35 C
Phnom Penh

លោក​សម រង្ស៊ី​ហៅ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ដែល​របប​ក្រុង​ភ្នំពេញ​រៀបចំ​ថា​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​សម រង្ស៊ី​ហៅ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៣​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន សែន​កំពុង​រៀបចំ​នេះ ​ថា​ ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ។ ​ប៉ុន្តែ​គ.ជ.ប.​និង​គណបក្ស​កាន់​អំណាច​ថា​ ការ​បោះ​ឆ្នោត​ដំណើរ​ការ​រលួន​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នាំមុខ​គេ​ដាច់​ហើយ​គ្មាន​គណបក្ស​ណា​មួយ​អាច​ប្រៀប​ផ្ទឹម​នោះ​ឡើយ។​

ផ្អែក​លើ​លទ្ធផល​បឋម​ដែល​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ប្រកាស​កាល​ពី​យប់​ថ្ងៃ​ទី​២៦​ខែ​ឧសភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​សំឡេង​ច្រើន​លើស​លប់​ គ្រប់​មណ្ឌល​បោះឆ្នោត​រាជធានី​ខេត្ត ​និង​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​នៃ​ការ​បោះឆ្នោត​នេះ។​

លទ្ធផល​លើក​នេះ​គឺ​មិន​ខុស​គ្នា​ពីការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី ​នោះ​ទេ ។​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​និយាយ​ថា​ បក្ស​កាន់​អំណាច​នឹង​ទទួល​បាន​កៅ​អី​ទាំង​អស់​ពី​ការ​បោះឆ្នោត​នេះ។​ លោក​សម រង្ស៊ី​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ថា​ នេះ​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ ​ដែល​នាំ​មក​នូវ​ប្រព័ន្ធ​ឯកបក្ស។ ​លោក​បន្ត​ថា​  នេះជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ​លើក​ទី​៣ ​បន្ទាប់​ពី​លោក​ហ៊ុន សែន​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​នៅ​ថ្ងៃ​១៦​វិច្ឆិកា​២០១៧​កន្លង​ទៅ។​

លោក​រៀប​រាប់​ថា ​ការ​បោះឆ្នោត​ក្លែង​ក្លាយ​លើក​ទី​១​គឺ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នៅថ្ងៃ​២៥​កុម្ភៈ​២០១៨។ ​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ លើក​ទី​២​គឺការ​បោះឆ្នោត​តំណាង​រាស្ត្រ ​នៅ​ថ្ងៃ​២៩​កក្កដា​២០១៨។​

ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ទាំង​៣​លើក​នោះ ​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ ទទួល​បាន​អាសនៈ​១០០%​ នៅ​គ្រប់​ស្ថាប័ន​រដ្ឋ​ពី​ថ្នាក់​ជាតិ​ ដល់​ថ្នាក់​មូល​ដ្ឋាន​តែ​ម្តង។​

លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ រាជ​ធានី​ ខេត្ត ​ក្រុង​ស្រុក​ខណ្ឌ ​អាណត្តិទី​៣​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​ឧសភា​បង្ហាញ​ថា ​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ ដូច​ជា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន​សំឡេង​តិចតួច​ប៉ុណោះ។​

ចំណែក​គណបក្ស​តូចៗ​មួយ​ចំនួន​ដែល​ឃើញ​មាន​តែ​ឈ្មោះ​ក្នុង​ពេល​បោះឆ្នោត​ ដូច​ជា​ គណបក្ស​សញ្ជាតិ​កម្ពុជា​ គណបក្ស​ខ្មែរ​សាធារណៈ​រដ្ឋ ​គណបក្ស​យុវជន​កម្ពុជា ​និង​គណបក្ស​ឆន្ទៈ​ខ្មែរ​មិន​ទទួល​បាន​សំឡេង​គាំទ្រ​ឡើយ។​

អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើ​ការ​ងារ​ទាក់​ទង​ការ​បោះឆ្នោត​ រិះគន់​ថា​  ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​នេះ​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​ជាតិ​និង​ខ្ជះខ្ជាយ​ពេល​វេលា ​ព្រោះគេ​អាច​គណនា​ដឹង​មុន​ពី​លទ្ធផល​បោះឆ្នោត​ ដែល​បក្ស​កាន់​អំណាច​នឹង​ឈ្នះ​ដាច់​លើ​គណបក្ស​ផ្សេង​ទៀត​ដោយ​សារ​ការ​បោះឆ្នោត​នេះ​ជាការ​បោះឆ្នោត​អសកល​ខណៈ​អង្គ​បោះឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​មុខ​តំណែង​ដែល​សព្វ​ថ្ងៃ​អ្នក​ទាំង​នោះ​ជា​មន្រ្តី​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស