34 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថា​ វប្បធម៌​លាប​ពណ៌គ្នា​ជាមូលហេតុ​នាំ​ឱ្យ​កើត​មាន​សង្គ្រាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ទប់ស្កាត់​វប្បធម៌​លាប​ពណ៌​គ្នា​បន្ត​ទៀត​ ព្រោះ​លោក​ថា​  ការ​លាប​ពណ៌​គ្នា​នេះ​នឹង​រុញ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សង្គ្រាម​ស៊ីវិល​ដូច​ពី​អតីត​កាល។​

ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ទៀ ចាញ់​បាន​លើក​ឡើង​ថា ​ការ​លាប​ពណ៌​ជាមូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ប្រជាជាតិ​ មាន​ការ​ស្អប់​គ្នា ​ហើយ​យក​គ្នា​ជា​សត្រូវ ​និង​សង​សឹក​គ្នា​រហូត​ឈាន​ដល់​ការ​កើត​មាន​ជា​សង្គ្រាម​ដែល​មិន​នឹក​ស្មាន​ដល់។​

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រូប​នេះ​សង្ឃឹម​ថា​ ប្រជាពល​រដ្ឋ​កម្ពុជា​គ្រប់​រូប​នឹង​ស្វែង​យល់​អំពី​រូបភាព ​និង​ផល​វិបាក​នៃ​ការ​លាប​ពណ៌​គ្នា​នេះ​ ដោយ​ត្រូវ​រួម​គ្នា​ទប់​ស្កាត់​ឱ្យ​ខា​តែ​បាន​នូវ​រាល់​សកម្ម​ភាព​លាប​ពណ៌​នៅ​ក្នុង​សង្គមក​ម្ពុជា​ផង​ដែរ។​

សង្គម​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ វប្បធម៌​នៃ​ការ​លាប​ពណ៌​គ្នា​នេះ​រីក​ដុះដាល​កាន់​តែ​ទូលំ​ទូលាយ​ហើយ​អ្នក​ដែល​បណ្តុះ​វប្បធម៌​អាក្រក់​មួយ​នេះ​គឺ​កើត​ចេញ​ពី​អ្នក​នយោបាយ​តែ​ម្តង។​

កន្លង​មក​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី​ធ្លាប់​បាន​ចោទ​ក្រុម​បក្ស​កាន់​អំណាច​ ជាពិសេស​លោក​ហ៊ុន សែន​ថា​ជា​អាយ៉ង​យួន​ ហើយ​ក្រោយ​មក​ក៏​ក្លាយ​ជា​អាយ៉ង​របស់​ចិន​ជាដើម។​

ក្រៅពី​នេះ ​លោក​បាន​ចោទ​ក្រុម​លោក​ហ៊ុន សែន​ថា​ជា​ក្រុម​ក្បត់ជាតិ​ តាម​រយៈ​លួច​សម្បត្តិ​ជាតិ​ កែង​ប្រវ័ញ្ច ​គាប​សង្កត់​ពលរដ្ឋ​ ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ។​ មិន​តែ​ប៉ុណ្ណោះ​ក្រុម​បក្ស​ប្រឆាំង​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ដែរ​ថា ​កំពុង​ប្រើ​យុទ្ធនាការ​ និង​រូបភាព​នៃ​ការ​លាប​ពណ៌​ទៅ​លើ​ក្រុម​បក្ស​ប្រឆាំង​ខ្លួន​ឯង​ឬ​​ទៅលើ​ក្រុម​សង្គម​ស៊ីវិល​ថា​ ជា​ក្រុម​ភ្នាក់ងារ​យួន​ ភ្នាក់​ងារ​ចារកម្ម​របស់​លោក​ហ៊ុន សែន​ជា​អាយ៉ង​របស់​លោក​ហ៊ុន​ សែន​ជា​ក្រុម​ក្បត់ជាតិ​ ក្រុម​ដង្កូវ​ចេញ​ពី​សាច់ ​និង​ជា​ក្រុម​អាត្រឹម​ត្រូវ​ជា​ដើម។​

ចំណែក​ក្រុម​បក្ស​កាន់​អំណាច​វិញ ​ជាពិសេស​លោក​ហ៊ុន សែន​និង​អ្នក​នាំ​ពាក្យ​របស់​ខ្លួន​ក៏​ធ្លាប់​បាន​លាប​ពណ៌​ឱ្យ​ជន​ណា​ឬ​ក្រុម​ណា​ដែល​ហ៊ាន​រិះគន់​ការ​ដឹក​នាំ​របស់​ខ្លួន​ថា ​ជា​ក្រុម​ពួក​អគតិ​ ក្រុម​អាយ៉ង​លោក​សេរី ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ​ក្រុម​បដិវត្តន៍​នេះ ​បដិវត្តន៍​នោះ​ជាដើម។​

ជាក់ស្តែង ​កាលពី​ខែ​កុម្ភៈ ​ឆ្នាំ​មុន​ រដ្ឋាភិបាល​បាន​ចេញ​ផ្សាយ​សៀវភៅ​ «ស»​ដែល​អះអាង​ថា ​កម្ពុជា​កំពុង​កើត​មាន​នូវ​បដិវត្ដន៍​ពណ៌​មួយ​ ដែល​រៀប​ចំ​ឡើង​ដោយ​អតីត​គណបក្ស​ប្រឆាំង​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។ ​ក្រៅពី​នោះ ​រដ្ឋាភិបាល​ក៏​បាន​ចោទ​ប្រកាន់​អង្គការ​ សង្គម​ស៊ីវិល​ជាង​៣០០​ថា ​បាន​ចូល​រួម​និង​គាំទ្រ​បដិវត្តន៍​នោះ​ថែម​ទៀត។​

កាលពី​សម័យ​ខ្មែរ​ក្រហម​ ក្រោយ​ពេល​ក្រុម​នេះ​ ទទួល​បាន​អំណាច​ពេញ​ដៃ​ពួកគេ​ចាប់​ផ្តើម​បែង​ចែក​ពលរដ្ឋ​រួមមាន​ពល​រដ្ឋ​ថ្មី​ឬ​ ពល​រដ្ឋ​១៧​មេសា​និង​ពលរដ្ឋ​ចាស់​ ឬ​ពលរដ្ឋ​មូលដ្ឋាន។​

ក្រុម​ខ្មែរក្រហម​ក៏​បែង​ចែក​ទៀត​អំពី​ក្រុម​កម្មាភិបាល​ ឬ​ ក្រុម​អង្គការ​ ដែល​បាន​លើក​ខ្លួន​ឯង​ថា​ ជា​មនុស្ស​ស្អាតស្អំ​ ដោយ​ចោទ​ប្រកាន់​អ្នក​ប្រឆាំង​នឹង​ខ្លួន​ថា​ ជាក្រុម​ប្រតិកិរិយា​ឬ​ជា​ភ្នាក់ងារ​ KGB​របស់​រុស្ស៊ី ​ឬ​ជា​ភ្នាក់ងារ​ស៊ីអាយអេ ​CIA​របស់​អាមេរិក​ និង​ជាពួក​ខ្មាំង​ក្បត់​នឹង​អង្គការ​ជាដើម។​

លទ្ធផល​នៃ​ការ​លាប​ពណ៌​គ្នា​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ ​១៩៧៩​ពេល​នោះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជិត​២​លាន​នាក់​បាត់បង់​ជីវិត​ ហើយ​ចុង​ក្រោយ​របប​នេះ​ក៏ដួល​រលំ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស