ក្រោយពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមិនបានប៉ុន្មានផង ទំនាស់ដីធ្លីក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមឡើងទៀតហើយ។ យ៉ាងហោចណាស់មានពលរដ្ឋប្រមាណ១០០នាក់ក្នុងចំណោមពលរដ្ឋជាង៣០០គ្រួសារក្នុងឃុំបិតត្រាំងស្រុកព្រៃនប់ នៅព្រឹកថ្ងៃនេះបាននាំគ្នាយកដើមឈើមកបាំងបិទផ្លូវជាតិលេខ៤នៅចំណុចភូមិចំណោតរាម ដើម្បីប្រឆាំងនឹងការអនុវត្តសាលដីការបស់តុលាការ។
របាយការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុបានឱ្យដឹងថា ក្រុមពលរដ្ឋយកគល់ឈើនិងកំណាត់ឈើមកដាក់របាំងបិទផ្លូវនេះ ដោយសារពលរដ្ឋទាំងនោះបានប្រឆាំងទៅនឹងការចុះអនុវត្តសាលដីការបស់តុលាការទៅលើលោកជុំ សាវុធ ខណៈមន្ត្រីតុលាការ និងកម្លាំងចម្រុះ សម្រេចរុះរើរោងស្នាក់នៅលើដីជម្លោះរបស់ពលរដ្ឋចោល។
អាជ្ញាធរឱ្យដឹងថា រហូតដល់ម៉ោងជិត៩ព្រឹក កម្លាំងនគរបាលបានរៀបចំបំបែកនិងសម្រួលសណ្តាប់ធ្នាប់ឲ្យធ្វើចរាចរណ៍ធម្មតាវិញ ហើយក្រុមពលរដ្ឋដែលនាំគ្នាតវ៉ាបិទផ្លូវទាំងនោះក៏បានបែកខ្ញែកគ្នាទៅវិញផងដែរ ដោយមិនមានការចាប់ខ្លួនអ្នកស្រុកណាម្នាក់ឡើយ។
បញ្ហាវិវាទដីធ្លីនៅខេត្តព្រះសីហនុកើតមានកាន់តែច្រើនឡើង ក្រោយពេលតម្លៃដីនៅតំបន់ឆ្នេរមួយនេះកាន់តែមានតម្លៃខ្ពស់ទ្វេរដងនាពេលបច្ចុប្បន្ន។ វិវាទដីធ្លីខ្លះបានឈានដល់ការចាប់ចងពលរដ្ឋជាច្រើននាក់ និងការបង្ក្រាបដោយហិង្សាពីសំណាក់សមត្ថកិច្ចទៅលើពលរដ្ឋទៀតផង។
រដ្ឋបាលខេត្តព្រះសីហនុ កាលពីពាក់កណ្ដាលខែមីនាបានចេញសេចក្តីប្រកាសមួយដោយព្រមានទៅលើពលរដ្ឋដែលបានទៅទន្ទ្រានយកដីកម្មសិទ្ធិរបស់អ្នកដទៃ និងដីរដ្ឋស្ថិតក្នុងភូមិគគីរ ឃុំបិទត្រាំង ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយអាជ្ញាធរព្រមានថានឹងមានវិធានការផ្លូវច្បាប់ទៅលើមេខ្យល់ដែលនៅពីក្រោយ និងបង្កបញ្ហាឲ្យពលរដ្ឋធ្វើសកម្មភាពបែបនេះផងដែរ៕