នយោបាយ

អ្នកស្រី​រ៉ូណា ស្មីត​ជួប​លោក​ស ខេង​អំពី​បញ្ហា​ស្ថាន​ភាព​អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​

By ឌឹ ខេមបូឌា ដេលី

May 10, 2019

អ្នក​រាយ​ការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា​អ្នកស្រី​រ៉ូណា ស្មីត​ឱ្យ​ដឹង​ថា ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​កាលពី​ថ្ងៃ​ម្សិលមិញ​ អ្នកស្រី​បាន​ជជែក​គ្នា​ច្រើន​អំពី​ស្ថាន​ភាព​របស់​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ។​

ជាង​នេះ​ទៅ​ទៀត​អ្នកស្រី​រ៉ូណា ស្មីត​ក៏​បាន​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ ​និង​ស្នើ​ឲ្យ​បិទ​ការ​ស៊ើប​អង្កេត។​ អ្នកស្រី​បញ្ជាក់​ថា​ទោះបី​ក្រសួង​យុត្តិធម៌​វិភាគ​ថា ​លោក​កឹម សុខា​ត្រូវ​បាន​ដោះលែង​ តែដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ក៏​ដោយ ​ក៏​ប៉ុន្តែ​លោក​កឹម សុខា​នៅតែ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ដដែល​ ដោយ​សារ​សេរីភាព​ដើរ​ហើរ​របស់​គាត់​ត្រូវ​បាន​រឹត​បន្តឹង​ និង​ពុំអាច​ជួប​មនុស្ស​ផ្សេង​បាន​ ហើយ​ក្រុម​គ្រួសារ​ត្រូវ​បាន​ឃ្លាំ​មើល​គ្រប់​ពេល។​ បេសក​ជន​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ថែទាំ​សុខភាព​របស់​លោក​កឹម សុខា​ហើយ​អ្នកស្រី​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ព្យាបាល​សុខភាព​របស់​លោក​កឹម សុខា ​ថែម​ទៀត។​

ទំព័រ​ហ្វេសប៊ុក​របស់​អ្នក​រាយ​ការណ៍​ពិសេស​នៅ​ថ្ងៃ​នេះ​ បាន​លើក​ឡើង​ថា​ ជំនួប​របស់​អ្នកស្រី​ រ៉ូណា ស្មីត​ជាមួយ​លោក​ស ខេង​កាលពី​ថ្ងៃ​ពុធ​ ក៏​មានការ​ជជែក​គ្នា​ច្រើន​អំពី​ការ​កសាង​ជំនឿ​ទុកចិត្ត​រវាង​សង្គម​ស៊ីវិល​ និង​រដ្ឋាភិបាល​ដែរ។ ​​ក្រៅ​ពី​នេះ​ភាគី​ទាំង​ពីរ​ ក៏បាន​ជជែក​គ្នា​អំពី​សេរីភាព​ក្នុង​ការជួប​ប្រជុំ​ និង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ជាដើម​ ពិសេស​គឺ​អំពី​ស្ថានភាព​របស់​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​តែ​ម្តង។​

ការ​ជួប​ជជែក​គ្នា​នេះ ​ធ្វើឡើង​​ស្រប​ពេល​អាជ្ញាធរ​លោក​ហ៊ុន សែន ​ចាប់​ផ្តើម​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​អតីត​មន្ត្រី​និង​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ជា​បន្តបន្ទាប់។​

ជាក់​ស្តែង​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​គណបក្ស​ប្រឆាំង​ លោក​ស៊ូ យាន​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២២​​មេសា​តាម​បណ្តឹង​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដោយ​ចោទ​ពី​បទ​ជេរ​ប្រមាថ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ ​ ដោយ​ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​លោក​ស៊ូ យាន​ថា​ ជា​រឿង​នយោបាយ។​

លើស​ពី​នេះ ​តុលាការ​ខេត្ត​បាត់ដំបង​ បាន​ចេញ​ដីកា​​កោះហៅ​អតីត​មន្ត្រី​និង​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ជាង​២០​រូប​ដើម្បី​សាកសួរ​ជុំវិញ​សំណុំ​រឿង​បំពាន​សាលដីកា​តុលាការ​កំពូល​ ដែល​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង​មួយ​នេះ ​កាលពី​ថ្ងៃ​ទី​ ១៦​វិច្ឆិកា​២០១៩។​

អតីត​មន្ត្រី​និង​សកម្ម​ជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​មួយ​ចំនួន​បាន​ហៅ​ការ​ កោះ​ហៅ​របស់​តុលាការ​ថា​ ជា​សកម្ម​ភាព​គំរាម​កំហែង​ផ្នែក​នយោបាយ ​និង​ផ្ទុយ​ពី​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។​ ចំណែក​ស្ថានភាព​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ និង​ទំនុក​ចិត្ត​រវាង​រដ្ឋាភិបាល​ជាមួយ​សង្គម​ស៊ីវិល​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ នៅតែ​ជា​បញ្ហា​ប្រឈម​ដដែល។​

កន្លង​មក​សង្គម​ស៊ីវិល​ធ្លាប់​លើក​ឡើង​ថា ​ដៃ​គូទាំង​ពីរ​នេះ​ធ្វើការ​ងារ​មិន​ទាន់​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​ ដោយពួក​គេ​នៅ​តែ​រង​សម្ពាធ ​និង​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី​អាជ្ញាធរ​ លោក​ហ៊ុន សែន​ឥត​ឈប់​ឈរ​​ពេល​បំពេញ​ការងារ។​

បញ្ហា​នេះ ​កន្លង​មក​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​ធ្លាប់​បញ្ជា​ឱ្យ​មាន​កិច្ច​សហការ​ល្អជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប៉ុន្តែ​សេចក្តី​ណែនាំ​នោះ​គឺ​ផ្ទុយ​គ្នា​ទៅនឹង​សកម្មភាព​ជាក់​ស្តែង​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​​ ហើយ​អាជ្ញាធរ​នៅតែ​បន្ត​តាមដាន​សកម្ម​ភាព​សង្គម​ស៊ីវិល​ស្ទើរ​គ្រប់​ពេល​វេលា៕