27 C
Phnom Penh

អ្នកវិភាគ​បន្ទោស​ការ​ស្លាប់​ពលរដ្ឋ​ក្នុង​របប​ខ្មែរក្រហម​ដោយសារ​ឥទ្ធិពល​ទ្រឹស្ដី​កុម្មុយនីស្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

១៧ មេសា ២០១៩ គឺជា​ខួប​គម្រប់ ៤៤​ឆ្នាំ ដែល​ក្រុម​ខ្មែរក្រហម​បាន​វាយ​យក​ក្រុង​ភ្នំពេញ ហើយ​ក៏​ជា​ថ្ងៃ​ប្រកាស​ឡើង​កាន់​អំណាច​ដឹកនាំ​ដោយ សាឡុត ស ហៅ ប៉ុល ពត។

ថ្ងៃ​ទី​១៧ មេសា ១៩៧៥ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​ខ្មែរ​ប្រុស​ស្រី​ដែល​មាន​អាយុ​លើស​ពី ៤០​ឆ្នាំ​ឡើង នៅ​ចងចាំ​ថា​ជា​ថ្ងៃ​ឈាន​ទៅ​រក​សោកនាដកម្ម​ដ៏​អាក្រក់​សម្រាប់​ពួកគេ។

ក្រោយ​វាយ​យក​ក្រុង​ភ្នំពេញ​ដោយ​មាន​ជំនួយ​ពី​កងទ័ព​វៀតណាម​រាប់​ម៉ឺន​នាក់ ក្រុម​ខ្មែរក្រហម​ក៏​បាន​ចាប់ផ្តើម​អនុវត្ត​ផែនការ​ទី​មួយ​របស់​ខ្លួន គឺ​ជម្លៀស​ប្រជាជន​ដែល​រស់នៅ​ក្នុង​ទីក្រុង ឬ​ទីប្រជុំជន ឆ្ពោះ​ទៅកាន់​ទី​ជនបទ​ក្រោម​កម្ដៅ​ថ្ងៃ​នា​រដូវប្រាំង។ ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ​នា​ពេល​នោះ បាន​ធ្វើ​ឱ្យ​មាន​សោកនាដកម្ម​ជាច្រើន​ករណី​កើតឡើង ពិសេស​ក្មេង​តូចៗ ចាស់ជរា ស្ត្រី​មាន​ផ្ទៃពោះ ជន​ពិការ ជាដើម ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត​នា​ពេល​នោះ​ផង​ដែរ។

សាឡុត ស ហៅ ប៉ុល ពត ឬ​បង​ធំ​ទី​១ ធ្លាប់​ផ្តល់​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​យូហ្គោស្លាវី កាលពី​ឆ្នាំ​១៩៧៨ បាន​លើកឡើង​ពី​មូលហេតុ​នៃ​ការ​ជម្លៀស​ពលរដ្ឋ​ចេញពី​ទីក្រុង ឬ​ទីប្រជុំជន ដោយសារ​របប​ថ្មី​មិន​អាច​មាន​ស្បៀង​គ្រប់គ្រាន់​សម្រាប់​ទំនុក​បម្រុង​ពលរដ្ឋ​ទាំងនោះ​បាន ដោយ​ប្រភព​ស្បៀង​គឺ​មាន​តែ​នៅ​ទី​ជនបទ បញ្ហា​ទម្លាក់​គ្រាប់បែក និង​បញ្ហា​មួយ​ចំនួន​ទៀត។

យ៉ាង​ណា​ក្តី របប​នេះ​អាច​ដឹកនាំ​បាន​រយៈពេល ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ ដោយ​បន្សល់​ទុក​នូវ​បញ្ហា និង​ការ​ឈឺចាប់​ជាច្រើន ពិសេស​ការ​បាត់បង់​ជីវិត​មនុស្ស​ជិត ២​លាន​នាក់ ដែល​បាន​ស្លាប់​អំឡុង​ពេល​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​នេះ ហើយ​ក៏​ដួល​រលំ​ទៅវិញ​ក្រោយ​ពេល​វៀតណាម​ដឹកនាំ​កងទ័ព​រាប់​ម៉ឺន​នាក់​អម​ដោយ​អតីត​កម្មាភិបាល​ខ្មែរក្រហម​មួយ​ចំនួន ដែល​គេច​ខ្លួន​ទៅ​ប្រទេស​វៀតណាម បាន​វាយ​របប​នេះ និង​វាយ​ចូល​គ្រប់គ្រង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៧ មករា ១៩៧៩ ប៉ុន្តែ​កម្លាំង​ខ្មែរក្រហម​នៅតែ​បន្ត​តស៊ូ​នៅ​តាម​ព្រំដែន​ថៃ រហូត​ដល់​កម្លាំង​នេះ​ត្រូវ​បញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ​១៩៩៨ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​បញ្ចប់​ជម្លោះ​ខ្មែរ​ទាំង ៤​ភាគី កាលពី​ឆ្នាំ​១៩៩១។

អ្នកវិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ខ្មែរ​ស្លាប់ និង​ខ្ទេចខ្ទាំ​ដោយសារ​លទ្ធិ​កុម្មុយនីស្ត​របស់​កាល់ម៉ាក (Karl Marx) ឡេនីន (Lenin) ម៉ៅ សេទុង (Mao Tse Tung) និង​ហូជីមិញ និង​ដោយសារ​មហិច្ឆតា​ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​កុម្មុយនីស្ត។

បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ប៉ុល ពត និង​ខ្មែរក្រហម​ឯ​ទៀត​គ្រាន់តែ​ជា​អ្នក​ដៃដល់​កាប់​សម្លាប់​ខ្មែរ និង​កម្ទេច​សង្គម​ខ្មែរ​ដើម្បី​បម្រើ​មហិច្ឆតា និង​អំណាច​របស់​ខ្លួន និង​អនុវត្ត​មនោគមវិជ្ជា​កុម្មុយនីស្ត​កសាង​សង្គម​ថ្មីសន្លាង​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​ទៅតាម​គំនិត និង​យុទ្ធសាស្ត្រ​របស់​ក្រុម​មេ​គំនិត​ទាំង​បួន​នាក់​នោះ តាំងពី​ការ​ច្បាំង​យក​អំណាច​រហូត​ដល់​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​សង្គម​ថ្មី​នោះ។

លោក​បន្ត​ថា សង្គម​ថ្មី​កុម្មុយនីស្ត​ជា​សង្គម​សមូហភាព គ្មាន​កម្មសិទ្ធិ​ឯកជន​ទាល់តែសោះ គ្មាន​លុយ គ្មាន​ទីផ្សារ គ្មាន​សាសនា គ្មាន​សីលធម៌ គ្មាន​ច្បាប់ គ្មាន​តុលាការ និង​គ្មាន​សិទ្ធិ​សេរីភាព ហើយ​មនុស្ស​ទាំងអស់​ត្រូវ​ស្មើ​គ្នា ធ្វើការ​ទាំងអស់ ទទួល​ផល​ស្មើ​គ្នា រស់នៅ​ដូច​គ្នា និង​ទទួលទាន​អាហារ​រួម​គ្នា។

អ្នកវិភាគ​នយោបាយ​ជើងចាស់​រូប​នេះ​អះអាង​ថា កុម្មុយនីស្ត​បាន​ចែក​មនុស្ស​ជា​ក្រុមៗ មាន​ទិសដៅ​ដាច់ៗ​គ្នា ហើយ​អង្គការ ឬ​បក្ស​នោះ​ជា​អ្នក​ចាត់ចែង​ផលិតផល​ដែល​ក្រុមៗ​ទាំងនោះ​បាន​បង្កើត និង​រក​បាន។

សង្គម​ថ្មី​នោះ គឺ​គ្រប់គ្រង​ដោយ​របប​សមូហភាព​ឈរ​លើ​មូលដ្ឋាន​អំណាច​ផ្ដាច់ការ​របស់​វណ្ណៈ​អធន ដែល​ត្រូវ​ធ្វើ​ឲ្យ​សម្រេច​នូវ​សង្គម​ថ្មី និង​កសាង​មនុស្ស​ថ្មី​សម្រាប់​សង្គម​ថ្មី​នោះ​បាន​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត ដោយ​ប្រើ​កម្លាំង​ញើស​ឈាម​របស់​ប្រជាជន​ខ្លួនឯង មិន​សំចៃ​ជីវិត​មនុស្ស​ឡើយ មិន​ពឹង​ផ្អែក​លើ​ជំនួយ​ពី​អ្នក​ណា​ទាំងអស់ ដើម្បី​ការពារ​អធិបតេយ្យភាព និង​ឯករាជភាព​របស់​ប្រទេស។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ក្នុង​ការ​ច្បាំង​យក​អំណាច ពួក​ខ្មែរក្រហម​អនុវត្ត​យុទ្ធសាស្ត្រ​រណសិរ្ស​បង្រួបបង្រួម ឬ​ហៅថា United Front របស់​ឡេនីន ដែល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​បដិវត្តន៍​ឆ្នាំ​១៩១៧ នៅ​ប្រទេស​រុស្ស៊ី។ រណសិរ្ស​បង្រួបបង្រួម​នេះ អនុវត្ត​ថ្នាក់​អន្តរជាតិ​ផង និង​ថ្នាក់​ជាតិ​ផង។ លោក​បន្ត​ថា ដូច​ពួក​កុម្មុយនីស្ត​ឯ​ទៀត​ដែរ ពួក​ខ្មែរក្រហម​បាន​អនុវត្ត​ទ្រឹស្ដី និង​យុទ្ធសាស្ត្រ ម៉ៅ សេទុង គឺ​អំណាច​បាន​មកពី​ចុង​កាំភ្លើង និង​យក​ជនបទ​ហ៊ុមព័ទ្ធ​ក្រុង ព្រមទាំង​គំនិត​កសាង​ជាតិ​ដោយ​ខ្លួនឯង មិន​ពឹង​ផ្អែក​លើ​ប្រទេស​ឯទៀត។

បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ដោយសារ​មហិច្ឆតា និង​មនោគមវិជ្ជា​កុម្មុយនីស្ត​នេះ​ហើយ​បាន​ជា​ប្រទេស​កុម្មុយនីស្ត​មិន​ដែល​ប្រឆាំង​នឹង​អំពើ​ឃោរឃៅ​រំលោភ​សិទ្ធិមនុស្ស​របស់​ខ្មែរក្រហម​ទាល់តែសោះ គឺ​មាន​តែ​ចេញ​មុខ​ការពារ​របប​ខ្មែរក្រហម​ទៅវិញ នៅ​ពេល​ដែល​ប្រទេស​លោក​សេរី​ខ្លះ និង​អង្គការ​អន្តរជាតិ លើកឡើង​នូវ​អំពើ​ឃោរឃៅ​យង់ឃ្នង​របស់​ក្រុម​ខ្មែរក្រហម​នៅ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ខែ​មីនា និង​ខែ​កញ្ញា ឆ្នាំ​១៩៧៨៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស