31 C
Phnom Penh

មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា​ស្នើឱ្យ​សាលា​ឧទ្ធរណ៍​ពន្យារ​ពេល​សវនាការ​ រាល់​ពេល​ដែល​គ្មាន​វត្តមាន​ជនជាប់​ចោទ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ស្នើ​ឱ្យ​សាលា​ឧទ្ធរណ៍​គប្បី​ពង្រឹង​ប្រសិទ្ធ​ភាព​ការពារ​សិទ្ធិ​ជន​ជាប់​ចោទ​ ដែល​ធានា​ដោយ​ច្បាប់​ និង​ត្រូវ​ពន្យារ​ពេល​រាល់​សវនាការ​ដែល​អវត្តមាន​ជន​ជាប់​ចោទ។​  ​

កាលពី​ថ្ងៃ​ម្សិលមិញ​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​ព្រឹត្តិបត្រ​ព័ត៌មាន​ ស្តីពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ប្រកប​ដោយ​ភាព​យុត្តិធម៌​ ព្រម​ទាំង​សិទ្ធិ​មាន​មេធាវី​និង​មាន​វត្តមាន​នៅ​ពេល​សវនាការ។​

អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​លើក​ឡើង​ថា​ រយៈ​ពេល​ជាង​១​ឆ្នាំ​មក​នេះ ​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ដល់​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ តាម​រយៈ​ការ​សង្កេត​ក្នុង​សវនាការ​នៃ​សាលា​ឧទ្ធរណ៍ ​ ​អង្គការ​នេះ​ឃើញ​មាន​សំណុំ​រឿង​ចំនួន​៣០១​ករណី​ដោយ​សំណុំ​រឿង​ទាំង​នោះ​មាន​ជន​ជាប់​ចោទ​ចំនួន​៤៥៣​នាក់​ ក្នុង​នោះ​ជន​ជាប់​ចោទ​ចំនួន​១១១​នាក់​ ឬ​ស្មើ​នឹង​ ២៥%​ត្រូវ​បាន​ជម្រះ​ទាំង​គ្មាន​មេ​ធាវី​ការពារ។​

លើសពី​នេះ  ​ជន​ជាប់​ចោទ​៨៤​នាក់​ក្នុង​ចំណោម​១១១​នាក់​ ​ឬ​ស្មើ​នឹង​១៩%​ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ​ ឬគ្មាន​វត្តមាន​ជន​ជាប់ចោទ​ក្នុង​សវនាការ​ឡើយ។​

អង្គការ​ដដែល​អះអាង​ថា​ សិទ្ធិ​មាន​វត្តមាន​របស់​ជន​ជាប់​ចោទ​ក្នុងសវនាការ​គឺ​ជា​សិទ្ធិ​មូលដ្ឋាន​គ្រឹះ​មួយ​យ៉ាង​សំខាន់​នៃ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ប្រកប​ដោយ​យុត្តិធម៌។​

ច្បាប់​តម្រូវ​ឲ្យ​មាន​វត្តមាន​ជនជាប់​ចោទ​នៅ​ក្នុង​អង្គ​សវនាការ​ដើម្បី​ឲ្យ​ពួកគេ​បាន​ប្រើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​តតាំង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នានា ​ព្រម​ទាំង​ដើម្បី​ការពារ​ខ្លួន​ផង​ដែរ។​

ព្រឹត្តិ​បត្រព័ត៌​មាន​ដដែល​បាន​លើក​ឡើង​អំពី​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​ដែល​បាន​ចែង​ថា ​ជន​ជាប់​ចោទ​មាន​សិទ្ធិ​បង្ហាញ​ខ្លួន​ដោយ​ផ្ទាល់​នៅ​ពេល​សវនាការ។ ​ចំណែក​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ក៏​បាន​ចែង​ថា ​ការ​ជំនុំ​ជម្រះ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​របស់​ជន​ជាប់​ចោទ ​ហើយ​ការ​ជំនុំ​ជម្រះ​ដោយ​កំបាំង​មុខ​ មិន​ត្រូវ​បាន​អនុញ្ញាត​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ​ឡើយ។​

មជ្ឈមណ្ឌល​CCHR​បាន​ផ្តល់​អនុសាសន៍​ថា​ ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​ការពារ​សិទ្ធិ​ជន​ជាប់​ចោទ​​សាលា​ឧទ្ធរណ៍​ត្រូវ​តែ​ធានា​ថា ​រាល់​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​កាល​បរិច្ឆេទ​ និង​ពេល​វេលា​នៃ​សវនាការ​របស់​ខ្លួន​ត្រូវ​បញ្ជូន​ត្រឹម​ត្រូវ​ទៅ​កាន់​រាល់​មណ្ឌល​កែប្រែ។​

លើស​ពី​នេះ​ទៅ​ទៀត​ ចៅក្រម​នៃ​សាលា​ឧទ្ធរណ៍​គួរ​ពន្យារ​ពេល​សវនាការ​ ប្រសិន​បើ​គ្មាន​វត្តមាន​ជន​ជាប់​ចោទ​ បើទោះបី​ជន​ជាប់​ចោទ​នោះ​មាន​មេធាវី​តំណាង​ក៏​ដោយ​ លុះណា​តែ​ជន​ជាប់​ចោទ​នោះ​លះបង់​សិទ្ធិ​មាន​វត្តមាន​នៅ​ពេល​សវនាការ។​

ចំណែក​អគ្គ​នាយក​ពន្ធនាគារ​វិញ​ត្រូវ​ធានា​ថា​ ព័ត៌មាន​ស្តីពី​ការ​ផ្ទេរ​ជន​ជាប់​ឃុំ​ត្រូវ​បាន​បញ្ជូន​ទៀង​ទាត់​ទៅ​កាន់​ព្រះ​រាជ​អាជ្ញា។ ​ ដោយ​ឡែក​ ចៅក្រម​ត្រូវ​គោរព​សិទ្ធិ​មាន​មេ​ធាវី​ជា​លក្ខណៈ​សាកល​ ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ​ ដោយ​មិន​ត្រូវ​កំណត់​ទៅតាម​ប្រភេទ​នៃ​បទ​ល្មើស​នោះ​ទេ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស