34 C
Phnom Penh

ក្រសួង​មហា​ផ្ទៃ​អនុញ្ញាត​ឱ្យ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ដ្រី​ក្រសួង​មហា​ផ្ទៃ ​លោក​ស ខេង​អនុញ្ញាត​ឲ្យ​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទើប​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​លោក​ហ៊ុន សែន​មួយ​រូប​គឺ​លោក​រៀល ខេមរិន្ទ្រ​អាច​បង្កើត​គណបក្ស​ថ្មី​ជា​ផ្លូវការ។​

លិខិត​របស់​ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃ​នេះ​បាន​សម្រេច​ជាផ្លូវ​ការ​ ដោយ​អនុញ្ញាត​ឲ្យ​អតីត​អតីត​តំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ ខេត្ត​ស្វាយរៀង​ម្នាក់​គឺ​ លោក​រៀល ខេមរិន្រ្ទ​បង្កើត​គណបក្ស​ថ្មី​ ដោយ​គណបក្ស​ថ្មី​នោះ​មាន​ឈ្មោះ​ថាគណបក្ស​ខ្មែរ​អភិរក្ស​និយម។​

ក្រោយ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​លោក​ហ៊ុន សែន​ អតីត​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង​រូប​នេះ​ បាន​ស្នើ​ទៅ​ក្រសួង​មហា​ផ្ទៃ​បង្កើត​គណបក្ស​មួយ​ឈ្មោះ​គណបក្ស​ចក្រភព​ខ្មែរ​ ប៉ុន្តែ​គណបក្ស​នេះ​ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​ចេញ​លិខិត​មួយ​កាលពី​ចុង​ខែ​មីនា ​ដោយ​មិន​អនុញ្ញាត​ឱ្យ​បង្កើត​ឡើយ ​ក្រោម​ហេតុផល​ថា​ឈ្មោះ​គណបក្ស​នយោបាយ​មិន​ត្រូវ​មាន​ឈ្មោះ​ចក្រភព​ខ្មែរ​ទេ​ ព្រោះ​ជា​ឈ្មោះ​ដែល​ជាប់​រឿង​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា។​

អតីត​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្រ្គោះ​ជាតិ​លោក​រៀល ខេមរិន្ទ្រ ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អតីត​មន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​៩រូប ដែល​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​ហ៊ុន សែន​ហើយ​ពួកគេ​ទាំង​៩​រូប​ ក៏​ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើង​វិញ​តាម​ការ​ចង់​បាន​របស់​លោក​ហ៊ុន សែន​ហើយ​ដែរ។​

ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្ស៊ី​ធ្លាប់​បាន​លើក​ឡើង​ថា​ ​អតីត​មន្ត្រី​របស់​ខ្លួន​៩​រូប​ ក្នុង​ចំណោម​មន្ត្រី​ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ​ចំនួន​១១៨​រូប​ដែល​បាន​ព្រម​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ គឺ​ជា​ចំនួន​តិចតួច ​ហើយ​ចំនួន​នេះ​បង្ហាញ​ពី​ភាព​បរាជ័យ​របស់​លោក​ហ៊ុន សែន​ក្នុង​ការ​អូស​ទាញ​ពួកគេ​ឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ តាម​ការ​ចង់​បាន​របស់​ខ្លួន៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស