អគ្គលេខាធិការរងនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ហៅថា UN-ESCAPមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល៣ថ្ងៃ ខណៈស្ថានភាពលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាកំពុងរងការថ្កោលទោសពីអន្តរជាតិលោកសេរី។
ដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិមកកម្ពុជាដោយចាប់ពីថ្ងៃទី៨មេសាដល់ថ្ងៃទី១០មេសា។ ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន នៅថ្ងៃនេះបានឱ្យដឹងថា អគ្គលេខាធិការរង នៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក(UN-ESCAP)លោកស្រីArmida SalsiahAlisjahbanaបានជួបពិភាក្សាជាមួយលោកហ៊ុន សែននៅវិមានសន្តិភាព។
ប្រភពដដែល មិនបានបង្ហើបពីព័ត៌មានលម្អិតនៃការជួបពិភាក្សាគ្នានោះច្រើនទេ ដោយគ្រាន់តែលើកឡើងចំពោះកិច្ចសហការល្អជាមួយគ្នាក្នុងភាពជាដៃគូរបស់អ.ស.ប.ជាមួយកម្ពុជា ដែលបានជួយគ្នាទៅវិញទៅមកក្នុងនាមជាសមាជិករបស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក(UN-ESCAP)ជាដើម។
លោកហ៊ុន សែនក៏បានប្រាប់មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិរូបនេះថា កម្ពុជាបានសហការយ៉ាងល្អជាទីបំផុតជាមួយនឹងភ្នាក់ងារអ.ស.ប.ទាំងអស់ នៅក្នុងប្រទេសកម្ពុជានិងបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតជាមួយនឹងអង្គការសហប្រជាជាតិមិនត្រឹមតែដើម្បីជំរុញការអភិវឌ្ឍ និងកំណត់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះទេ តែក៏បានចូលរួមចំណែកថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិរូបនេះ ក្រៅពីជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកស្រីក៏ជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀតដែរ។
ការមកដល់នៃប្រតិភូជាន់ខ្ពស់របស់អង្គការសហប្រជាជាតិពេលនេះ ស្របពេលស្ថានការណ៍នយោបាយនៅកម្ពុជានៅមិនទាន់វិលទៅរកភាពល្អប្រសើរនៅឡើយ។ លើសពីនេះទៀតក៏ស្របពេលអង្គការអន្តរជាតិធំៗបានថ្កោលទោសរដ្ឋាភិបាលលោកហ៊ុន សែនព្រមទាំងស្នើឱ្យលោកហ៊ុន សែនដោះលែងប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះឱ្យមានសេរីភាពវិញជាបន្ទាន់ និងឥតលក្ខខណ្ឌ។
ជាមួយគ្នានេះ អតីតប្រធានគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសថ្មីៗនេះក៏បានស្នើឱ្យអង្គការសហប្រជាជាតិ និងអន្តរជាតិធំៗ ថ្កោលទោសរដ្ឋាភិបាលលោកហ៊ុន សែនករណីចេញដីការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន៨រូបកាលពីពេលថ្មីៗនេះផងដែរ៕