33 C
Phnom Penh

ក្រសួង​មហាផ្ទៃ​សាកសួរ​ស្នងការ​រង​៦​នាក់​ ពាក់​ព័ន្ធ​បណ្ដឹង​អនាមិក​ចោទ​ប្រកាន់​ស្នងការ​ខេត្ត​​កណ្តាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​ឋានៈ​ឧត្តម​សេនីយ៍ត្រី​ឬ​ផ្កាយ​១ ​និង​ជា​ស្នងការ​រង​ខេត្ត​កណ្តាល​ចំនួន​៦​នាក់​ត្រូវ​បាន​ក្រុម​អធិការ​កិច្ច​នៃ​ក្រសួង​មហា​ផ្ទៃ​សាក​សួរ​ដើម្បី​ប្រមូល​ភស្តុង​បន្ថែម​ជុំវិញ​បណ្តឹង​អនាមិក​ដែល​ប្តឹង​ស្នងការ​របស់​ខ្លួន​ គឺ​ លោក​អ៊ាវ ចំរើន ​ថា​ បាន​ប្រើ​អំណាច​ផ្ដាច់​ការ​ ធ្វើ​បាប​កូន​ចៅ​និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ដើម។​

លិខិត​ក្រសួង​មហា​ផ្ទៃ ​កាលពី​ថ្ងៃ​ទី​២៤​ខែ​ឧសភា​លើក​ឡើង​ថា​  ការ​ចេញ​លិខិត​អញ្ជើញ​ស្នងការ​រង​ទាំង​៦​នាក់​មក​សាកសួរ​នៅ​ថ្ងៃនេះ​តប​តាម​លិខិត​អនាមិក ​ប្តឹង​សុំដក​តំណែង​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ លោក​អ៊ាវ ចំរើន​ ដោយ​ចោទ​ថា ​ស្នងការ​ខេត្ត​នេះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​គាប​សង្កត់​កូនចៅ​របស់​ខ្លួន​ ព្រម​ទាំង​ភាព​អសកម្ម​មួយ​ចំនួន​ទៀត។​

សារ​ព័ត៌មាន​សំឡេង​ប្រជា​ធិបតេយ្យ ​VOD ​បាន​ដក​ស្រង់​សម្តី​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ​លោក​អ៊ាវ ចំរើន​ចុះផ្សាយ​ថា ​ជា​ការ​ពិត​លោក​មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​ដែល​បាន​ចោទ​ប្រកាន់​នោះ​ទេ។​

កាល​ពី​​ថ្ងៃ​ទី១៩​ ខែ​មេសា ​លិខិត​អនាមិក​ដែល​បាន​ប្ដឹង​លោក អ៊ាវ ចំរើន​ ដោយ​បាន​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង ​ បាន​លើក​ឡើង​ពី​បញ្ហា​ចំនួន​១៦​ចំណុច ​ដែល​ថា ​ប្រព្រឹត្ត​ដោយ​ដោយ​ស្នងការ​រូប​នេះ ​រួម​មាន​ ការ​ទារ​លុយ​ដើម្បី​តែងតាំង​តួនាទី​ ឋានន្តរ​សក្ដិ​ពី​២​ពាន់​ដល់​៣​ពាន់​ដុល្លារ ​ ការ​យក​លុយ​ពី​កន្លែង​ហ្គេម ចាក់​បាល់ ​​កន្ទុយ​លេខ​ និង​បង្កើត​គ្រួសារ​និយម​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំ​ដែន​ជ្រៃ​ធំ​ ជា​ដើម។​

បណ្ដឹង​ដែល​អម​ទៅ​ដោយ​ស្នាម​មេដៃ​ និង​គ្មាន​ឈ្មោះ​ ដោយ​ក្រុម​មន្ត្រី​នគរបាល​ខេត្ត​កណ្ដាល​បាន​ស្នើ​ ឲ្យ​​លោក​ ស​ ខេង​ដកហូត​តំណែង​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​រូប​នេះចេញឱ្យ​ខាង​តែ​បាន។​​

ស្នងការ​រង​ខេត្ត​កណ្តាល ​ដែល​ក្រសួង​មហា​ផ្ទៃ​ហៅ​មកសាក​សួរ​នោះ​ រួម​មាន​លោក​រឿន ណារ៉ា ​លោក​វ៉ែន សុវិន ​លោក​ចាន់ សាវឿន ​លោក​តុប សុវណ្ណ ​លោក​សេង គឹមឃន​ និង​លោក​ ឈឿន សុចិត្ត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស