រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយឌឺដងទៅកាន់អ្នករិះគន់នៅក្រៅប្រទេសដែលប្រហែលសំដៅទៅក្រុមបក្សប្រឆាំងថា បានតែស្រែករិះគន់ ប៉ុន្តែមិនបានធ្វើអ្វីជួយពលរដ្ឋនោះឡើយ ជាពិសេសនៅពេលពលរដ្ឋមានទុក្ខ ហើយតែងអួតថា ខ្លួនឯងជាអ្នកស្នេហាជាតិ។
ថ្លែងក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅខេត្តបាត់ដំបងនាព្រឹកថ្ងៃទី២៥ ខែមេសានេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេងមានប្រសាសន៍ថា អ្នកស្នេហាជាតិពិតប្រាកដ គឺជាអ្នកនៅក្រាញននៀលស្លាប់រស់ជាមួយពលរដ្ឋ ដោយមិនរត់ចោលពលរដ្ឋពេលមានទុក្ខនោះឡើយ។
លោកស ខេងលើកឡើងថា អ្នកស្នេហាជាតិពិតប្រាកដគឺត្រូវជួយជាតិ ពេលមានទុក្ខ ជួយប្រជាជនពេលមានទុក្ខ ដោយត្រូវនៅជាមួយប្រជាជន ហើយត្រូវការពារប្រជាជន ការពារទឹកដីរបស់ខ្លួនឱ្យបាន ការពារឯករាជ្យភាពរបស់ខ្លួនឱ្យបាន។
លោកបន្តថា ធ្វើយ៉ាងណាឱ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាព មានការអភិវឌ្ឍ មិនមែនគ្រាន់តែស្រែកពីខាងក្រៅប្រទេសដោយមិនធ្វើអ្វីសោះ ហើយលើកខ្លួនឯងថា ជាអ្នកស្នេហាជាតិនោះទេ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ីកន្លងមកធ្លាប់បានរិះគន់ថា រដ្ឋាភិបាលរបស់លោកហ៊ុន សែនបច្ចុប្បន្នដែលកំពុងរស់នៅផ្ទាល់ជាមួយពលរដ្ឋក្នុងប្រទេស ប៉ុន្តែបានធ្វើឱ្យជាតិ និងរាស្ត្រឈឺចាប់ច្រើន ដូចជាការដឹកនាំបែបសែស្រឡាយបក្ខពួក និងគ្រួសារនិយម។ ការប្រព្រឹត្តអំពើពុករលួយ ការកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិ បំផ្លិចបំផ្លាញធនធានធម្មជាតិ រំលោភយកដីរាស្ត្រ តុលាការមិនឯករាជ្យ ដែលធ្វើឱ្យពលរដ្ឋទន់ខ្សោយ រងភាពអយុត្តិធម៌ឥតស្រាកស្រាន្ត ការរំលាយឆន្ទៈរាស្ត្រម្ចាស់ឆ្នោតស្ទើរកន្លះនគរព្រមទាំងការបើកដៃឱ្យបរទេស ពិសេសចិននិងវៀតណាម មកត្រួតត្រាខ្មែរម្ចាស់ស្រុកជាដើម។
លោកសម រង្ស៊ីក៏តែងចោទប្រកាន់រដ្ឋាភិបាលលោកហ៊ុន សែនពិសេសត្រកូលហ៊ុនតែម្តងថា ជាអ្នកបំផ្លាញជាតិ បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ធ្វើយ៉ាងណាដើម្បីតែការពារអំណាចខ្លួននិងគ្រួសាររបស់ខ្លួនប៉ុណ្ណោះ។
វិបត្តិនយោបាយនៅកម្ពុជានិងភាពមិនចុះសម្រុងគ្នារវាងគណបក្សសង្គ្រោះជាតិ និងបក្សកាន់អំណាចបានកើតមានកាន់តែខ្លាំង ក្រោយពេលរដ្ឋាភិបាលលោកហ៊ុន សែនចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខាដាក់ពន្ធនាគារ និងរំលាយគណបក្សនេះកាលពីចុងឆ្នាំ២០១៧។
កាលពីដើមឆ្នាំ២០១៩ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានទទូចឱ្យមេដឹកនាំខ្មែរវិលទៅរកដំណោះស្រាយជាតិរួមមួយដោយឈរនៅលើគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងតម្កល់ផលប្រយោជន៍ជាតិជាធំ ជាងផលប្រយោជន៍នយោបាយឬ ផលប្រយោជន៍បុគ្គល។ សហរដ្ឋអាមេរិកក៏បានទាមទារឱ្យដោះលែង លោកកឹម សុខា ដោយថា ប្រធានគណបក្សប្រឆាំងរូបនេះគ្មានកំហុស ហើយការឃុំខ្លួនគឺជារឿងអយុត្តិធម៌។
លើសពីនេះអាមេរិកស្នើកម្ពុជាស្តារស្ថានភាពនយោបាយ និង បញ្ហាសិទ្ធិមនុស្សឡើងវិញដើម្បីបញ្ចៀសពីទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប តាមរយៈការដកហូតប្រព័ន្ធអនុគ្រោះពន្ធEBAដែលនឹងធ្វើឱ្យកម្ពុជាខាតបង់ប្រយោជន៍ជាតិកាន់តែធ្ងន់ធ្ងរ៕