29 C
Phnom Penh

លោកហ៊ុន សែន បានណែនាំអ្នកបើកបរមិនឱ្យប្រើប្រាស់គ្រឿងស្រវឹង និងមានការប្រុងប្រយ័ត្នខ្ពស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែន នៅថ្ងៃនេះ បានណែនាំឱ្យពលរដ្ឋទាំងឡាយចូលរួមធ្វើដំណើរទៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយសេវាដឹកជញ្ជូនឥតគិតថ្លៃរបស់រដ្ឋចាប់ពីថ្ងៃទី១២ដល់១៨ខែមេសា ដែលមានចំនួនរថយន្តចំនួន១២០គ្រឿង ដើម្បីកាត់បន្ថយចំណាយលើការធ្វើដំណើរ។

ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន នៅថ្ងៃនេះ បានចុះផ្សាយថា នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងចូលមកដល់ ហើយលោកក៏បានណែនាំឱ្យតៃកុងឬអ្នកបើកបរទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយបើកបរគោរពច្បាប់ កុំវ៉ាប្រជែង និងកុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរដើម្បីសុវត្ថិភាពទាំងអស់គ្នា។

កាលពីថ្ងៃទី៣ខែមេសា ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស ខេងបានចេញសេចក្តីអំពាវនាវចំនួន១១ចំណុច ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សេចក្តីណែនាំទាំងនោះ រួមមានត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ចមុនពេលធ្វើដំណើរ មិនត្រូវផ្ទុកអ្នកដំណើរឬទំនិញច្រើនពេកលើសពីច្បាប់កំណត់ដោយឡែករថយន្តដឹកអ្នកដំណើរឬដឹកកម្មករមិនត្រូវមានអ្នកជិះលើដំបូល និងមិនត្រូវតម្លើងថ្លៃក្នុងឱកាសនេះឡើយ។ ចំពោះអ្នកប្រើប្រាស់ទោចក្រយាន្តយន្តវិញ អ្នកដំណើរត្រូវពាក់ពួកការពារសុវត្ថិភាពជានិច្ច ហើយចំពោះរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ជានិច្ចរាល់ពេលធ្វើដំណើរ ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើងឬសញ្ញាចរាចរណ៍ ហើយប្រកាន់ស្តាំជាប្រចាំ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ ក៏បានណែនាំទៀតថា មិនត្រូវបើកបរលើសល្បឿនកំណត់ និងមិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងឬ ស្ថានភាពងងុយដេកឡើយ។ បន្ថែមពីនេះត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្ន ប្រកបដោយសីលធម៌យោគយល់គ្នា ព្រមទាំងហាមការ បាចទឹកលើអ្នកធ្វើដំណើរតាមដងផ្លូវជាដើម។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលធ្លាប់ អះអាងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងមួយឆ្នាំៗ បានធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ៣៥០លានដុល្លារសហរដ្ឋអាមេរិក។

របាយការណ៍របស់នាយកដ្ឋានចរាចរណ៍នៃក្រសួងមហាផ្ទៃឱ្យដឹងថា កាលពីឆ្នាំ ២០១៨ អំឡុងពេលចូលឆ្នាំខ្មែរ៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានចំនួន៥៥ករណី បណ្តាលឲ្យមនុស្សស្លាប់២៦នាក់ និងរបួសស្រាលនិងធ្ងន់ចំនួន៨១នាក់។ របាយការណ៍ដដែល បញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិគ្នា ជែងគ្នា បើកបរក្នុងភាពស្រវឹង មិនប្រកាន់ស្តាំ និងបើកបរទាំងងងុយដេកជាដើម។

ក្រុមអ្នកឃ្លាំមើលនិយាយថា អត្រាគ្រោះថ្នាក់ចរាចរនៅកម្ពុជាមានចំនួនច្រើនដូច្នេះ ដោយសារតែការអនុវត្តច្បាប់ចរាចរណ៍មានភាពធូររលុង និងការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស