ក្រសួងមហាផ្ទៃ បានដាស់តឿនដល់មន្ត្រីព្រំដែនទាំងអស់ ឲ្យពង្រឹងការត្រួតពិនិត្យបន្ថែមទៀត ជាពិសេសចាត់វិធានការឱ្យបានម៉ឹងម៉ាត់ទៅលើបទល្មើសគ្រឿងញៀននិងការលាងលុយទុច្ចរិត ព្រមទាំងឧក្រិដ្ឋកម្មឆ្លងដែននានា ដូចជាការជួញដូរមនុស្ស ជួញដូរអាវុធខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យាផងដែរ។
សេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃនៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេងបានណែនាំដល់កងកម្លាំងនគរបាលជាតិឲ្យបង្កើនការទទួលខុសត្រូវ និងចាត់វិធានការឲ្យមានប្រសិទ្ធភាពទៅលើបទល្មើសឆ្លងដែនគ្រប់ប្រភេទដើម្បីទប់ស្កាត់នូវហានិភ័យដែលបង្កអសន្តិសុខ ភាពវឹកវរ ចលាចល និងមហន្តរាយធ្ងន់ធ្ងរចំពោះសង្គមតាមគ្រប់រូបភាព។
ការណែនាំនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលទទួលបានព័ត៌មានអំពីការប៉ុនប៉ងលួចធ្វើសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន នៅភូមិសាស្ត្រមួយចំនួនដែលមានការធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្នជាដើម។
សេចក្ដីណែនាំដដែលនេះឲ្យដឹងទៀតថា ចំពោះបទល្មើសជួញដូរគ្រឿងញៀន និងលាង លុយ។lក្រសួងមហាផ្ទៃជំរុញឲ្យមានការស្រាវជ្រាវនិងបង្ក្រាបឲ្យបានម៉ឺងម៉ាត់នៅតាមច្រកព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេរភាគី កំពង់ផែសមុទ្រ និងតាមខ្សែបន្ទាត់ព្រំដែន ដោយតម្រូវឲ្យរាយការណ៍សុំគោលការណ៍ពីក្រសួងដោយផ្ទាល់។
របាយការណ៍៩ខែឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា ការជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែនប្រទេសកម្ពុជាទៅកាន់ទីផ្សារគ្រឿងញៀនក្នុងតំបន់ និងអន្តរជាតិនៅតែបន្តកើតមាន ដែលតម្រូវឲ្យមន្ត្រីកម្ពុជាពង្រឹងការសហការជាមួយមន្ត្រីប្រទេសជិតខាងជាប់ព្រំដែនដើម្បីធ្វើការងារទាំងនេះឱ្យមានប្រសិទ្ធភាព។
យ៉ាងនេះក្តីសេចក្តីណែនាំរបស់រដ្ឋាភិបាលមិនបាននិយាយដល់បទល្មើសរត់ពន្ធឈើចេញទៅប្រទេសជិតខាង ពិសេសចេញទៅប្រទេសវៀតណាម ដែលប្រជាសហគមន៍តែងរាយការណ៍ថាសកម្មភាពរត់ពន្ធឈើចេញទៅប្រទេសវៀតណាមនៅកើតឡើងរៀងរាល់យប់។ ពលរដ្ឋនៅតាមព្រំដែន មើលឃើញថា ឧក្រិដ្ឋកម្មឆ្លងដែនមួយនេះនៅតែកើតមានដែលធ្វើឱ្យពួកគេយល់ថា ការបង្កើតគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់រដ្ឋាភិបាលលោកហ៊ុន សែនបំពេញការងារមិនទាន់មានប្រសិទ្ធភាពទាំងស្រុងនៅឡើយ៕