នយោបាយ

រដ្ឋាភិបាល​នាំគ្នា​សរសើរ​ថា​ សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​មាន​បរិបូណ៌​សម្រាប់​ពលរដ្ឋ​

By ឌឹ ខេមបូឌា ដេលី

May 04, 2019

មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​អះអាង​ថា ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​មាន​ការ​រកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ខណៈ​ពេល​រដ្ឋ​ទទួល​បាន​ព័ត៌មាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។​

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ខៀវ កញ្ញារីទ្ធ​អះអាង​ថា​ វិស័យ​សារ​ព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ទូលំ​ទូលាយ​ក្នុង​ការ​ផ្តល់​ដំណឹង​ពិត​ដល់​ប្រជា​ពលរដ្ឋ​ដោយ​សេរី។​

ការ​អះអាង​របស់​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​រូប​នេះ​ ធ្វើ​ឡើង​នៅក្នុង​ពិធី​អបអរ​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​ឆ្នាំ​២០១៩​ នៅ​ថ្ងៃ​សុក្រ ​ទី​៣​ខែ​ឧសភា ​នេះ។​

ជាង​នេះ​ទៅ​ទៀត​លោក​ខៀវ កាញារីទ្ធ​បាន​អំពាវ​នាវ​ឱ្យ​អ្នក​សារ​ព័ត៌មាន​ទាំងអស់​ត្រូវ​បំពេញ​ការងារ​របស់​ខ្លួន​ប្រកប​ដោយ​ក្រម​សីលធម៌​ វិជ្ជាជីវៈ​ រក្សា​នូវ​ភាព​ថ្លៃថ្នូរ​ ហើយ​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​សារ​ព័ត៌មាន​នោះ​ឡើយ។​

ប៉ុន្តែ​សម្ព័ន្ធ​អ្នក​កាសែត​អាស៊ី​អាគ្នេយ៍ ​SEAPA  ​អះ​អាង​ថា​ កម្ពុជា​កំពុង​ប្រើ​ច្បាប់​បង្ក្រាប​អ្នក​កាសែត​ហើយ​វា​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​សារ​ព័ត៌មាន​យ៉ាង​ធ្ងន់ធ្ងរ។​

ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក ​យ៉ាង​ហោចណាស់​មាន​អ្នក​កាសែត​៧​នាក់​ហើយ ​​ក្នុង​នោះ​មាន​អតីត​អ្នក​កាសែត​អាស៊ីសេរី​ពីរ​នាក់ ​អតីត​អ្នក​កាសែត​ The  Cambodia Daily ​ម្នាក់​អ្នក​កាសែត​អនឡាញ​៣​នាក់ ​និង​អ្នក​កាសែត​អូស្ត្រាលី​ម្នាក់​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​ប្រឆាំង​នឹង​ពួក​គេ។​

អង្គការ​សេរីភាព​ព័ត៌មាន​ឈ្មោះReporters Without Border​កាលពី​ខែ​មេសា​ ឆ្នាំ​២០១៩​បាន​ឲ្យ​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ជាប់​លេខ​រៀង​ទី​១៤៣​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​លើ​ពិភព​លោក។​ការ​ទទួល​បាន​ចំ​ណាត់​ថ្នាក់​ធ្លាក់​ចុះ​ពេល​នេះ​ បង្ហាញ​ថា​ សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ទៅ​រក​ភាព​កាន់​តែ​អាក្រក់​៣​ ឆ្នាំ​ជាប់ៗ​គ្នា។​

ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​រដ្ឋាភិបាល​ចាប់​ផ្តើម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ជា​បន្ត​បន្ទាប់​ ដោយ​ចាប់​ផ្តើម​ពី​កាសែត​The Cambodia Daily​ដែល​ត្រូវ​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​ផ្សាយ​របស់​ខ្លួន​នៅ​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​កញ្ញា ​២០១៧​ក្រោម​ហេតុផល​មិន​បាន​បង់​ពន្ធ​រយៈ​ពេល​១០​ឆ្នាំ ​ដែល​មាន​ទឹក​ប្រាក់​៦​លាន​៣​សែន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

ក្រោយ​គ្នា​បន្តិច​ស្ថានីយ៍​ផ្សាយ​បន្ត​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក​ VOA ​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ ​VOD ​និង​វិទ្យុ​ផ្សេងៗ​ជា​ច្រើន​ទៀត​ ត្រូវ​បាន​បិទ​ក្រោម​ហេតុផល​មិន​គោរព​តាម​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួង​ព័ត៌មាន។​

 

របាយ​ការណ៍​ដដែល​លើក​ឡើង​ថា​ ការ​បំបាត់​សំឡេង​ឯករាជ្យ​ជា​បន្ត​បន្ទាប់​ ធ្វើឱ្យ​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​តែ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​រោងចក្រ​ផលិត​ព័ត៌មាន​របស់​ក្រុម​លោក​ហ៊ុន សែន​ដូច​ជា ​Fresh News​ជាដើម៕​​