30 C
Phnom Penh

ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ការពារ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​EBA

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល​នៅ​ថ្ងៃ​នេះ​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ជាថ្មី​ទៀត​ឱ្យ​គិត​គូរ​ធ្វើ​យ៉ាង​ណា​រក្សា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​របស់​សហគមន៍​អឺរ៉ុប​ឱ្យ​បាន​ដើម្បី​ការពារ​សុវត្ថិភាព​ការងារ​ជូន​កម្មករ​កសិករ​នៅ​កម្ពុជា។​

ថ្លែង​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​ខួប​លើក​ទី​១៣៣​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ​ ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក​រ៉ុងឈុន​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុនសែន​គប្បី​គិតគូរ​ដល់​សុវត្ថិ​ភាព​ការងារ​របស់​កម្មករ​លើ​វិស័យ​ឧស្សហ​កម្ម​កាត់ដេរ​នៅ​កម្ពុជា​តាម​រយៈ​ធ្វើ​យ៉ាង​ណា​សម្រប​សម្រួល​ជាមួយ​សហគមន៍​អឺរ៉ុប​ដើម្បី​បញ្ចៀស​ការ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA។ ​

លោក​ថា​ការ​រក្សា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​គឺ​ធ្វើ​ឱ្យ​កម្មករ​កសិករ​អាជីវករ​មាន​លំនឹង​ការងារ​និង​ប្រាក់​ចំណូល​ដោយថា​ ប្រសិន​បើ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​ត្រូវ​បាត់បង់​នឹង​ធ្វើ​ឱ្យ​កម្ពុជា​អាច​ប្រឈម​នឹង​ភាព​អត់​ការងារ​ធ្វើ​ដោយ​ក្រុម​ហ៊ុន​ឬ​អ្នក​បញ្ជា​ទិញ​នឹង​ផ្លាស់ប្តូរ​ទីតាំង​ទៅ​ប្រទេស​ផ្សេង​ហើយ​ពេល​នោះ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​អត់​ការងារ​ធ្វើ​ឬ​វិបត្តិ​សង្គម​ផង​ដែរ។​

ប្រធាន​សហជីព​រូប​នេះ​ថា​រដ្ឋាភិបាល​គ្រាន់តែ​សម្រប​ខ្លួន​តាម​សំណើរ​របស់​សហភាព​អឺរ៉ុប​ដូច​ជា​ការ​ដោះលែង​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​កឹមសុខា​ផ្តល់​តំណែង​ជូន​បក្ស​ប្រឆាំង​ឡើង​វិញ​ដាក់​ឱ្យ​បក្ស​សង្រ្គោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ​ការ​រៀប​ចំការ​បោះឆ្នោត​ឡើង​វិញ​ជាដើម​ដោយ​ធ្វើយ៉ាង​ណា​ប្រែក្លាយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​ឱ្យ​វិល​ទៅ​រក​ភាព​ប្រក្រតី​ដូចកាល​ពីមុន​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ឡើង​វិញ​នោះ​កម្ពុជា​ នឹង​អាច​រួច​ផុត​ពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​អឺរ៉ុប។​

សង្គម​ស៊ីវិល​ក្រៅពី​ទទួល​ឱ្យ​រដ្ឋាភិបាល​ពិចារណា​រក្សា​EBA​ ពួកគេ​ក៏​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុនសែន​គិត​គូរ​អំពី​បញ្ហា​ជនជាតិ​ចិន​ចូល​មក​កម្ពុជា​ដោយ​ពួក​គេថា​ ជនជាតិ​ចិន​មួយ​ចំនួន​ចូល​មក​ជា​ការ​បង្កភាព​អនាធិប​តេយ្យ​អសន្តិសុខ​ឬ​វិបត្តិ​សង្គម​និង​ចូល​មក​ដណ្តើម​ការងារ​ពលរដ្ឋ ខ្មែរ​ម្ចាស់ ​ស្រុក​ជាដើម។​

ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​លោក​វន់ពៅ​ថ្លែង​ថា​បច្ចុប្បន្ន​នេះ​ជនជាតិ​ចិន​បាន​នឹង​កំពុង​ប្រកប​មុខ​របរ​រក​ស៊ី​ដូច​ប្រជា​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​រួម​ទាំង​មុខ​របរ​តូចតាច​ផង​ដែរ។​

លោក​បន្ត​ថា​ករណី​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ​ដោយសារ​មុខ​របរ​ណា​ដែល​ជនជាតិ​ចិន​រក​ស៊ី​នោះ​គឺជន​ជាតិចិន​ជួយ​ទិញ​តែ​គ្នាគេ​តែ​ប៉ុណ្ណោះ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​មុខ​របរ​របស់​ពល​រដ្ឋ​ម្ចាស់​ស្រុក​និង​មាន​វិធាន​ការ​ច្បាប់​គ្រប់​គ្រង​អន្តោ​ប្រវេសន៍​ចិន​ទាំង​នោះ​ឱ្យ​បាន​ត្រឹមត្រូវ​ជាដើម។​

យ៉ាង​ណា​លោក​​ហ៊ុនសែន​ធ្លាប់​បាន​អះអាង​ថា​កម្ពុជា​មិន​ឱន​ក្បាល​នឹង​បរទេស​ជាថ្នូរ​នឹង​ការ​សុំ​មិន​ឱ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នោះ​ទេ។​លោក​ថែម​ទៀត​ថា​ លោក​បង្គាប់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ទាំង​ឡាយ​យក​បញ្ហា​ដក​EBA​មក​ធ្វើ​ទុន​ពង្រឹង​ផ្ទៃ​ក្នុង​កម្ពុជា​និង​យក​ជាលេស​ដើម្បី​កម្ចេច​ជីវិត​នយោបាយ​ក្រុម​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ឱ្យ​រលាយ​សាប​សូន្យ​ទៀត​ផង។​ចំណែក​បញ្ហា​ជនជាតិ​ចិន​វិញ​ លោក​ហ៊ុនសែន​ថ្លែង​នៅ​ពេល​ថ្មីៗ​នេះ​​ថា​ ខេត្ត​ព្រះ​សីហនុ​របស់​កម្ពុជា​កំពុង​ទទួល​បាន​ការ​រីក​ចម្រើន​ដោយ​សារ​គម្រោង​របស់​ចិន។​លោក​ហ៊ុនសែន​បញ្ជាក់​ថា​មាន​ក្រុមហ៊ុន​ចិន​ចំនួន​១៤៨​បាន​និង​កំពុង​បង្កើត​ការងារ​ជូន​ប្រជា​ជន​កម្ពុជា​ជាង​២​ម៉ឺន​នាក់។​

របាយ​ការណ៍​ក្រសួង​មហា​ផ្ទៃ​ចេញ​ផ្សាយ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៨​បាន​បង្ហាញ​ថា​ជនជាតិ​ចិន​នៅ​កម្ពុជា​មាន​ចំនួន​២១​ម៉ឺន​នាក់ ​ក្នុង​នោះ​ជនជាតិ​ចិន​កំពុង​រស់​នៅ​ខេត្ត​ព្រះ​សីហនុ​មាន​ចំនួន​ច្រើន​ជាង​បណ្ដា​ខេត្ត​ផ្សេង​ទៀត​គឺ​ចំនួន​ជិត​៨​ម៉ឺន​នាក់៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស