អតីតចៅសង្កាត់អូរចារពីខាងគណបក្សសង្គ្រោះជាតិកញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេតកាលពីព្រឹកមិញនេះបានប្រាប់ព្រះរាជអាជ្ញាក្នុងពេលចូលឆ្លើយបំភ្លឺនៅតុលាការខេត្តបាត់ដំបងកាលពីថ្ងៃទី៩ខែឧសភានេះថា កញ្ញាបង្ហាញមនោសញ្ចេតនាការគាំទ្រលោកសម រង្ស៊ី និងលោកកឹម សុខាមិនខុសច្បាប់ទេ។
កញ្ញាអះអាងថា ទោះតុលាការចោទប្រកាន់លោកសម រង្ស៊ី និងលោកកឹម សុខាយ៉ាងណាក្តី ប៉ុន្តែ អ្នកទាំងពីរគឺជាអតីតប្រធានគណបក្សនិងប្រធានរបស់កញ្ញា ដូច្នេះគ្រាន់តែការបង្ហាញមនោសញ្ចេតនាគាំទ្រអតីតប្រធានរបស់ខ្លួនគ្មានអ្វីត្រូវខុសច្បាប់នោះទេ។
កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេតក៏បានឆ្លើយនឹងសំណួរព្រះរាជអាជ្ញាថា កញ្ញាមិនបានធ្វើចលនាប្រមូលផ្តុំអតីតមន្រ្តីគណបក្សសង្គ្រោះជាតិ ឬសកម្មជនគណបក្សនេះឲ្យមកផ្តុំគ្នានៅហាងនំបញ្ចុករបស់កញ្ញានោះទេ ហើយថា ក្នុងនាមជាម្ចាស់ហាងនៅពេលមានអតិថិជនចូលហាងគឺត្រូវទទួលស្វាគមន៍អ្នកទាំងនោះក្នុងនាមជាអ្នកលក់ និងអ្នកទិញនំបញ្ចុកតែប៉ុណ្ណោះ។
កញ្ញាឲ្យដឹងទៀតថា កញ្ញាក៏មិនបានញុះញង់ឲ្យមានការប្រឆាំងសាលដីកាប្រឆាំងការរំលាយគណបក្សសង្គ្រោះជាតិនោះដែរ។
នៅថ្ងៃទី៩ខែឧសភានេះ តុលាការខេត្តបាត់ដំបង ក៏បានសាកសួរអតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន៦នាក់បន្ថែមក្នុងនោះរួមមាន អតីតសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងលោកឌឹម សារឿនចៅសង្កាត់អូរចារជាប់ឆ្នោត កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេតចៅសង្កាត់ទួលតាឯកជាប់ឆ្នោតលោកម៉ក រ៉ា ចៅសង្កាត់ព្រែកព្រះស្ដេចលោកខាន់ប៊ុនផេង ចៅសង្កាត់ចម្ការសំរោងលោកឃួន ចំរើននិងក្រុមប្រឹក្សាក្រុងបាត់ដំបងជាប់ឆ្នោតលោកយួម ដូង។
តុលាការនេះក៏នឹងគ្រោងសាកសួរអតីតមន្រ្តីគណបក្សសង្គ្រោះជាតិផ្សេងៗទៀតជាបន្តបន្ទាប់។កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេតបាន សំណូមពរដល់តុលាការទម្លាក់ចោលបទប្រកាន់នានាលើកញ្ញាព្រោះរំខានការរកស៊ីរបស់កញ្ញានិងធ្វើឲ្យកញ្ញាមិនអាចរកប្រាក់ដើម្បីសងបំណុលធនាគារបាន៕