31 C
Phnom Penh

សមយុទ្ធ​ហនុមាន​មាស​ឆ្នាំ២០១៩​បាញ់​គ្រាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៨​ ខែ​ឧសភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កង​យោធពល​ខេមរ​ភូមិន្ទ​នឹង​រៀបចំ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​«ហនុមាន​មាស​ឆ្នាំ​២០១៩​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេជោសែន​ជុំគិរី​ ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង​ ឃុំ​ត្រពាំង​វែង​ ស្រុក​ជុំគិរី​ ខេត្ត​កំពត​ រយៈ​ពេល​៦​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៨​​ខែ​ឧសភា​ឆ្នាំ​២០១៩។​

អាវុធ​យុទ្ធភណ្ឌ​ដែល​នឹង​ប្រើ​ប្រាស់​ក្នុង​សមយុទ្ធ​នេះ​មាន​ដូច​ជា​ កាំ​ភ្លើង​ធំ​១៥២​មម ​និង​១២២​មម​ កាំភ្លើង​២៣​មម ​កាំភ្លើង​៣៧​មម​ កាំភ្លើង​ BM21 ​RM70 ​រថក្រោះ​រថពាស​ដែក ​រថយន្ត​ពេទ្យ ​រថយន្ត​ពន្លត់​អគ្គិភ័យ​ រថយន្ត​ដឹក​ជញ្ជូន ​ឧត្ថម្ភាគ​ចក្រ​ជាដើម។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក​ឈុំ សុជាតិ​បាន​ឲ្យ​ដឹង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​២៥​​ខែ​មេសា​ថា ​សមយុទ្ធ​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​សមត្ថ​ភាព​ចំណេះ​ដឹង​ ​ជំនាញ​ដល់ នាយ​ទាហាន ​នាយ​ទាហាន​រង​និង​ពល​ទាហាន​នៃ​កងទ័ព​ជើង​គោក​ ក្នុង​កិច្ចការ​ពារ​បូរណភាព​ទឹកដី ​នា​ពេល​បច្ចុប្បន្ន ​និង​អនាគត។​

លោក​បន្ត​ថា ​សម​យុទ្ធ​នេះ​ក៏​ជា​ការ​វាស់​ស្ទង់​សមត្ថ​ភាព​ ក្រោយ​ពី​ធ្វើ​ការ​ហ្វឹកហ្វឺន​តាម​បណ្តា​សាលា ​និង​កង​ឯកភាព​រួច​ផង​ដែរ។​

មួយ​វិញ​ទៀត ​សម​យុទ្ធ​ហនុមាន​មាស​នឹង​ជួយ​លើក​កម្ពស់​សមត្ថ​ភាព​ គុណភាព​ផ្តល់​ចំណេះ​ដឹង​ការ​ងារ​សេនា​ធិការ​ ក្នុង​ការ​ធ្វើ​សមយុទ្ធ​ដល់​កម្ម​សិក្សា ​នាយ​ទាហាន​សេនាធិការ​ ក្នុង​ការ​សហ​ការ​រវាង​ប្រភេទ​ទ័ព​ និង​ទ័ព​ជំនាញ​ ក្នុង​ពេល​ហ្វឹកហ្វឺន​ ក៏​ដូច​ក្នុង​ពេល​ប្រយុទ្ធ​ថែម​ទៀត។​

អ្នក​នាំពាក្យ​រូប​នេះឲ្យ​ដឹង​ទៀត​ថា​ កូន​ប្រុស​ច្បង​លោក​ហ៊ុន សែន​គឺ​លោក​ហ៊ុន ម៉ាណែត​ដែល​ជា​អគ្គ​មេបញ្ជាការ​រង​ នៃកង​យោធពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើង​គោក​ ជាអ្នក​បើក​ពិធី​បើក​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នេះ។​

សម​យុទ្ធ​ហនុមាន​មាស​២០១៩​មាន​កម្លាំង​យោធា​ចូល​រួម​ជិត​២០០០​នាក់​ដែល​មក​ពី​បណ្តា​ជំនាញ​តាម​អង្គភាព​ វិទ្យាស្ថាន​កងទ័ព​ជើងគោក​ បញ្ជា​ការ​ដ្ឋាន​អង្គរក្ស ​ទ័ព​ជើង​អាកាស​ បញ្ជា​ការដ្ឋាន​ការពារ​អាកាស​ វិទ្យា​ស្ថាន​កងទ័ព​ជើង​គោក ​បញ្ជាការ​ដ្ឋាន​បញ្ជូន​សារ​ កង​ពល​តូច​លេខ​៧០​ កងពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​ និង​បញ្ជា​ការ​ដ្ឋាន​ផ្សេងៗ​ទៀត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស