29 C
Phnom Penh

លោក​ហ៊ុន សែន​ជំរុញ​ឲ្យ​អ្នក​មាន​ទ្រព្យ​ធន​ មាន​ចិត្ត​ចែក​រំលែក​ដល់​ជន​ដែល​ងាយ​រង​គ្រោះ​ឬ​អ្នក​ក្រ​ក្នុង​សង្គម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​ នៅ​ថ្ងៃ​នេះ​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​មាន​ទ្រព្យ​ធន​ច្រើន​ឲ្យ​មាន​ចិត្ត​ចែក​រំលែក​ដល់​ជន​ដែល​ងាយ​រង​គ្រោះ ​ឬ​អ្នក​ក្រ​ដើម្បី​ធានា​ភាព​សុខ​សាន្ត​ក្នុង​សង្គម។​

ការ​អះអាង​របស់​លោក​ហ៊ុន​ សែន ​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រា​រព្ធ​ទិវា​ពិភពលោក​កាក​បាទ​ក្រហម​ ក្រោម​ប្រធាន​បទ​«ខ្ញុំ​ស្រឡាញ់​កាកបាទ​ក្រហម​កម្ពុជា»​ ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​​ថ្ងៃ​ទី​៨​ខែ​ឧសភា។​

លោក​ហ៊ុន សែន​អះអាង​ថា​ មុន​ឆ្នាំ​១៩៧០​សមិទ្ធ​ផល​ជាតិ​ចំនួន​៩០%​កើត​ចេញពី​ការ​ចែក​រំលែក​របស់​សហគមន៍​ ហើយ​ថា​ បច្ចុប្បន្ន​នេះ​សមិទ្ធ​ផល​ជាតិ​ពាក់​កណ្តាល​ចេញ​ពី​រដ្ឋាភិបាល​ ហើយ​ពាក់​កណ្តាល​ទៀត​បាន​មក​ពី​ការចែក​រំលែក។​

លោក​គឹម សុខ​អ្នក​វិភាគ​នយោបាយ​សង្គម​ដែល​កំពុង​រស់​នៅ​នីរទេស​ក្នុង​ប្រទេស​ហ្វាំងឡង់​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​ថា ​សារ​របស់​លោក​ហ៊ុន សែន​គ្រាន់តែ​ជា​សារ​ដដែលៗ​ដែល​លោក​ហ៊ុន សែន ​ដឹក​នាំ​ជាង​៣០​ឆ្នាំ​មក​នេះ​មិន​បាន​បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋ​ឲ្យ​បាន​ច្បាស់​លាស់។​

លោក​បន្ត​ថា ​លោក​ហ៊ុន សែន​គួរតែ​ពង្រឹង​វិស័យ​អប់រំ​ឲ្យ​មាន​កម្រិត​ខ្ពស់​ប្រកប​ដោយ​សីលធម៌​ និង​គុណ​ធម៌ ​ហើយ​ថា​ អ្នក​ដឹកនាំ​ត្រូវ​មាន​ការ​ចេះ​ដឹង​ខ្ពស់​ហើយ​អាច​សាប​ព្រោះ​សីលធម៌​ និង​គុណធម៌​ខ្ពស់​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ឆាក​នយោបាយ។​ លោក​បន្ត​ថា​​វប្បធម៌​ចែក​រំលែក​ត្រូវ​ធ្វើ​ឡើង​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ​ក្នុង​សង្គម​មួយ​ប្រកប​ដោយ​យុត្តិធម៌​និង​សមធម៌។​

របាយ​ការណ៍​ឆ្នាំ​២០១៨​កន្លង​ទៅ​បង្ហាញ​ថា​ កាកបាទ​ក្រហម​កម្ពុជា​បាន​ផ្តល់​អំណោយ​មនុស្ស​ធម៌​ដល់​ពលរដ្ឋ​រងគ្រោះ​ និង​ងាយ​រង​គ្រោះ​បំផុត​ជាង​១​សែន​៣​ម៉ឺន​គ្រួសារ​និង​ផ្តល់​ផ្ទះ​ជិត​១៧០​ខ្នង​ដល់​ជន​ចាស់​ជរា​គ្មាន​ទីពឹង​ ឬ​ស្ត្រី​មេម៉ាយ​ដែល​មាន​កូន​ច្រើន៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស