ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី បានយាងចាកចេញពីកម្ពុជាទៅទីក្រុងប៉េងកាំងប្រទេសចិន នៅថ្ងៃទី១៣ ខែឧសភា នេះ ដែលត្រូវជាថ្ងៃអបអរពិធីចម្រើនព្រះជន្មរបស់ព្រះអង្គរយៈពេលបីថ្ងៃ ដោយព្រះអង្គត្រូវចូលរួមវេទិកាអរិយធម៌អាស៊ី។
ហ្វេសប៊ុករបស់លោកហ៊ុន សែនចុះផ្សាយថា វេទិកានេះជាវេទិកាលើកទី១ ដែលរៀបចំដោយប្រទេសចិន។ កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះនឹងផ្តោតលើប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ីការយល់ដឹងពីគ្នាទៅវិញទៅមក និងសហគមន៍រួមវាសនា។ គោលបំណងសំខាន់គឺឆ្ពោះទៅមុខដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យនៃអរិយធម៌នៅអាស៊ី និងលើពិភពលោកនិងជាការបង្កើតជាវេទិកាសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមក។
ជាងនេះទៅទៀត វេទិកានេះនឹងទទួលបាននូវការអភិវឌ្ឍទៅវិញទៅមក បង្កើនទំនុកចិត្តលើវប្បធម៌អាស៊ីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និងការជឿទុកចិត្តគ្នាទៅវិញទៅមកផងដែរ។ព្រះមហាក្សត្រនឹងយាងត្រឡប់មកកម្ពុជាវិញនៅរសៀលថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ខាងមុខ ក្រោយបញ្ចប់វេទិកានេះ។
មុនចាកចេញពីកម្ពុជាមានការប្រារព្ធរាជពិធីចម្រើនព្រះជន្ម៦៦ព្រះវស្សាយាងចូល៦៧ព្រះវស្សារបស់ព្រះមហាក្សត្រកាលពីថ្ងៃទី១២ខែឧសភាកន្លងទៅ ដោយមានប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភា លោកហ៊ុន សែននិងមន្រ្តីជាន់ខ្ពស់មួយចំនួនចូលរួមថ្វាយព្រះពរព្រះអង្គនៅព្រះបរមរាជវាំង៕