Opinion

លោក​ហ៊ុន សែន​ទៅ​ចូល​រួម​សន្និបាត​​គណៈ​កម្មាធិការ​សេដ្ឋកិច្ច​និង​សង្គម​របស់​អ.ស.ប.​នៅ​​ថៃ

លោក​ហ៊ុន សែន​និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់​របស់​លោក​បាន​នាំគ្នា​ទៅ​ចូល​រួម​សន្និបាត​លើក​ទី​៧៥ ​នៃ​គណៈ​កម្មាធិការ​សេដ្ឋ​កិច្ច ​និង​សង្គម​នៃ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​តំបន់​អាស៊ីប៉ាស៊ីហ្វិក​(UN-ASCAP)​​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​នា​ព្រឹក​នេះ​ហើយ​លោក​នឹង​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​នៅ​រសៀល​នេះ​ផង​ដែរ។​

ហ្វេសប៊ុក​របស់​លោក​ហ៊ុន សែន​នៅ​ព្រឹក​នេះ​អះអាង​ថា​ ការ​ដឹកនាំ​​ប្រតិភូ​ទៅ​នេះ​គឺ​ដើម្បី​ចូល​រួម​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​៧៥​របស់​គណៈ​កម្មាធិការ​សេដ្ឋ​កិច្ច​និង​សង្គម​នៃ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វីក​(UN-ESCAP)​មូលបទ​«ការ​ផ្តល់​សិទ្ធិ​អំណាច​ជូន​ប្រជាជន​និង​ការ​ធានា​ការ​ចូល​រួម​របស់​ពលរដ្ឋ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​ជាតិ​និង​សមភាព»​ដែល​នឹង​ប្រារព្ធ​ឡើងនៅថ្ងៃ​នេះ។

លោក​ហ៊ុន សែន​អះអាង​ថា​ នៅ​វាទិកា​នេះ​លោក​ក៏​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ទៅ​កាន់ សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​៧៥​របស់​គណៈ​កម្មាធិការ​សេដ្ឋកិច្ច​ និង​សង្គម​នៃ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វីក​(UN-ESCAP) ​ក្រោម​មូលបទ​«ការ​ផ្តល់​សិទ្ធិ​អំណាច​ជូន​ប្រជាជន​និង​ការ​ធានា​ការ​ចូល​រួម​របស់​ពលរដ្ឋ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​ជាតិ​និង​សមភាព»។​

ប្រភព​ដដែល​បញ្ជាក់​ថា​ សន្និបាត​ប្រចាំ​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​៣១​ខែ​ឧសភា​ឆ្នាំ​២០១៩​​ហើយ​គោល​បំណង​ដ៏​ចម្បង​នៃ​សន្និបាត​នេះ​គឺ​ដើម្បី​ពិនិត្យ ​និង​អនុម័ត​លើ​របាយ​ការណ៍​ការងារ​ដែល​UN-ESCAP​និង​រដ្ឋ​ជា​សមាជិក​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨​និង​អនុម័ត​លើ​ផែនការ ​ព្រម​ទាំង​កម្ម​វិធី​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ ដែល​បាន​ស្នើ​ឡើង​ដោយ​UN-ESCAP​និង​រដ្ឋ​ជា​សមាជិក​សម្រាប់​ឆ្នាំ​២០១៩។​

សន្និបាត​ប្រចាំ​ឆ្នាំ​នេះ​ក៏​នឹង​មាន​ការ​យាង​ចូល​រួម​ពី​ម្ចាស់​ក្សត្រី​មហា​ចក្រី​សិរិនថន​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ប្រធានាធិបតី​នាយក​រដ្ឋមន្ត្រី ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ ឧត្តម​មន្ត្រី​និង​មន្ត្រី​នៃ​រដ្ឋ​ជា​សមាជិក​ចំនួន​៥៣​ប្រទេស​នៃ​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​តំណាង​ស្ថាប័ន​សំខាន់ៗ​របស់​អង្គការ​សហ​ប្រជាជាតិ​ អង្គការ​អន្តរ​ជាតិ​ដៃ​គូ​អភិវឌ្ឍន៍​ ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ អង្គការ​ក្រៅ​រដ្ឋាភិបាល ​សង្គម​ស៊ីវិល​និង​វិស័យ​ឯកជន​ជា​ច្រើន​ទៀត។​

របាយ​ការណ៍​ និង​ផែន​ការ​សកម្ម​ភាព​ទាំង​នោះ​នឹង​ដាក់​ជូន​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច ​និង​សង្គម​កិច្ច​អង្គការ​សហ​ប្រជាជាតិ​(ECOSOC)​និង​អង្គ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​អំឡុង​ខែ​កញ្ញា​នៅ​បូរីញូយ៉ក​ សហ​រដ្ឋ​អាមេរិក​ផង​ដែរ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.