឋអាមេរិកក៏បានណែនាំទៅថ្នាក់ដឹកនាំបច្ចុប្បន្នឱ្យតម្កល់ផលប្រយោជន៍ជាតិឱ្យធំជាងផលប្រយោជន៍នយោបាយនិងផលប្រយោជន៍ផ្ទាល់ខ្លួនទៀតផង៕