33 C
Phnom Penh

អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​សម្លាប់ ​និង​កាត់​ក្បាល​ ជីដូន​ និង​ចៅស្រី​នៅ​ខេត្ត​កំពង់ចាម​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​កំពង់ចាម​បញ្ជាក់​ថា​ កម្លាំង​ចម្រុះ​កំពុង​ស៊ើប​អង្កេត​ករណី​សម្លាប់​និង​កាត់​ក្បាល​ជីដូន​និង​ចៅ​ស្រី​ ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​នៅ​ឡើយ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ភូមិ​ទួលថ្ម ​ឃុំ​ថ្មពួន​ ស្រុក​ព្រៃ​ឈរ ​ខេត្ត​កំពង់ចាម។​

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា​ អាជ្ញាធរ​ខេត្ត​កំពង់ចាម​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ​បាន​នៅ​ឡើយ​ទេ​ ព្រោះ​មន្ត្រី​សមត្ថ​កិច្ច​ជំនាញ​កំពុង​បន្ត​ស៊ើប​អង្កេត​ករណី​នេះ។ ​ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ ករណី​ឃាតកម្ម​នេះ ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​២​ខែ​មេសា​ហើយ​សមត្ថ​កិច្ច​មូលដ្ឋាន​និង​ក្រុម​គ្រួសារ​បាន​រក​ឃើញ​សព​ជន​រង​គ្រោះ ​នៅ​ថ្ងៃ​ទី​៣​មេសា​នៅ​ក្នុង​ព្រៃ​ខាង​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ។​

របាយ​ការណ៍​របស់​ស្នងការ​រង​ខេត្ត​កំពង់ចាម​ទទួល​បន្ទុក​ផែន​ព្រហ្ម​ទណ្ឌ ​លោក​ហេង វុទ្ធី​ផ្ញើ​ទៅ​កាន់​លោក​ស្នងការ​ខេត្ត​បាន​ឱ្យ​ដឹង​ថា សាកសព​ស្រ្តី​វ័យ​ចំណាស់​ឈ្មោះ​ពូ អូន​អាយុ​៦៥​ឆ្នាំ​និង​ចៅ​ស្រី​របស់​គាត់​ឈ្មោះ​ខេង សាវឿន​អាយុ​៦​ឆ្នាំ​ ដេក​ស្លាប់​នៅ​ឆ្ងាយ​ពី​គ្នា​ខាង​ក្រោយ​ផ្ទះ​ជនរង​គ្រោះ​ជាង​៣​រយ​ម៉ែត្រ ​ប៉ុន្តែ​សាក​សព​មិន​មាន​ក្បាល​នោះ​ឡើយ។​

របាយ​ការណ៍​ដដែល​បញ្ជាក់​ថា ​ករណី​នេះ​សមត្ថ​កិច្ច​មិន​ទាន់​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ​នៅ​ឡើយ​ប៉ុន្តែ​មន្ត្រី​ជំនាញ​កំពុង​បន្ត​ស៊ើប​អង្កេត​ដើម្បី​ចាត់​ការ​តាម​នីតិវិធី។​ 

កាលពី​ចុង​ឆ្នាំ​២០១៣​អំពើ​ឃាតកម្ម​សាហាវ​មួយ​ក៏​ធ្លាប់​បាន​កើត​ឡើង​នៅ​ឃុំ​ថ្មពួន​នេះ​ដែរ​ ដោយ​កាល​ណោះ ​បុរស​ជា​ប្តី​ម្នាក់​បាន​យក​កាំបិត​កាប់​ប្រពន្ធ​និង​កូន​ស្រី​ចុង​របស់​ខ្លួន​នៅ​លើ​ផ្ទះ​ដោយ​ចាស់​សោរ​ជាប់​ពី​ខាង​ក្នុង​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ។

ដោយ​មាន​ការ​ផ្ទុះ​កំហឹង​ខ្លាំង​ អ្នក​ភូមិ​ក៏​នាំ​គ្នា​គប់​ដុំថ្ម​និង​ទម្លុះ​ទ្វារ​ទៅ​ចាប់​ជនល្មើស​អូស​ទម្លាក់​ពី​លើ​ផ្ទះ​ហើយ​ព្រួត​គ្នា​វាយ​រហូត​ដល់​ស្លាប់៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស