38.1 C
Phnom Penh

លោក​សម រង្ស៊ី៖ ពលករ​ខ្មែរ​រាប់​ពាន់​នាក់​នៅ​កូរ៉េ​នឹង​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ជាមួយ​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់​នៅ​នីរទេស​បាន​ប្រកាស​ជា​ថ្មីទៀត​ថា​ ពលករ​ខ្មែរ​រាប់​ពាន់​នាក់​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ស្តារ​ប្រជា​ធិបតេយ្យ។​

លោក​សម រង្ស៊ី​អះអាង​នៅ​លើ​បណ្តាញ​ហ្វេសប៊ុក​ថ្ងៃ​ទី​២៦​ខែ​មេសា ​នេះ​ថា ​ពលករ​ខ្មែរ​រាប់​ពាន់​នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ នឹង​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ជា​មួយ​លោក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

ប៉ុន្តែ​លោក​សម រង្ស៊ី​មិន​ទាន់​កំណត់​ពេល​វេលា​ជាក់​លាក់​ដែល​លោក​ត្រូវ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ឡើយ​ទេ។

ការ​អះអាង​របស់​លោក​សម រង្ស៊ី​បែប​នេះ​ធ្វើឡើង​ក្រោយពី​លោក​បាន​ទៅ​ចូល​រួម​សមាជ​អ្នក​ប្រជា​ធិបតេយ្យ ​និង​ដឹក​នាំ​បាតុកម្ម​ភ្លើង​ទៀន​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​មាន​ពលរដ្ឋ​ខ្មែរ​ធ្វើ​ការ​ងារ​រាប់​ពាន់​នាក់​ចូលរួម​កាលពី​សប្តាហ៍​មុន។​

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ធ្លាប់​អះអាង​ថា ​លោក​នឹង​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ចូលរួម​ជា​មួយ​ពលរដ្ឋ​ដើម្បី​ទម្លាក់​លោក​ហ៊ុន សែន​ពី​តំណែង​ប៉ុន្តែ​លោក​តែង​តែ​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​ក្នុង​ការ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​ជា​ញឹកញាប់​ ស្រប​ពេល​ដែល​លោក​ហ៊ុន សែន​តែង​ប្រកាស​អំពី​គម្រោង​​ការ​ក្នុង​ចាប់​ខ្លួន ​និង​កម្ទេច​ក្រុម​បក្ស​ប្រឆាំង។​

ទោះ​យ៉ាង​នេះ​ក្តី ​លោក​សម រង្ស៊ី​អះអាង​ថា ​នេះជា​លើក​ចុង​ក្រោយ​សម្រាប់​លោក​ដែល​នឹង​វិល​ទៅ​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស