28 C
Phnom Penh

ក្រុមយុវជនគាំទ្រគណបក្សសង្គ្រោះជាតិក្នុងប្រទេសជប៉ុន គ្រោងធ្វើបាតុកម្មប្រឆាំងវត្តមានលោកហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្ម​ជន​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ប្រទេស​ជប៉ុន​គំរាម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​ហ៊ុន សែន​នៅ​ចុង​ខែ​ឧសភា​ខាង​មុខ។​

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​លោក​ហៃ វណ្ណា​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ នាំគ្នា​ចូល​រួម​ឱ្យ​បាន​ច្រើន​ដើម្បី​បាតុកម្ម​តវ៉ា ប្រឆាំង ​វត្តមាន​លោក​ហ៊ុន សែន​ពី​ថ្ងៃ​ទី​២៩​ដល់​ថ្ងៃទី​៣១​ឧសភា។​ ជាង​នេះ​ទៅ​ទៀត​ ពួក​គេ​អំពាវ​នាវ​កុំ​ឲ្យ​មាន​ការ​ទទួល​ស្វាគមន៍​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ដោយ​សារ​រដ្ឋាភិបាល​មួយ​នេះ​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ​កើត​ចេញ​ពីការ​បោះឆ្នោត​ក្លែង​ក្លាយ។​

ពួក​គេ​អះអាង​ថា​ គម្រោង​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក​ហ៊ុន សែន​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីតាំង​ចំនួន​៣​ផ្សេង​គ្នា ​រួមមាន​នៅមុខ​សណ្ឋាគារ​ដែល​រៀបចំ​សន្និសីទ​ស្តីពី​អនាគត​របស់​អាស៊ី ​ នៅ​ខាង​មុខ​ក្រសួង​ការ​បរទេស​និង​នៅ​មុខ​រដ្ឋ​សភា​ជប៉ុន។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ឱ្យ​ដឹងថា​ លោក​ហ៊ុន សែន​និង​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៣​ថ្ងៃ ​នៅទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ដើម្បី​ចូល​រួម​សន្និសីទ​អន្ដរជាតិ​លើក​ទី​២៥​ស្ដីពី«អនាគត​អាស៊ី»​ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៩​ដល់​ថ្ងៃ​ទី​៣១​ខែ​ឧសភា​នេះ។ ​ ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា​ លោក​ហ៊ុន សែន​ក៏គ្រោង​ជួប​ជាមួយ​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីនហ្សូ អាបេ​និង​ចុះ​ហត្ថលេខា​រួមគ្នា​លើ​កិច្ច​ព្រម​ព្រៀង​ចំនួន​២​ដែល​ជប៉ុន​គ្រោង​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ មាន​ទឹក​ប្រាក់​សរុប​ជាង​៥០០​លាន​យ៉េន។​

យ៉ាង​ណាក៏​ដោយ​ គេ​សង្កេត​ឃើញ​ថា រាល់​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក​ហ៊ុន សែន​នៅ​ក្រៅ​ប្រទេស​គឺតែង​មាន​បាតុកម្ម​ក្នុង​ស្រុក​ដែល​ដឹក​នាំ​ដោយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​តប​ត​នឹង​ក្រុម​បក្ស​សង្រ្គោះ​ជាតិ ​ហើយ​មាន​បាតុកម្ម​ខ្លះ​ឈាន​រហូត​ដល់​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថែម​ទៀត​ផង។​

លើស​ពី​នេះ ​ក៏មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អតីត​មន្ត្រី​និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​ តាម​រយៈ​ការ​ប្រើ​យុទ្ធ​សាស្ត្រ​យក​បន្លា​ ជួស​បន្លា​ផង​ដែរ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស