29 C
Phnom Penh

រដ្ឋាភិបាល​សម្រេច​យក​គោល​ដៅ​ស្រុក​ជិត​៣០​ក្នុង​ខេត្ត​២១​ បង្កើត​ជាច្រក​ចេញ-ចូល​តែមួយ​បន្ថែម​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​មហាផ្ទៃ​ បាន​សម្រេច​ជ្រើសរើស​ស្រុក​ចំនួន​២៩​ក្នុង​ខេត្ត​ចំនួន​២១​នៅ​ទូទាំង​ប្រទេស​ដើម្បី​បង្កើត​ជា​ច្រក​ចេញ​ចូល​តែ​មួយ ​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១៩​ ដោយ​ថា​ ដើម្បី​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។​

សេចក្តី​សម្រេច​របស់​ក្រសួង​មហា​ផ្ទៃ​កាលពី​មិ្សលមិញ ​បាន​ជ្រើស​រើស​ស្រុក​ចំនួន​២៩​ក្នុង​ខេត្ត​ចំនួន​២១​របស់​កម្ពុជា​ធ្វើជា​គោលដៅ​បង្កើត​ច្រក​ចេញ-ចូល​តែ​មួយ ​ដោយ​លោក​ស ខេង​បាន​ណែនាំ​ឱ្យ​ ស្រុក​គោល​ដៅ​ក្នុង​ខេត្ត​ទាំង​២១​នោះ​ត្រូវ​រៀបចំ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​ឱ្យ​បាន​ល្អ​ប្រសើរ​ ស្រប​តាម​ប្រកាស​របស់​ក្រសួង​ កាលពី​ថ្ងៃ​ទី​១២​ ខែ​មីនា​ឆ្នាំ​២០០៩​ស្តីពី​ការ​រៀប​ចំ ​និង​ការ​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​នៅ​ក្នុង​ក្រុង​ ស្រុក​ ខណ្ឌ ​តាម​គោលដៅ។​

កន្លង​មក​ លោក​ស ខេង​ធ្លាប់​បាន​លើក​ឡើង​ថា ​ការ​បង្កើត​​ច្រក​ចេញ-ចូល​នៅតាម​ស្រុក ​ខណ្ឌ ​ក្នុង​ខេត្ត​នៅ​ទូទាំង​ប្រទេស​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ច្រើន​ដល់​ការ​ផ្តល់​សេវា​សាធារណៈ​កាន់តែ​មាន​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ ​និង​កាត់​បន្ថយ​ការ​ប្រព្រឹត្ត​ អំពើ​ពុក​រលួយ​ផង​ដែរ។​ ទន្ទឹម​គ្នា​នេះ ​ការ​បង្កើត​ឱ្យ​មាន​ច្រក​ចេញ-ចូល​តែមួយ​ គឺ​ជា​ការ​បង្ខិត​សេវា​សាធារណៈ​ឱ្យ​កាន់តែ​ជិត​ប្រជា​ពលរដ្ឋ​ ដោយ​ចំណេញ​ទាំង​ពេល​វេលា ​និង​កាត់​បន្ថយ​ ការ​ចំណាយ​ក្រៅ​ផ្លូវការ​ផង​ដែរ។​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​លោក​សន ជ័យ​ហៅការ​សម្រេច​នេះថា​ជា​រឿង​ល្អ ​និង​ងាយ​ស្រួល​សម្រាប់​ពលរដ្ឋ​ ប៉ុន្តែ​លោក​ស្នើ​ឱ្យ​មាន​ការ​ពង្រីក​សេវា​កម្ម​ផ្សេងៗ​ ទៅ​កាន់​ច្រក​ចេញ​ចូល​នៅ​តាម​ស្រុក​គោល​ដៅ​ទាំង​នោះ ​ដូច​ជា​សេវា​ធ្វើ​ស្លាក​លេខ​ម៉ូតូ​ឬ​ រថយន្ត​និង​ការ​ចុះ​បញ្ជី​យាន​ជំនិះ​ផង​ដែរ។​

ក្រៅពី​នេះ ​សេវា​កម្ម​ធ្វើ​ប៉ាស្ព័រ​ឬ​វីហ្សា ​លោក​ថា​ គប្បី​ផ្ទេរ​ភារ​កិច្ច​នេះ​ឱ្យ​បាន​ទូលំ​ទំលាយ​ទៅ​កាន់​ច្រក​ចេញ​ចូល​តែ​មួយ​ផង​ដែរ​ ព្រោះវា​​នឹង​បង្ក​ភាព​ងាយ​ស្រួល​ជូន​ពលរដ្ឋ​ព្រម​ទាំង​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ​ទៀត​ផង៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស