នយោបាយ

លោក​ហ៊ុន សែន​ឌឺដង​លោក​សម រង្ស៊ី​ដែល​ណែនាំ​ឱ្យ​លោក​ ស ខេង​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​លោក​

By ឌឹ ខេមបូឌា ដេលី

April 23, 2019

មេ​ដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​លោក​ហ៊ុន សែន​អះអាង​ថា​ បច្ចុប្បន្ន​គ្មាន​គណបក្ស​ណា​មួយ​អាច​មាន​លទ្ធភាព​រក្សា​សន្តិភាព​ និង​ដឹក​នាំ​ប្រទេស​គ្មាន​សង្គ្រាម​ដូច​គណបក្ស​របស់​លោក​ឡើយ។​ ​

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់ ​និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៥​ពីខេត្ត​បន្ទាយ​មានជ័យ​នៅ​ថ្ងៃ​នេះ ​លោក​ហ៊ុន សែន​បាន​និយាយ​បែប​ចំអក​ទៅដៃ​គូ​នយោបាយ​ចាស់​របស់​លោក​គឺ​លោក​សម រង្ស៊ី​ថា​ ជា​មេ​ដឹកនាំ​បក្ស​ដែល​មិន​ទាន់​បាន​ដឹកនាំ​ប្រទេស​ផង​ ប៉ុន្តែ​តែង​ប្រាប់​ឱ្យ​ពលរដ្ឋ​ធ្វើ​រដ្ឋ​ប្រហារ​រួច​ទៅ​ហើយ​ ដោយ​ថា​ ទង្វើ​បែប​នេះ​នឹង​មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​បាន​សុខ​ឡើយ។​

លើស​ពី​នេះ​ទៅ​ទៀត​ មេ​ដឹកនាំ​ដែល​ក្រាញ​អំណាច​ជាង​៣០​ឆ្នាំ​រូប​នេះ​ ក៏បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​មិន​ឱ្យ​ឆ្លើយ​ មិន​ឆ្លង​នឹង​លោក​សម រង្ស៊ី​ជា​ពិសេស ​ការ​អំពាវ​នាវ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ដែល​បាន​ណែនាំ​ឱ្យ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ស ខេង​ផ្តួល​រំលំ​លោក​ពី​តំណែង។​

លោក​បន្ត​ទាំង​សំឡេង​ញ័រ​ថា ​លោក​ស ខេង​មិន​មែន​ល្ងង់​ដល់​ថ្នាក់​ធ្វើ​រដ្ឋ​ប្រហារ​ និង​បក្ស​ប្រហារ​ទម្លាក់​លោក​ចេញ​ពី​តំណែង​ ហើយ​យក​អំណាច​ឱ្យ​មេ​បក្ស​ប្រឆាំង​នោះ​ឡើយ​ ហើយ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ណា​មួយ​ នឹង​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ភ្លើង​សង្គ្រាម​តែ​ម្តង។​

កាលពី​ថ្ងៃទី​១​​ខែ​មេសា​ ​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​សម រង្ស៊ី​បាន​បង្ហោះ​វីដេអូ​ខ្លីប​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​អម​ដោយ​សំណេរ​ចោទ​ជា​សំណួរ​ថា ​តើ​រវាង​គូ​ប្រកួត ​ លោក​ហ៊ុន សែន​និង​លោក​ស ខេង​នរណា​ហ៊ាន​វ៉ៃ​មុន?​

លោក​សម រង្ស៊ី​ថា ​សម្រាប់​បក្ស​សង្រ្គោះ​ជាតិ​គឺ​ គាំទ្រ​លោក​ស ខេង​ ពេញ​ទំហឹង​ដើម្បី​កម្ចាត់​លោក​ហ៊ុន សែន​ដោយ​ថា​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​ច្រើន​មិន​សប្បាយ​ចិត្ត​នឹង​ត្រកូល​ហ៊ុន ដែល​បាន​ក្តោប​ក្តាប់​ជំនួញ​ក្នុង​ដៃ​យ៉ាង​ច្រើន​ ជា​ពិសេស​ការ​ធ្វើ​ឱ្យ​រាស្ត្រ​ទឹកភ្នែក​ ហើយ​ពួក​គេ​រង់​ចាំតែ​ឱកាស​មក​ដល់​ប៉ុណ្ណោះ។ ​​លោក​បាន​ប្រាប់​ក្រុម​លោក​ស ខេង​ឱ្យ​ផ្តួល​រំលំ​ឬ​វ៉ៃមុន ​ដោយ​ថា ​បើ​ចាំ​លោក​ហ៊ុន សែន​វ៉ៃ​ប្រហារ​មុន​នឹង​មិន​ងាយ​ស្រួល​នោះ​ឡើយ។​ ​

កាលពី​ថ្ងៃ​ទី​២០​មេសា​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​ព្រះវិហារ​ និង​ឆ្លង​សមិទ្ធ​ផល​នានា ​នៅ​វត្ត​មួយ​ក្នុង​ខេត្ត​ព្រៃវែង​​លោក​ស ខេង​បាន​ទទួល​ស្គាល់​ថា ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ហ៊ុន សែន​បច្ចុប្បន្ន​ពិត​មាន​កំហុស​ខ្លះ​ប្រាកដ​មែន​ ប៉ុន្តែ​លោក​ថា​ កំហុស​ទាំង​នេះ​អាច​កែ​សម្រួល​បាន​ មិន​មែន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ត្រូវ​ការ​ឱ្យ​ផ្តួល​រំលំ​ទេ​ ហើយ​កំហុស​ទាំង​នោះ​ក៏​មិន​ធ្ងន់​ធ្ងរ​ដូច​របប​ខ្មែរ​ក្រហម​នោះ​ដែរ។​

ទោះជាយ៉ាង​ណាក៏​ដោយ​ សហគមន៍​អន្តរជាតិ​ ដែល​មាន​សហ​ភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​នាំ​មុខ​នោះ​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​វិល​ទៅ​ដំណោះ​ស្រាយ​រួម​មួយ​ ដោយ​ឈរ​លើ​គោល​ការណ៍​គោរព​សិទ្ធិ​មនុស្ស​ ស្តារ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ ដើម្បី​បញ្ចៀស​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​ផ្សេងៗ​ ដែល​នឹង​នាំ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សង្គម​ធ្ងន់​ធ្ងរ៕​