នយោបាយ

លោក​ហ៊ុន សែន​នឹង​ទៅ​ប្រទេស​ចិន​ដើម្បី​ចូលរួម​វេទិកា​ ផ្លូវ​ក្រវាត់​មួយ​ពាេណិជ្ជ​កម្ម​ចិន​

By ឌឹ ខេមបូឌា ដេលី

April 25, 2019

នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ទៅ​ប្រទេស​ចិន​ដោយ​ចេញ​ដំណើរ​ពី​កម្ពុជា​នៅថ្ងៃ​ស្អែក​ដើម្បី​ចូលរួម​វេទិកា​លើក​ទី២​អំពី​ផ្លូវ​ក្រវាត់​​និង​កិច្ច​ប្រជុំ​សំខាន់ៗ​មួយ​ចំនួន​ទៀត។ ​ការ​ទៅ​ចូល​រួម​នេះ​គឺ​តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ថា ​លោក​ហ៊ុន សែន​និង​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​នឹង​ចំណាយ​ពេល​៥​ថ្ងៃ​នៅ​ទីក្រុង​ប៉េកាំង​ចាប់​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៩​ខែ​មេសា​ ដើម្បី​ចូលរួម​វេទិកា​ផ្លូវ​ក្រវាត់​ឬ​ហៅថា​ វិថី​សូត្រ​ចិន​លើក​ទី​២​ ព្រម​ទាំង​កិច្ច​ប្រជុំ​ដទៃ​ទៀត។​​

ប្រភព​ដដែល​នេះ​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​២៦​​ខែ​មេសា ​លោក​ហ៊ុន សែន​នឹង​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ផ្លូវ​ក្រវាត់​ដែល​បង្កើត​ជោគ​វាសនា​រួម​ដ៏​ត្រចះ​ត្រចង់។​

ក្រសួង​ការ​បរទេស​បន្ថែម​ថា ​អំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​ចិន​  លោក​ហ៊ុន សែន​នឹង​មាន​ជំនួប​ទ្វេភាគី​ដាច់​ដោយ​ឡែក​ពី​គ្នាជា​មួយ​ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ នាយក​រដ្ឋមន្ត្រី​ចិន​លោក​លី ខឺឈាង​ ជួប​លោក​វ៉ាង ហ៊ុននីង ​សមាជិក​ការិយាល័យ​នយោបាយ​និង​ជា​លេខាធិការដ្ឋាន​បក្ស​កុម្មុយ​នីស្តចិន​ជា​ដើម។​

គម្រោង​ផ្លូវ​ក្រវាត់​នេះ​គឺមាន​ប្រទេស​ចំនួន​១២៦​ និង​អង្គការ​អន្តរ​ជាតិ​ចំនួន​២៩​ហើយ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិការ​ជា​មួយ​ចិន​ ដោយ​មាន ​ទំហំ​ពាណិជ្ជ​កម្ម​សរុប​រវាង​ចិន​និង​បណ្តា​ប្រទេស​ដែល​ចូល​រួម​លើស​ពី​៦​ទ្រីលាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ខណៈ​ទំហំ​នៃ​ការ​បោះ​ទុន​វិនិយោគ​វិញ​បាន​កើន​ហួស​ពី​ ៨០​ពាន់​លាន​ដុល្លារ។​ ​

កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​នៃ​គំនិត​ផ្តួច​ផ្តើម​ផ្លូវ​ក្រវាត់​នេះ​កាល​ពី​ឆ្នាំ​២០១៦។​ ​

យ៉ាង​នេះ​ក្តី ​សហ​រដ្ឋ​អាមេរិក​ កាលពី​ពេល​ថ្មីៗ​នេះ ​បាន​លើក​ឡើង​ថា​  គំនិត​ផ្តួចផ្តើម​ផ្លូវ​ក្រវាត់​(BRI)របស់​របប​ក្រុង​ប៉េកាំង​គឺ​ជា​អន្ទាក់​បំណុល​ប៉ុណ្ណោះ។​​

កាលពី​ថ្ងៃ​ទី​​១៩​​មេសា​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​លើក​ឡើង​នៅ​​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ​ប្រទេស​ចិន​គឺ​ជាដៃ​គូ​ពាណិជ្ជ​កម្ម​ធំ​ជាង​គេ​របស់​ប្រទេស​កម្ពុជា​តែ​ទំនាក់​ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន។​

អាមេរិក​ថា ​ប្រហែល​​៨៧%​នៃ​ទំនិញ​ដោះ​ដូរ​គ្នា​ គឺ​ជា​ទំនិញ​នាំចូល​មក​ពី​ប្រទេស​ចិន​ ដែល​មិន​ជួយ​ដល់​ការ​ធ្វើ​ឲ្យ​មាន​ការងារ ​ឬ​ជួយ​ដល់​ឧស្សាហ​កម្ម​ដូច​ទំនាក់​ទំនង​របស់​ប្រទេស​កម្ពុជា​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ ឬ​សហភាព​អឺរ៉ុប​នោះ​ទេ។​

ប្រភព​ដដែល​ថា​ នេះ​គ្រាន់​តែ​ជា​ផ្លូវ​មួយ​ទៀត​ដែល​ប្រទេស​កម្ពុជា​បាន​ងាក​ចេញ​ពី​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​ដែល​មាន​តុល្យភាព​និង​លក្ខណៈ​ចម្រុះ​ច្រើន​ទៅ​រក​យុទ្ធ​សាស្រ្ត​សេដ្ឋកិច្ច​ដែល​មាន​ការ​ពឹង​ផ្អែក​ច្រើន​ទៅ​លើ​ប្រទេស​ចិន៕​