លោកហ៊ុន សែនអះអាងថា លោកមិនអាចឱ្យតម្លៃរូបិយប័ណ្ណប្រាក់រៀលខ្មែរ មានតម្លៃខ្ពស់ជាងពេលបច្ចុប្បន្ននោះទេ ដោយថា វានឹងបង្កផលប៉ះពាល់ដល់អ្នកវិយោគទុននៅក្នុងស្រុក។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៅព្រឹកនេះ លោកហ៊ុន សែនបញ្ជាក់ថា រូបិយប័ណ្ណកម្ពុជាមិនសូវចុះថោកច្រើននោះឡើយ ហើយថា ខែប្រាក់រៀលចុះថោកគឺនៅខែសីហានិងខែកញ្ញា។
លោកបន្តថា រដ្ឋាភិបាលក៏មិនអាចធ្វើឱ្យប្រាក់រៀលខ្មែរមានតម្លៃខ្ពស់ពេកនោះដែរ ព្រោះថា កម្មករនិយោគជិតនៅកម្ពុជាប្រមាណ១លាននាក់ទទួលបានប្រាក់បៀរវត្សរ៍ជាសាច់ប្រាក់ដុល្លារដូច្នេះកាលណាប្រាក់រៀលមានតម្លៃខ្ពស់ពេកនឹងប៉ះពាល់ដល់អ្នកវិនិយោគទុនមិនខាន។ លោកបន្ថែមថា ការបើកទូលាយក្នុងការចរាចររូបិយប័ណ្ណបរទេសនៅកម្ពុជាច្រើនគឺជាការសម្រួលដល់ពលរដ្ឋនិងក្រុមអ្នកវិនិយោគទុន។
អ្នកវិភាគឯករាជ្យលោកបណ្ឌិតឡៅម៉ុងហៃបានប្រាប់សារព័ត៌មានThe Cambodia Dailyថា លោកយល់ស្របជាមួយលោកហ៊ុន សែនប៉ុន្តែលោកថា កម្ពុជានឹងត្រូវការពេលវេលាយូរក្នុងការចាយលុយរៀលសុទ្ធខណៈក្រុមអ្នករកស៊ីធំៗនៅមិនទាន់ទុកចិត្តលុយរៀលរបស់ខ្មែរនៅឡើយ។
ធនាគារជាតិនៅថ្ងៃនេះឱ្យដឹងថា អត្រាប្តូរប្រាក់រៀលខ្មែរមានតម្លៃ៤០២០រៀលស្មើនឹង១ដុល្លារសហរដ្ឋអាមេរិក។ នៅពេលប្រាក់រៀលខ្មែរចុះថោកគឺអាចមានតម្លៃ៣៨០០ឬ៣៩០០រៀលអាចប្តូរបាន១ដុល្លារអាមេរិក។
កាលពីសម័យសង្គមរាស្ត្រនិយមនាទសវត្ស១៩៥០និង១៩៦០ តម្លៃប្រាក់រៀលខ្មែរគឺមានតម្លៃខ្ពស់ហើយគេក៏សង្កេតឃើញថា សេដ្ឋកិច្ចកម្ពុជាក៏មានការរីកចម្រើនខ្ពស់ នាដើមសម័យនោះផងដែរ។ ប៉ុន្តែក្រោយមក សេដ្ឋកិច្ចខ្មែរនាចុងសម័យនោះចាប់ផ្តើមជួបវិបត្តិ តម្លៃប្រាក់រៀលក៏ចាប់ផ្តើមចុះថោកឬបាត់បង់តម្លៃតែម្តង៕