28.4 C
Phnom Penh

លោក​ហ៊ុន សែន​ឲ្យ​សមត្ថ​កិច្ច​រក្សា​សន្តិសុខ​ពេល​ចូលឆ្នាំ​ ខណៈ​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​នៅថ្ងៃ​នេះ​បាន​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹកនាំ​គ្រប់​ខេត្ដ​ក្រុង​ទាំងអស់​ ដែល​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​សង្ក្រាន្ដ​ឆ្នាំ​ថ្មី​ ដើម្បី​បង្ក​លក្ខណៈ​សប្បាយ​រីករាយ​ដល់​ពលរដ្ឋ។​

មេដឹក​នាំ​បក្ស​កាន់​អំណាច​ដែល​កំពុង​ឃុំខ្លួន​មេ​ដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដែល​បាន​ណែនាំ​ឲ្យ​សមត្ថ​កិច្ច​ទាំងអស់​ត្រូវ​ពង្រឹង​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​ឲ្យ​បាន​ល្អ​ ដើម្បី​ធានា​សុវត្ថិ​ភាព​គ្រប់​ទី​កន្លែង​ទាំងអស់​ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ។​

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ឆ្នាំ​នេះ​ហាក់​មាន​ភាព​សោះ​កក្រោះ​ ខណៈ​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ ​ហើយ​ចំណែក​ក្រុម​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ជា​ច្រើន​រូប​ទៀត​កំពុង​រស់​នៅ​ភៀស​ខ្លួន​​ក្រៅ​ប្រទេស ​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្មេញ​របស់​រដ្ឋាភិបាល​​ក្រុង​ភ្នំពេញ។​

ចំណែក​លោក​សម​រង្ស៊ី ​ប្រធាន​ស្តីទី ​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ម្សិលមិញ​បាន​ថ្លែង​សារ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ខ្មែរ​ ឆ្នាំ​កុរ​​ នេះ​ ប្រទេស​កម្ពុជា​​ត្រូវតែ​ទទួល​បាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន។​

រី​ឯ​លោក​កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​បួង​សួង​សុំ​ឱ្យ​ទេវតា​ឆ្នាំ​ថ្មី​សម្អាត​ចិត្ត​មនុស្ស​ពិសេស​អ្នក​នយោបាយ​ឱ្យ​ឈប់​ជេរ​ប្រមាថ​គំរាម​កំហែង​ និង​មួល​បង្កាច់​​គ្នា ​ហើយ​ឱ្យ​ខ្មែរ​រួមរស់​ជាមួយ​គ្នា​ឱ្យ​បាន​សុខ​សាន្ត ​និង​សម្អាត​ចិត្ត​មនុស្ស។​

លោក​កឹម សុខា​បាន​សរសេរ​ថា ​សូម​ឲ្យ​កំចាត់​ចេញ​ពី​កាយ​វាចា​និង​ចិត្ត​របស់​មនុស្ស ​ជា​ពិសេស​អ្នក​នយោបាយ​ខ្មែរ​ នូវ​អកុសល​ធម៌​ទាំង​ឡាយ​​លោភៈ ទោសៈ​ មោហៈ​​ដូច​ជា​ការ​លោភ​លន់​គ្មាន​ព្រំដែន​ ការ​រំលោភ​បំពាន​ ការ​គំរាម​កំហែង ​អំពើ​ហិង្សា ​ការ​មួល​បង្កាច់​ចោទ​ប្រកាន់​ ការ​លាប​ពណ៌ ​ការ​ជេរ​ប្រមាថ​ ការ​គំកួន​សង​សឹក​គ្នា ​ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ការ​បែកបាក់​ក្នុង​សង្គម​ជាតិ​ និង​នាំ​ឲ្យ​អាប់​ឱន​នូវ​តម្លៃ​ពូជ​សាសន៍​ តម្លៃ​នៃ​អ្នក​ដឹកនាំ​ ជាពិសេស​កិត្យានុ​ភាព​ជាតិ។ ​ជាង​នេះ​ទៅ​ទៀត ​លោក​កឹម សុខា​ក៏​បាន​បួង​សួង​ឱ្យ​ឆ្នាំ​នេះ​ក្លាយ​ជា​ឆ្នាំ​សិរីសួស្តី ​ដែល​ខ្មែរ​ទាំង​អស់​គ្នា​ងាក​មក​រក​ដំណោះ​ស្រាយ​រួម​គ្នា​វិញ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស