27.5 C
Phnom Penh

លោក​សុខ ទូច​ថា​ បញ្ញ​វ័ន្ត​ដូច​លោក​ខ្ពើម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ណាស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា​លោក​សុខ ទូច​អះអាង​ថា​ បញ្ញវ័ន្ត​ដូច​ជា​រូប​លោក​ខ្ពើម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​មិន​ចង់​មក​ជាន់​ដី​ទី​កន្លែង​នោះ​ទេ​ ប៉ុន្តែ​ការ​ដែល​មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ជា​រឿង​ដែល​លោក​មិន​អាច​ចៀសបាន។​

លោក​ថា​ ទីនោះ​មាន​រូប​ភាព​ចាប់​មនុស្ស​ដាក់​ខ្នោះ​ដែល​ជា​រូបភាព​លោក​មិន​ចង់​ឃើញ។ ​ការ​អះអាង​របស់​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ដូច្នេះ​ធ្វើ​ឡើង​ ខណៈ​លោក​ទើប​ដើរ​ចេញ​ពី​សាលាដំបូង​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ខែ​ឧសភា​ក្រោយ​ពី​បាន​ឆ្លើយ​បំភ្លឺ​ជុំវិញ​ពាក្យ​បណ្តឹង​របស់​គណបក្ស​ខ្មែរ​ក្រោក​ទាក់ទង​នឹង​ការ​ទាមទារ​កោះ​ត្រល់​របស់​ខ្មែរ​មក​វិញ។ ​លោក​សុខ ទូច​ថែម​ទាំង​ឆ្លើយ​ឌឺដង​ទៅ​ដើម​បណ្តឹង​វិញ​ ថា​ ការ​ផ្តិត​មេដៃ​ទាមទារ​កោះ​ត្រល់​នេះ​នឹង​មិន​អាច​ទទួល​បាន​កោះ​ត្រល់​មក​វិញ​ទេ។​

គណបក្ស​ខ្មែរ​ក្រោក​កាលពី​ឆ្នាំ​២០១៨​ប្រកាស​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេ​ដៃ​ដាក់​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​ពិនិត្យ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ ដែល​គណបក្ស​នេះ​ចាត់​ទុក​ថា ​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ទឹកដី។​ ប៉ុន្តែ​ពេល​នោះ ​លោក​សុខ ទូច​បាន​អំពាវ​នាវ​ឲ្យ​ចាត់​វិធាន​ការ​ប្រឆាំង​គណបក្ស​នោះ ​ដោយ​ថា​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​សង្គម។​

ជា​ការ​ឆ្លើយ​តប​គណ​បក្ស​នេះ​កាល​ពី​ថ្ងៃ​ទី​៦​ខែ​សីហា​ឆ្នាំ​២០១៨​បាន​ដាក់​ពាក្យ​ប្តឹង​លោក​សុខ ទូច​ចំនួន​ពីរ​គឺ​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ និង​ពី​បទ​ជ្រៀត​ជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ។​

ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​លោក​សុខ វឌ្ឍនាសាប៊ុង​ ឬ​វីល្លាម​គ័ង្គ​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​តាម​ទូរស័ព្ទ​ថា​ លោក​ស្តាយ​ចំពោះ​ចំណាត់​ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​​លោក​បាន​ប្តឹង​លោក​សុខ ទូច​ករណី​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ និង​ពី​បទ​ជ្រៀត​ជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ​ប៉ុន្តែ​បែរ​ជា​តុលាការ​កោះហៅ​ និង​សាក​សួរ​លោក​សុខ ទូច​ពីបទ​កុប្បកម្ម​ទៅ​វិញ។​

ទោះយ៉ាង​ណា​ក៏​ដោយ ​ លោក​សុខ ទូច​បាន​អះអាង​ថា ​ក្នុង​នាម​លោក​អ្នក​គោរព្ធ​ប្រណិប័ត​ព្រះ​ពុទ្ធ​សាសនា​លោក​មិន​ប្តឹង​តប​ត​ទៅ​គណបក្ស​ខ្មែរ​ក្រោក​វិញ​ទេ​​ប៉ុន្តែ​លោក​ត្រៀម​ខ្លួន​ជា​និច្ច​ក្នុង​ការ​តតាំង។​ ជាង​នេះ​ទៅទៀត​ លោក​ទាម​ទារ​ឲ្យ​តុលាការ​ទាត់​ចោល​ពាក្យ​បណ្តឹង​របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​នេះ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស