27 C
Phnom Penh

រដ្ឋាភិបាល​បន្ត​អំពាវនាវ​ឱ្យ​វិនិយោគិន​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​អំពាវនាវ​ឱ្យ​ក្រុម​វិនិយោគិន​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត។​

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​ម្សិលមិញ​បាន​ជំរុញ​ឱ្យ​សាស្ត្រា​ចារ្យ ​បុគ្គលិក​ និង​និស្សិត​នៃ​សាកល​វិទ្យាល័យ​ចិន​ ស៊ិនជិន​ជួយ​ផ្សព្វ​ផ្សាយ​អំពី​សក្តានុពល​ និង​ឱកាស​ធុរកិច្ច​ដល់​វិនិយោគិន​ចិន​ ដើម្បី​ឱ្យ​ពួក​គេ​កាន់​តែ​ចាប់​អារម្មណ៍​និង​ផ្តល់​ឱកាស​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត។​

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​លោក​ប៉ាន សូរស័ក្តិ​បាន​លើក​ឡើង​ថា​   ការ​អនុវត្ត​យុទ្ធសាស្រ្ត​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​របស់​ចិន​គឺ​នាំ​មក​នូវ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​កម្ពុជា។​ មិនតែ​ប៉ុណ្ណោះ​លោក​ថា​  គម្រោង​នេះ​គឺ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ ដែល​បាន​នាំមក​នូវ​ការ​ត​ភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ វិនិយោគ ​ហិរញ្ញ​វត្ថុ ​និង​វប្បធម៌​ ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​និង​ពិភពលោក។​

យ៉ាងណា​ក៏​ដោយ ​កាលពី​ពេល​ថ្មីៗ​នេះ​ សហ​រដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា ​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​របស់​ចិន​ គឺជា​អន្ទាក់​នៃ​បំ​ណុល ​ជា​ពិសេស​សម្រាប់​ប្រទេស​ក្រីក្រ​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ប៉ុណ្ណោះ។​

គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​របស់​ចិន​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីងពីង​កាលពី​ឆ្នាំ​២០១៣​ដើម្បី​រំលឹក​និង​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នូវ​ផ្លូវ​សូត្រ ​ ដែល​ចិន​ធ្លាប់​មាន​តួនាទី​សំខាន់​កាលពី​អតីត​កាល។​

ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​របស់​ចិន​​ក៏​ជា​គម្រោង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវ​ថ្នល់ ​ស្ពាន ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ កំពង់ផែ ​បំពង់​បង្ហូរ​ប្រេង​ បំពង់​បង្ហូរ​ឧស្ម័ន ​ខ្វាត់​ខ្វែង​ចេញ​ពី​អឺរ៉ុប​ឆ្លង​កាត់​រុស្ស៊ី ​និង​អាស៊ី​កណ្តាល​ ចេញ​ពី​អាហ្វ្រិក​ឆ្លង​កាត់​ដើម​បូព៌ា ​និង​អាស៊ី​ខាង​ត្បូង​ ចេញ​ពី​ចិន​ ឆ្លង​កាត់​មក​អាស៊ី​អាគ្នេយ៍​ជា​ដើម។​

ក្រៅពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​គម្រោង​នេះ ក៏​មាន​ការ​កសាង តំបន់​សេដ្ឋ​កិច្ច​ពិសេស ​តំបន់​ឧស្សាហ​កម្ម​ផ្តាច់​មុខ​ ជា​ច្រើន​កន្លែង​នៅ​តាម​ប្រទេស​ក្នុង​គម្រោង​ទាំង​អស់​៦៥​ប្រទេស ​ដែល​គិត​ជា​ទឹក​ប្រាក់​មាន​តម្លៃ​ប្រមាណ​១០០​ម៉ឺន​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស