ក្រុមគ្រួសារលោកឈុត វុទ្ធីជាសកម្មជនការពារព្រៃឈើដ៏ល្បីល្បាញដែលត្រូវបានគេបាញ់សម្លាប់កាលពី៧ ឆ្នាំមុន អះអាងថា រដ្ឋាភិបាលលោកហ៊ុន សែនបច្ចុប្បន្ននឹងមិនអាចផ្តល់យុត្តិធម៌ពិតប្រាកដបានទេ ដោយថា មានតែរដ្ឋាភិបាលថ្មីផ្សេងទៀតប៉ុណ្ណោះទើបអាចរកយុត្តិធម៌ជូនគ្រួសារពួកគេបាន។
ថ្លែងក្នុងពិធីរំឭកខួប៧ឆ្នាំនៃការបាញ់សម្លាប់ឪពុកខ្លួននៅឃុំវិហារសួគ៌ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី២៦ខែមេសានេះ លោកឆឺយ ឧត្តមរស្មី ដែលជាកូនប្រុសច្បងរបស់លោកឈុត វុទ្ធី អះអាងថា គ្រួសារលោកគ្មានសង្ឃឹមឡើយចំពោះពន្លឺយុត្តិធម៌ដរាបណារដ្ឋាភិបាលលោកហ៊ុន សែននៅតែដឹកនាំប្រទេស។
លោកបន្តថា មានតែរដ្ឋាភិបាលថ្មីនៅពេលអនាគតទេ ទើបអាចរកយុត្តិធម៌ជូនឪពុករបស់លោកបាន ព្រោះរយៈពេល៧ ឆ្នាំមកហើយរដ្ឋាភិបាលលោកហ៊ុន សែនមិនបានផ្តល់យុត្តិធម៌ពិតប្រាកដជូនគ្រួសារលោកឡើយ។
ក្នុងពិធីរំឭកខួប៧ឆ្នាំឱ្យឪពុក លោកឧត្តមរស្មីបានជំរុញឱ្យសកម្មជនការពារព្រៃឈើទាំងអស់ក្រោកឡើងនិងក្លាហាន ដើម្បីបំពេញការងារការពារធនធានធម្មជាតិនៅកម្ពុជាឱ្យបានខ្លាំងក្លាបន្ថែម ទៀត ហើយកុំបាក់ទឹកចិត្តឱ្យសោះដោយថា ត្រូវប្រឹងតស៊ូលើការងារមួយនេះតទៅទៀត។
អតីតប្រធានអង្គការការពារធនធានធម្មជាតិលោកឈុត វុទ្ធីត្រូវបានគេបាញ់សម្លាប់នៅជិតតំបន់ព្រៃការពារមួយកន្លែង និងក្បែរក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចិនមួយ ទាំងក្បែរទីតាំងកែច្នៃវល្លិ៍រមៀតត្រង់ចំណុចវាលបី ក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី២៦មេសាឆ្នាំ២០១២។ ការបាញ់សម្លាប់លោកពេលនោះ ខណៈលោកបាននាំអ្នកកាសែតThe Cambodia Dailyពីររូបចុះទៅយកព័ត៌មានអំពីបទល្មើសព្រៃឈើនៅតំបន់នោះ។
ក្រោយមកសំណុំរឿងឃាតកម្មមួយនេះត្រូវបានតុលាការបិទបញ្ចប់ ដោយអះអាងថា អ្នកដែលបាញ់សម្លាប់លោកឈុត វុទ្ធី ពេលនោះជា មន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុងម្នាក់ឈ្មោះ អ៊ិន រតនាបន្ទាប់ពីគណៈកម្មការចំពោះកិច្ចរបស់រដ្ឋាភិបាលចុះស៊ើបអង្កេតករណីនេះអះអាងថា លោកអ៊ិន រតនាបានបាញ់សម្លាប់ខ្លួនឯង ក្រោយពីបាញ់សម្លាប់លោក ឈុត វុទ្ធីរួច។
រាល់សំណុំរឿងឃាតកម្មធំៗ ដូចជាករណីតារាសម្តែង អ្នកនាងពិសិដ្ឋ ពិលិកា កាលពីឆ្នាំ១៩៩៩ ព្រះតេជព្រះគុណសំ ប៊ុនធឿនប្រធានសហជីពសេរីកម្មករកម្ពុជា លោកជា វិជ្ជាកាលពីឆ្នាំ២០០៤ និងឃាតកម្មកក្រើកប្រទេសចុងក្រោយគឺការបាញ់សម្លាប់លោកបណ្ឌិតកែម ឡីកាលពីថ្ងៃទី១០កក្កដា២០១៦នោះ រដ្ឋាភិបាលលោកហ៊ុន សែននៅតែបរាជ័យដោយមិនរកយុត្តិធម៌ជូនជនរងគ្រោះនិង ក្រុមគ្រួសារពួកគេបានឡើយ ហើយសំណុំរឿងទាំងនោះតែងត្រូវបានរដ្ឋាភិបាលទុកចោលរហូតមកទល់សព្វថ្ងៃនេះ៕