នយោបាយ

ហេដ្ឋា​រចនា​សម្ព័ន្ធ​តំបន់​ទេសចរណ៍​មួយ​ចំនួន ​មិនទាន់​រៀបចំ​ត្រឹមត្រូវ​ ដែល​វា​ជា​ឧបសគ្គ​រារាំង​ភ្ញៀវ​ទេសចរ​

By ឌឹ ខេមបូឌា ដេលី

May 23, 2019

ក្រុម​ប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ហៅ​កាត់​ថា ​ក.ផ.ផ.​គ្រោង​នឹង​លើក​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ពាក់​ព័ន្ធ​វិស័យ​ទេសចរណ៍​ ដាក់​ជូន​រាជ​រដ្ឋាភិបាល​ដោះ​ស្រាយ​ ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​បន្ថែម​ទៀត។​

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍​នៅ​ថ្ងៃ​នេះ​ ឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​បញ្ហា​ទាំង​ឡាយ​បញ្ហា​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តាម​តំបន់​គោល​ដៅ​ទេសចរណ៍​មួយ​ចំនួន​ ពិសេស​នៅ​ក្រុង​សៀមរាប​ដែល​មិន​ទាន់​មាន​ការ​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​គឺ​ជា​ឧបសគ្គ​រំខាន​ដល់​ទឹក​ចិត្ត​ភ្ញៀវទេសចរ​បរទេស​មក​លេង​កម្សាន្ត​នៅ​កម្ពុជា។​

ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​និង​ផ្សព្វ​ផ្សាយ​ទេសចរណ៍​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិលមិញ​ ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​លោក​ថោង ខុន​ដែល​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នេះ​ព្រម​ទាំង​សមាជិក​របស់​ខ្លួន​បាន​លើក​ឡើង​បញ្ហា​និង​ដំណោះ​ស្រាយ​សំខាន់ៗ​មួយ​ចំនួន​រួម​មាន​ការស្នើ​ចង់ឱ្យ​មាន​ការ​លើក​លែង​ទិដ្ឋាការ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ។ ​ការ​ពង្រីក​ជើង​ហោះ​ហើរ​ពី​ប្រទេស​ឥណ្ឌា​ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​ឥណ្ឌា ​និង​ទេសចរ​នៅ​ប្រទេស​ឥណ្ឌា​បន្ថែម។​

ការ​បង្កើត​ផលិត​ផល​ទេសចរណ៍​ថ្មីៗ​ឱ្យ​បាន​ច្រើន​នៅ​ខេត្ត​សៀមរាប​ ដើម្បី​បំពេញ​តម្រូវ​ការ​កម្សាន្ត​ជូន​ភ្ញៀវ​ទេសចរ​ក្រៅពី​ប្រាសាទ​អង្គរវត្ត​ និង​ប្រាសាទ​សំខាន់​ដទៃ​ទៀត​ ពិសេស​លោក​ក៏​បាន​លើក​ពី​បំណង​ចង់​រៀបចំ​តំបន់​បឹង​ទន្លេសាប​និង​តំបន់​​ជួរ​ភ្នំ​គូលេង​គោលដៅ​ទេសចរណ៍​ថ្មី​សម្រាប់​កម្ពុជា​​និង​ដោះ​ស្រាយ​បញ្ហា​លក់​វត្ថុ​អនុស្សាវរីយ៍ ​និង​ទំនិញ​នានា​ជូន​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ខណៈ​មាន​ការ​ក្លែង​បន្លំ​លក់​ទំនិញ​ក្លែង​ក្លាយ​និង​ទំនិញ​គ្មាន​គុណភាព​ឱ្យ​ភ្ញៀវ​នៅ​តែ​មាន។​

បញ្ហា​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅក្នុង​ក្រុង​សៀមរាប​និង​នៅ​តាម​តំបន់​ទេសចរណ៍​មួយ​ចំនួន​មិន​ទាន់​រៀប​ចំ​ឱ្យ​សមរម្យ​ដែល​បង្ក​ជា​ឧបសគ្គ​ដល់​ភ្ញៀវទេសចរ​ចង់​មក​ទស្សនា​នៅ​កម្ពុជា​ជា​ដើម។​

ក្រៅពី​នេះនៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​ប៉ះពាល់​ដល់​ការ​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ​ហើយ​អង្គ​ប្រជុំ​បាន​ឯកភាព​គ្នា​នឹង​លើក​បញ្ហា​ទាំង​នេះ​ទៅ​ពិភាក្សា​គ្នា​បន្ត​បន្ទាប់​ទៀត​ ហើយ​នឹង​ដាក់​ជូន​រាជ​រដ្ឋាភិបាល​ដើម្បី​កំណត់​យុទ្ធ​សាស្ត្រ​ដោះ​ស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ៕​​