អតីតប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ីអះអាងថា ព្រះមហាក្សត្រទន់ជ្រាយគ្មានប្រយោជន៍ដល់ជាតិទេ។
លោកសមរង្ស៊ីបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣ខែឧសភា គឺមួយថ្ងៃក្រោយពេលតុលាការក្រុងភ្នំពេញកាត់ទោសលោកឲ្យជាប់ទោស៨ឆ្នាំក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រនិងញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់។
អតីតមេដឹកនាំបក្សប្រឆាំងដែលលោកហ៊ុន សែនហាមមិនឲ្យចូលស្រុករូបនេះបានបន្ទោសព្រះមហាក្សត្រថា ជាអ្នកបណ្តែតបណ្តោយឲ្យលោកហ៊ុន សែនអាចយកព្រះអង្គធ្វើជាចំណាប់ខ្មាំងដូចសព្វថ្ងៃនេះ ហើយថា ព្រះមហាក្សត្រទន់ជ្រាយបែបនេះ គឺគ្មានប្រយោជន៍ទាល់តែសោះសម្រាប់ប្រទេសជាតិ ហើយមានតែធ្វើឲ្យខូចខាតផលប្រយោជន៍ជាតិទៅវិញ។
លោកសមរង្ស៊ីបានបន្ទោសធ្ងន់ៗដល់ព្រះមហាក្សត្រថា ព្រះអង្គសំងំតែសុខក្នុងវាំង ឬនៅប្រទេសចិន ហើយមិនដែលឈឺឆ្អាលអំពីទុក្ខវេទនារបស់ប្រជារាស្ត្រនោះឡើយ ហើយក៏មិនដែលចេញមុខការពារប្រជារាស្ត្ររងគ្រោះណាមួយនោះដែរ។
រីឯការចោទប្រកាន់ថា លោកជាអ្នក«ញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»គឺលោកនៅតែបន្តលើកទឹកចិត្តកងកម្លាំងប្រដាប់អាវុធថែមទៀត សូមឲ្យឈប់ស្តាប់ និងឈប់ការពារលោកហ៊ុន សែនហើយត្រូវបែរទាំងទឹកចិត្ត ទាំងចុងកាំភ្លើងមកការពារប្រជារាស្ត្រវិញដើម្បីចូលរួមចលនាស្រោចស្រង់ជាតិ កម្ចាត់របបផ្តាច់ការសព្វថ្ងៃនៅកម្ពុជា។
លោកសម រង្ស៊ីចាត់ទុកថា តុលាការទីក្រុងភ្នំពេញ បានកាត់ក្តីឲ្យលោកជាប់ពន្ធនាគារ៨ឆ្នាំ លើសំណុំរឿងថ្មីពីរកាលពីម្សិលមិញនេះគឺជាកិត្តិយសរបស់លោកទៅវិញទេ។ លោកថា ជាកិត្តិយសនេះព្រោះ ដោយសារលោកគ្រាន់តែធ្វើសកម្មភាពនយោបាយដោយសន្តិវិធី ដែលនេះបង្ហាញថា លោកកំពុងតែដើរលើផ្លូវត្រូវ ក្នុងការខិតខំទាមទារសេរីភាពជូនពលរដ្ឋខ្មែរ៕