28 C
Phnom Penh

លោក​សម រង្ស៊ី​ថា ​លោក​ហ៊ុន សែន​កំពុង​ភ័យ​ស្លន់ស្លោ​រឿង​លោក​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​សម រង្ស៊ី​ប្រកាស​ថា ​លោក​ហ៊ុន សែន​កំពុង​ភ័យ​ស្លន់​ស្លោ​ចំពោះ​ព័ត៌មាន​អំពី​ការ​វិល​ត្រឡប់​របស់​លោក​ចូល​ប្រទេស​កម្ពុជា​វិញ។​

ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៩ ​ខែ​ឧសភា​ដោយ​ផ្ញើ​សារ​ទៅ​អ្នក​គាំទ្រ​ខ្លួន​ថា​  រាស្ត្រ​ខ្មែរ​ត្រូវ​តែ​ផ្តួល​រំលំ​របប​ហ៊ុន សែន​ ព្រោះ​របប​នេះ ​ជារ​បប​ខុស​ច្បាប់​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ ​កាល​ពី​ឆ្នាំ​២០១៨​ដែល​ជា​ការ​រំលោភ​ឆន្ទៈ​ប្រជា​រាស្ត្រ​ទាំង​ស្រុង ​ព្រោះ​ការ​បោះឆ្នោត​នោះ​ មិន​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តំណាង​ឲ្យ​ឆន្ទៈ​ប្រជា​រាស្ត្រ​ខ្មែរ​ជាង​ពាក់​កណ្តាល​នគរ​និង​ផ្ទុយ​ពី​គោល​ការណ៍​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។​

សារ​នយោបាយ​របស់​លោក​សម រង្ស៊ី​បែបនេះ​គឺជា​ការ​ឆ្លើយ​តប​ទៅ​វិធាន​ការ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ដែល​កំពុង​រៀប​ចំ​យុទ្ធ​សាស្រ្ត​ចុះ​ពន្យល់​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឲ្យ​ស្គាល់​ពី​ផល​វិបាក​នៃ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​ខ្លួន។​

ទោះជាយ៉ាង​ណា​ក៏​ដោយ​ ​ទោះជា​លោក​ហ៊ុនសែន​ប្រកាស​ថា ​នឹង​ឈប់​ឆ្លើយឆ្លង​ជាមួយ​លោក​សម រង្ស៊ី​ក្តី​ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៧​ខែ​ឧសភា​មេដឹក​នាំរូប​នេះ​បាន​ចេញ​លិខិត​ផ្ញើជូន​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត​​ឲ្យ​ផ្សព្វ​ផ្សាយ​អប់រំ​ពលដ្ឋ​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​សភាព​ការណ៍​តាម​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស។​

លោក​ហ៊ុន សែន​បន្ត​ថា​ លោក​បាន​ប្រកាស​ជា​បន្ត​បន្ទាប់​ថា ​ ផែន​ការ​វិល​ទៅ​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​នេះ​របស់​លោក​សម រង្ស៊ី​ គឺ​ក្នុង​គោល​បំណង​ដឹកនាំ​ធ្វើ​បដិវត្តន៍​ពណ៌​ជា​ថ្មី ​ដោយ​បាន​អំពាវ​នាវ​ឲ្យ​ កង​កម្លាំង​ប្រដាប់​អាវុធ ​និង​ពលរដ្ឋ​ធ្វើ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។​

លោក​ហ៊ុន សែន អះអាង​ថា​ ដើម្បី​គ្រប់គ្រង​សភាព​ការណ៍​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត​ដឹកនាំ​ណែនាំ​ដល់​ក្រុម​ការងារ​ និង​មន្រ្តី​​អាជ្ញាធរ​ កង​កម្លាំង​មាន​សមត្ថ​កិច្ច​គ្រប់ជាន់​ថ្នាក់​ សហ​ការ​រៀបចំ​វេទិកា​សាធារណៈ​គ្រប់​ឃុំ ​ភូមិ​ ដើម្បី​ផ្សព្វ​ផ្សាយ​អប់រំ​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​អំពី​ផល​វិបាក​នៃ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​សកម្ម​ភាព​បដិវត្តន៍​ពណ៌​នេះ។​

ចំណែក​លោក​ស ខេង​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ថ្លែង​ក្នុង​ពិធី​ផ្ទេរ​តំណែង​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​ថ្ងៃទី​១០​ខែ​សភា​នេះ​ថា ​ កម្ពុជា​បាន​ឆ្លង​កាត់​ច្រើន​របប​និង​សង្គ្រាម​បង្ហូរ​ឈាម​រួច​មក​ហើយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លាច​សង្គ្រាម​ណាស់​ ដូច្នេះ​លោក​ថា​ បើ​អ្នក​ណា​បបួល​ពលរដ្ឋ​ចូល​រួម​បង្ហូរ​ឈាម​សារ​ជាថ្មី​គឺ​ពលរដ្ឋ​នឹង​មិន​ចូល​រួមជា​មួយ​នោះ​ទេ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស