34 C
Phnom Penh

សាធារណ​ជន​មួយ​ចំនួន​រិះគន់​តុលាការ​ករណី​ដោះលែង​ យុវតី​ម្នាក់​ដែល​បើក​ឡាន​បុក​និស្សិត​ស្រី​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាធារណ​ជន​ជាច្រើន​បាន​បញ្ចេញ​មតិ​រិះគន់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​បន្ថែម​ទៀត ​ក្រោយ​ពេល​យុវតី​ម្នាក់​ដែល​បើក​រថយន្ត​បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់​កាលពី​ខែ​មីនា​ ត្រូវ​បាន​ដោះលែង។​

ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានីភ្នំ​ពេញ​ លោក​សេង គឹមឡាក់​ទទួល​បន្ទុក​ពន្ធនាគារ​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​ជន​ជាប់​ចោទ​ឈ្មោះ​យិន ឃុនម៉ី​ហៅ​យិន ម៉ាណា​ កាល​ពី​រសៀល​ថ្ងៃ​​ម្សិលមិញ​ ក្រោយ​ពេល​អនុវត្ត​ទោស​រយៈ​ពេល​២​ខែ​ចប់។​ 

កញ្ញា​យិន ម៉ាណា​ជា​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​បើក​រថយន្ត​ស៊េរី​Range Rover​បុក​និស្សិត​ស្រី​ឈ្មោះ​ឌុំ រីដា​ស្លាប់​កាលពី​ខែ​មីនា​នោះ​​មាន​ការ​រិះគន់​ខ្លាំង​ពី​មហាជន​ខណៈ​សមត្ថ​កិច្ច​មិន​ព្រម​ស្វែង​រក​ជន​ល្មើស​យក​មក​ផ្តន្ទាទោស​ក្នុង​អំឡុង​ពេល​បុក​និស្សិត​ស្លាប់​ភ្លាមៗ​នោះ​ឡើយ។ ​គណនី​ហ្វេសប៊ុក​ឈ្មោះ​«កំលោះចាស់»​បាន​លើក​ឡើង​ថា​ ថៃ្ង​ក្រោយ​អ្នក​មាន​លុយ ​មាន​អំណាច​លែង​ខ្វល់​រឿង​បើក​ឡាន​បុក​មនុស្ស​ស្លាប់​ហើយ ​បើ​ច្បាប់​ធូរ​លុង​បែប​នេះ​ ហើយ​អ្នក​រងគ្រោះ​គឺ​ជា​អ្នកក្រ។​

ចំណែក​គណនី​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ ​Rena Pengលើក​ឡើង​ថា​​ មិន​គួរ​សោះ​ ដ្បិត​​បញ្ហា​នេះ ​ជា​ផល​ពិបាក​យូរ​អង្វែង​ ហើយ​វា​ជា​ជំងឺ​ ឬ​ជា​វិបត្តិ​ដែ​គ្មាន​ថ្នាំ​ព្យាបាល​ឡើយ​នៅ​ក្នុង​សង្គម​កម្ពុជា។ ​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុជា​លោក​សន ជ័យ​លើក​ឡើង​ថា ​សំណុំ​រឿង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​មុន​រួច​ទៅ​ហើយ​ថា​ ជន​ជាប់ចោទ​នឹង​មិន​អាច​ជាប់​ឃុំ​បាន​យូរ​ឡើយ​ដ្បិត​មាន​រឿង​មិន​ប្រក្រតី​មួយ​ចំនួន។​

ជន​ជាប់​ចោទ​ឈ្មោះ​យិន ឃុនម៉ី​ហៅ​យិន ម៉ាណា​ត្រូវ​ចៅ​ក្រម​លោក​ប៊ុន ធី​ចេញ​ដីកា​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃទី​២៩​ ខែ​មីនា ​ហើយ​នៅ​ថ្ងៃ​ទី​១៧​ខែ​ឧសភា​ឆ្នាំ​២០១៩​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាធានី​ភ្នំពេញ​លោក​អ៊ុក សុវណ្ណរិទ្ធ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ ជន​ជាប់​ចោទ​ឈ្មោះ​យិន ឃុនម៉ី​ហៅ​យិន ម៉ាណា​ដាក់​ពន្ធនាគារ​រយៈ​ពេល​១​ឆ្នាំ ​ប៉ុន្តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈ​ពេល​២​ខែ​គិត​ចាប់​ពី​ថ្ងៃ​ឃុំ​ខ្លួន​ចំណែក​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។​

សំណុំ​រឿង​នេះ​ក៏​បាន​ធ្វើ​ឱ្យ​មន្ត្រី​យោធា​ស័ក្ក​៤​កន្លះ​និង​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មាន​ប្រជាប្រិយ​ភាព​ម្នាក់​​គឺ​លោក​ផែង វណ្ណៈ​ត្រូវ​ជាប់​ពន្ធនាគារ​ក្រោយ​ពេល​លោក​បាន​ប្រៀប​ធៀប​ករណី​អគ្គ​នាយក​សារ​ព័ត៌មាន​Fresh News​លោក​លឹម ជាវុត្ថា​ដែល​បាន​យក​ប្រាក់​៥​ម៉ឺន​ដុល្លារ​ទៅ​ជូន​គ្រួសារ​លោក​បណ្ឌិត​កែម ឡី​សម្រាប់​សាង​សង់​ចេតិយ៍ ​ប៉ុន្តែ​មិន​ត្រូវ​បាន​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក​ពេជ្រ ស្រស់​ប្តឹង​និង​ករណី​ដែល​លោក​យក​ថវិកា​ចំនួន​៥​ពាន់​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ទៅ​ចូល​បុណ្យ​គ្រួសារ​សព​និស្សិត​ឌុំ រីដា​ ប៉ុន្តែ​លោក​ពេជ្រ ស្រស់​បែរ​ជា​ប្តឹង​លោក​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ​វិញ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស