អគ្គស្នងការនគរបាលជាតិបានណែនាំឱ្យមន្ត្រីសមត្ថកិច្ចទាំងឡាយនៅតាមបណ្តោយព្រំដែនទាំងអស់ត្រូវរាយការណ៍ព័ត៌មានអំពីសភាពការណ៍នៅតាមព្រំដែនដែលខ្លួនគ្រប់គ្រងដើម្បីងាយស្រួលតាមដាន និងគ្រប់គ្រងស្ថានភាពតាមព្រំដែនទាំងនោះ។
ភ្នាក់ការសារព័ត៌មានកម្ពុជាAKPនៅថ្ងៃនេះឱ្យដឹងថា អគ្គស្នងការនគរបាលជាតិលោកនេត សាវឿនបានការណែនាំដល់មន្ត្រីតាមព្រំដែនរបស់ខ្លួនដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំការងារព្រំដែននគរបាលជាតិកាលពីថ្ងៃម្សិលមិញ។
លោកនេត សាវឿនបានលើកឡើងនូវបញ្ហាចំនួនបីចំណុចរួមមាន កត្តារចនាសម្ព័ន្ធនៃការដឹកនាំ និងគ្រប់គ្រងកម្លាំងនគរបាលការពារព្រំដែន យន្តការថ្នាក់ជាតិដែលគ្រប់គ្រងលើកិច្ចការព្រំដែន និងទិសដៅឆ្នាំ២០១៩របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
កន្លងមកបទល្មើសមួយចំនួនតែងកើតឡើងតាមច្រកព្រំដែន ដូចជាបទល្មើសគ្រឿងញៀន ការរត់ពន្ធឈើខុសច្បាប់ទៅក្រៅប្រទេសពិសេសប្រទេសវៀតណាម ការរត់ពន្ធមនុស្ស ឬការជួញដូរមនុស្សការរត់ពន្ធអាវុធ និងការរត់ពន្ធទំនិញប្រើប្រាស់ខុសច្បាប់ជាដើម។
កាលពីខែមិថុនា ឆ្នាំ២០១៨អាជ្ញាធរខេត្តស្ទឹងត្រែងបានឃាត់ខ្លួនជនជាតិខ្មែរបីនាក់ ដែលធ្វើដំណើរតាមរថយន្ដក្រុងពីប្រទេសឡាវមកភ្នំពេញដោយសមត្ថកិច្ចរកឃើញថា ជនសង្ស័យទាំងនោះបានដឹកជញ្ជូនថ្នាំញៀន មេតំហ្វេតាមីនម្ស៉ៅចំនួន១២០គីឡូក្រាមក្នុងរថយន្តក្រុងនោះ។
យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ២០១៨ សមត្ថកិច្ចបានបង្រ្កាបបទល្មើសគ្រឿងញៀនចំនួនជាង៨ពាន់ករណីដោយរឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានចំនួន៥៣៣គីឡូក្រាម៕