ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានណែនាំឱ្យមន្ត្រីឧទ្យានុរក្សនៅខេត្តកំពង់ធំ បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងពេលចុះល្បាតព្រៃ

By ឌឹ ខេមបូឌា ដេលី

April 16, 2019

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានណែនាំទៅមន្ត្រីឧទ្យានុរក្សនៅខេត្តកំពង់ធំឱ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងពេលចុះល្បាតព្រៃ និង ត្រូវខិតខំបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរបន្ថែមទៀត។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានទូទាំងខេត្តកំពង់ធំ ប្រចាំត្រីមាសទី១នៅថ្ងៃនេះដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានលើកឡើងថា រដ្ឋលេខាធិការក្រសួងជំនាញនេះ លោកសៅ សុភាពបានស្នើឱ្យមន្ត្រីរបស់ខ្លួនបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការងារល្បាតព្រៃ នៅក្នុងតំបន់ភូមិសាស្ត្ររបស់ខ្លួន។

ការណែនាំឱ្យមន្ត្រីបរិស្ថានខេត្តកំពង់ធំប្រុងប្រយ័ត្នពេលនេះធ្វើឡើង ក្រោយមានហេតុការណ៍កាប់ទៅលើមន្ត្រីឧទ្យានុរក្សម្នាក់ឈ្មោះចក់ សុជាតិដែលប្រចាំការនៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន នៅឃុំក្រយា ស្រុកសន្ទុក កាលពីខែមីនា ខណៈក្រុមមន្ត្រីខ្លួនចំនួន៥នាក់នាំគ្នាចុះល្បាតព្រៃហើយបានរងរបួសធ្ងន់ធ្ងរ។

សមត្ថកិច្ចនៅមិនទាន់រកមុខជនល្មើសឃើញនៅឡើយ។ នេះជាករណីទី២ហើយសម្រាប់ដើមឆ្នាំ២០១៩ដែលជនល្មើសវាយប្រហារទៅមន្ត្រីឧទ្យានុរក្ស បន្ទាប់ពីករណីទី១បានកើតឡើងកាលពីចុងខែមករាដោយកាលណោះមន្ត្រីឧទ្យានម្នាក់ឈ្មោះចេង ចាន់ធីត្រូវបានក្រុមព្រានព្រៃប្រដាប់ដោយកាំភ្លើងបាញ់ឱ្យរងរបួសចំភ្លៅ អំឡុងពេលចុះបង្ក្រាបបទល្មើសសត្វព្រៃក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី៕