កម្ពុជានៅតែបន្តធ្លាក់ចុះពិន្ទុនៃសេរីភាពសារព័ត៌មាន ក្រោយពីមានការវាយតម្លៃថា សេរីភាពផ្នែកសារព័ត៌មាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នេះនៅតែស្ថិតក្នុងស្ថានភាពអាក្រក់ជាងមុនទៅទៀត។
របាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ ដែលចេញផ្សាយដោយ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនRSF នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យពិន្ទុកម្ពុជាលេខ៤៥,៩០ និងបានដាក់ចំណាត់ថ្នាក់ឲ្យកម្ពុជាជាប់លេខរៀងទី១៤៣ ក្នុងចំណោមប្រទេស១៨០លើពិភពលោក។
អង្គការដែលមានមូលដ្ឋាននៅប្រទេសបារាំងមួយនេះបានឱ្យដឹងថាពិន្ទុនេះ ធ្វើឲ្យកម្ពុជាធ្លាក់ចុះ៣,៩ ពិន្ទុ បើប្រៀបធៀបនឹងឆ្នាំ២០១៨ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៤២។ ដោយឡែក កាលពីឆ្នាំ២០១៧ អង្គការអន្តរជាតិមួយនេះ បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប់លេខរៀងទី១៣២ក្នុងចំណោមប្រទេស១៨០។
ការទទួលបានចំណាត់ថ្នាក់ធ្លាក់ចុះពេលនេះ បង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះទៅរកភាពកាន់តែអាក្រក់៣ឆ្នាំជាប់ៗគ្នា។
ក្រោយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧រដ្ឋាភិបាលចាប់ផ្តើមធ្វើទុក្ខបុកម្នេញស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួនជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីកាសែតThe Cambodia Dailyដែលត្រូវបង្ខំចិត្តបិទការិយាល័យផ្សាយរបស់ខ្លួននៅភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា២០១៧ ក្រោមហេតុផលមិនបានបង់ពន្ធរយៈពេល១០ឆ្នាំ ដែលមានទឹកប្រាក់៦លាន៣សែនដុល្លារសហរដ្ឋអាមេរិក។
ក្រោយគ្នាបន្តិចស្ថានីយ៍ផ្សាយបន្តព័ត៌មានវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក VOAវិទ្យុសំឡេងប្រជាធិបតេយ្យVODនិងវិទ្យុផ្សេងៗជាច្រើនទៀត ត្រូវបានបិទក្រោមហេតុផលមិនគោរពតាមកិច្ចព្រមព្រៀងជាមួយក្រសួងព័ត៌មាន។
របាយការណ៍ដដែលលើកឡើងថា ការបំបាត់សំឡេងឯករាជ្យជាបន្តបន្ទាប់ធ្វើឱ្យពលរដ្ឋកម្ពុជាទទួលបានតែព័ត៌មានដែលផ្សព្វផ្សាយដោយរោងចក្រផលិតព័ត៌មានរបស់ក្រុមលោកហ៊ុន សែន ដូចជា Fresh Newsជាដើម។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចសុំប្រតិកម្មពីលោកផៃស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា និងលោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទេ ដោយសារទូរស័ព្ទពួកគេរោទ៍តែមុនទទួល។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានរកឃើញថា បណ្តាប្រទេសកុម្មុយនីស្តចំនួន៣នៅទ្វីបអាស៊ី ដែលជាប់ចំណាត់ថ្នាក់អាក្រក់បំផុតផ្នែកសេរីភាពសារព័ត៌មាន រួមមានប្រទេសកូរ៉េខាងជើងជាប់ចំណាត់ថ្នាក់លេខ១៧៩លើ១៨០ប្រទេស។ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១៧៧ហើយប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ១៧៦។
រីឯប្រទេសបី ដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេក្នុងពិភពលោកគឺប្រទេសន័រវ៉ែស (Norway)ជាប់លេខ១ប្រទេសហ្វាំងឡង់ (Finland) ជាប់ចំណាត់ថ្នាក់លេខ២ ហើយប្រទេសស៊ុយអែត(Sweden)ជាប់ចំណាត់ថ្នាក់លេខ៣៕