27 C
Phnom Penh

រដ្ឋាភិបាល​ប្រកាស​ឱ្យ​កង​កម្លាំង​ត្រៀម​លក្ខណៈ​ជាថ្មី​ទៀត​ ដើម្បី​ត្រៀម​កម្ចេច​ក្រុម​លោក​សម រង្ស៊ី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​បាន​ប្រកាស​ឱ្យ​កង​កម្លាំង​ត្រៀម​លក្ខណៈ​ចាត់​វិធាន​ការ​ទប់ស្កាត់​ឬ​កម្ចេច​ក្រុម​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្ស៊ី​អោយ​អស់។​ ជាង​នេះ​ទៅទៀត​លោក​ហ៊ុន សែន​ថា​ ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​កំពុង​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក​ហើយ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ការិយាល័យ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​នៅ​ថ្ងៃ​នេះ​បាន​ចាត់​ទុក​ថា ​ទង្វើ​របស់​លោក​សម រង្ស៊ី​គឺ​បង្ហាញ​ពី​ភាព​ទាល់​ច្រក​ផ្នែក​នយោបាយ។​ សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​ពេល​នេះ ​ធ្វើ​ឡើង​​ក្រោយ​ពេល​លោក​សម រង្ស៊ី​បាន​លើក​ឡើង​នៅ​លើ​សារ​ព័ត៌មាន​មួយ​ចំនួន​ពី​គម្រោង​វិល​ត្រឡប់​របស់​លោក​ទៅ​កម្ពុជា​វិញ​និង​ការ​អំពាវនាវ​​ជា​ថ្មី​ទៀត​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​និង​ពលរដ្ឋ​ងើប​ឡើង​បះបោរ​ប្រឆាំង​ក្រុម​លោក​ហ៊ុន សែន​ដើម្បី​យក​ប្រទេស​ជូន​ពល​រដ្ឋ​វិញ។​

ប៉ុន្តែ​រដ្ឋាភិបាល​ចាត់​ទុក​ការ​អំពាវនាវ​របស់​លោក​សម រង្ស៊ី​ថា​ ជា​ទង្វើ​ញុះញង់​ប្រជា​ពលរដ្ឋ​ខ្មែរ​ហើយ​បង្ហាញ​អំពី​ភាព​ទន់​ខ្សោយ​ផ្នែក​នយោបាយ​និង​ចង់​ងាក​មក​ប្រើប្រាស់​ញើស​ឈាម​ព្រម​ទាំង​ជីវិត​ប្រជាជន​កម្ពុជា​ជា​ឈ្នាន់​សម្រាប់​ការ​វិល​ត្រឡប់​មក​វិញ​របស់​ពួក​គេ ​ប៉ុណ្ណោះ។ ​

ជាង​នេះ​ទៅ​ទៀត ​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ ត្រៀម​លក្ខណៈ ​ទោះ​ក្នុង​វិធាន ​និង​តម្លៃ​ណា​ក៏​ដោយ​ ដើម្បី​ទប់​ស្កាត់​ទង្វើ​របស់​ក្រុម​លោក​សម រង្ស៊ី។​

កាលពី​ថ្ងៃ​ទី​២៣​ឧសភា ​លោក​សម រង្ស៊ី​បាន​បង្ហោះ​វីដេអូ​ ចាស់​មួយ​ជាថ្មី​ទៀត​ ដោយ​អះអាង​ថា​ ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​មាន​ជម្លោះ ​និង​ជិត​ផ្ទុះ​ទៀត​ផង​ ដោយ​ថា​ មន្ត្រី​ជាន់ខ្ពស់​ក្នុង​គណបក្ស​កាន់​អំណាច​កំពុង​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា។​ លោក​សមរង្ស៊ី​ក៏បាន​សរសេរ​ទៀត​ថា ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​កងទ័ព​ជា​ច្រើន​កំពុង​រង់ចាំ​ឱកាស​ប្រឆាំង​នឹង​លោក​ហ៊ុន សែន​តែ​ប៉ុណ្ណោះ។​

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ក៏​បាន​អះអាង​ថ្មីៗ​នេះ​ទៀត​ថា​ លោក​នឹង​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​មក​រំដោះ​ប្រទេស​ពី​ក្រញាំ​ដៃ​របស់​លោក​ហ៊ុន សែន​ទៀត​ផង។​

ក្រុម​អ្នក​វិភាគ​នយោបាយ​ធ្លាប់​បាន​បង្ហាញ​ក្តី​បារម្ភ​ថា ​ប្រសិន​បើ​ការ​ផ្លាស់​ប្តូរ​ប្រទេស​មួយ​ធ្វើ​ឡើង​តាម​រយៈ​ការ​ប្រើ​អំពើ​ហិង្សា​ដែល​កើត​ចេញ​ពី​សង្គ្រាម ​ឬ​ការ​ប្រើ​កម្លាំង​ទ័ព​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ដើរ​ថយ​ក្រោយ​វិលទៅ​រក​សម័យ​កាល​ កាល​​ពី​២០​ឆ្នាំ​មុន​ហើយ​នាំ​ឱ្យ​​កម្ពុជា​កើត​មាន​សង្គ្រាម​ស៊ីវិល​ជាថ្មី​ទៀត​ជាក់​ជា​មិន​ខាន៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស