38 C
Phnom Penh

អង្គការ​លីកាដូ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះស្រាយ​បណ្តឹង​ស្ត្រី​ជាប់​ឃុំ​នៅ​ពន្ធនាគារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ទទូច​ជា​ថ្មី​ទៀត​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​សំណុំ​រឿង​ស្ត្រី​ជាប់​ឃុំ ​ពិសេស​ស្ត្រី​មាន​កូន​តូច​និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្នុង​ពន្ធនាគារ​ឱ្យ​បាន​ឆាប់​រហ័ស​ដោយ​សារ​ស្ថាន​ភាព​ក្នុង​ពន្ធនាគារ​កាន់តែ​អាក្រក់ ​ចៀស​វាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ពួក​គាត់​បន្ត​ទៀត។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា ​ស្ត្រី​មាន​ផ្ទៃ​ពោះ ​កុមារ​ និង​ម្ដាយ​របស់​ពួកគេ​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដូចជា​ភាព​ខ្វះខាត ​របប​អាហារ​ ទឹក​ប្រើប្រាស់​សម្លៀក​បំពាក់​ និង​គ្រឿង​សម្អាត​អនាម័យ​ផ្សេងៗ។​​

បញ្ហា​ទាំង​នេះ​គឺ​មាន​ស្ថានភាព​អាក្រក់​ខ្លាំង​ ដោយ​សារ​ការ​ប្រើ​ប្រាស់​នីតិវិធី​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ច្រើន​ហួសហេតុ​ពេក​ និង​កង្វះខាត​នៃ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ដូចជា​ពាក្យ​បណ្ដឹង​សុំនៅ​ក្រៅឃុំ​បណ្ដោះ​អាសន្ន​ជាដើម។​

អង្គការ​លីកាដូ​ អះអាង​ថា​ខ្លួន​ក៏​បាន​សរសេរ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​កិច្ចការ​នារី ​ដោយ​ស្នើ​ឱ្យ​ក្រសួង​ពាក់​ព័ន្ធ​ទាំង​នេះ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​លោក​ ហ៊ុន សែន​ ​ដើម្បី​ចាត់​វិធាន​ការ​ និង​ស្វែងរក​ដំណោះ​ស្រាយ​ឱ្យបាន​ឆាប់​រហ័ស​ចំពោះ​ស្ថាន​ភាព​ស្រ្តីជាប់​ពន្ធនាគារ​ក្នុង​ដំណាក់​កាល​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ ដោយ​ប្រើប្រាស់​វិធាន​ការ​ផ្លូវ​ច្បាប់​ដែល​មាន​ស្រាប់។​

កាលពី​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ លោក​ ហ៊ុន សែន​បាន​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​កិច្ចការ​នារី​ ធ្វើការ​ពិនិត្យ​មើល​ស្ថានភាព​អ្នក​ជាប់​ពន្ធនាគារ​ជាស្រ្តី​ក្នុង​ដំណាក់​កាល​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនា​ការ។​ លោក​ហ៊ុន សែន​បាន​លើក​ឡើង​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ពេល​នោះ​ថា ​អ្នក​ជាប់​ឃុំ​ជាស្រ្តី​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដូចជា​ ស្ត្រី​ដែល​មាន​កូន​រស់​នៅ​ក្រៅ​ពន្ធនាគារ​ដោយ​គ្មាន​អ្នក​ជួយ​ផ្គត់ផ្គង់​ និង​ត្រូវ​បាន​ឪពុក​របស់​ពួក​គេ​បោះបង់​ចោល​ជាដើម។​

លោក​បាន​ស្នើឱ្យ​ក្រសួង​ទាំង​ពីរ​នេះ​ត្រូវ​ពិនិត្យ​ពន្លឿន​នីតិវិធី​ និង​សម្រួល​ទោស​ដល់​អ្នក​ជាប់​ឃុំ​ជា​ស្ត្រី​នៅ​ក្នុង​ពន្ធនាគារ​ទាំង​អស់​ដោយ​ថា​ដើម្បី​ឈាន​ទៅ​ដោះលែង​ពួក​គាត់​ឱ្យមាន​សេរី​ភាព​ឡើង​វិញ​ ប្រកប​ដោយ​ការ​យោគយល់​ និង​អធ្យាស្រ័យ​ដល់​ស្រ្តី​ទាំង​នោះ។​

អង្គការ​លីកាដូ​បាន​គាំទ្រ​ការ​អំពាវនាវ​របស់​លោក​ហ៊ុន សែន​ចំពោះ​វិធាន​ការ​ជា​បន្ទាន់​នេះ ​ដើម្បី​ដោះស្រាយ​តម្រូវ​ការ​របស់​ស្ដ្រី​ក្នុង​ពន្ធនាគារ​ ជាពិសេស​ស្ថាន​ភាព​អ្នក​ជាប់ឃុំ​ដែល​ងាយ​រង​គ្រោះ​ដូច​ជា ​ម្ដាយ​មាន​កូន​តូច​​នៅ​ជា​មួយ​ និង​ស្រ្តី​មាន​ផ្ទៃពោះ ​ផង​ដែរ ។​

អង្គការ​សិទ្ធិ​មនុស្ស​ដដែល​លើក​ឡើង​ថា​ បញ្ហា​ទាំង​នេះ​ គួរ​ត្រូវបាន​ដោះស្រាយ​តាម​រយៈ​ការ​ប្រើ​ប្រាស់​វិធាន​ការ​ច្បាប់​ដែល​មាន​ស្រាប់​ដូចជា​ ការ​ផ្ដល់​អាទិភាព​សវនាការ​ចំពោះ​ស្រ្តី​ក្នុង​ដំណាក់​កាល​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ និង​ការ​ពន្លឿន​ដំណើរការ​នៃ​ពាក្យ​បណ្ដឹង​សុំនៅ​ក្រៅ​ឃុំ​ជា​ដើម។​

របាយ​ការណ៍​របស់​អង្គការ​លីកាដូ ​កាលពី​ចុង​ឆ្នាំ​២០១៨​មាន​ចំណង​ជើង​ថា«ពេល​ដែល​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ៖​ បញ្ឈប់​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​មិន​ចាំបាច់»។​របាយការណ៍​នេះ​និយាយ​អំពី​ពន្ធនាគារ​ចំនួន​១៨​កន្លែង​ក្នុង​ចំណោម​ពន្ធនាគារ​ចំនួន​២៨​កន្លែង​ នៅ​ទូទាំង​ប្រទេស​ដែល​រក​ឃើញ​ថា ​ក្នុង​ចំណោម​ជន​ជាប់​ឃុំ​ចំនួន​ជាង​ ២​ម៉ឺន​នាក់​(២៥៩២៦)​គឺ​មាន​អ្នក​ជាប់​ឃុំ​ជា​ស្ត្រី​ចំនួន​ជាង​២​ពាន់​នាក់​  ហើយ​ប្រហែល​ពាក់​កណ្តាល​នៃ​ស្ត្រី​ដែល​បាន​ជាប់​ឃុំ​ទាំង​អស់​នោះ ​តុលាការ​នៅ​មិន​ទាន់​បើក​សវនាការ​សម្រេច​ផ្តន្ទាទោស​ពីបទ​ល្មើស​ជាក់លាក់​ណា​មួយ​នោះ​ឡើយ។​

អង្គការ​នេះ​អះអាង​ថា​ ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​ច្រើន​ហួស​ហេតុពេក ​ធ្វើ​ឲ្យ​ស្ថានភាព​ពន្ធនាគារ​ដែល​ចង្អៀត​ណែន​ស្រាប់​ កាន់តែ​អាក្រក់​ឡើង ​ហើយ​ផ្តល់​ផល​ប៉ះពាល់​ដល់​ជន​ងាយ​រង​គ្រោះ​មួយ​ចំនួន​ ដូច​ជា​ កុមារ​ដែល​រស់​នៅ​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ​ ឬ​ស្រ្តី​មាន​ផ្ទៃពោះ​ដែល​សម្រាល​កូន​ក្នុង​ពន្ធនាគារ។​

បច្ចុប្បន្ន​ក្នុង​ចំណោម​ពន្ធនាគារ​១៨​ដែល​អង្គការ​លីកាដូ​បាន​ឃ្លាំ​មើល​មាន​កុមារ​ចំនួន​១១៣​នាក់​ និង​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ចំនួន​៣៨​នាក់​កំពុង​ជាប់​ឃុំ ​ ខណៈ​ចំនួន​កុមារ​ដែល​នៅ​ជា​មួយ​ម្ដាយ​ក្នុង​ពន្ធនាគារ​ បាន​កើន​ឡើង​ស្ទើរតែ​ទ្វេដង​ចាប់​ពី​ខែ​មករា​ឆ្នាំ​២០១៧​មក៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស