32 C
Phnom Penh

សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​ការចោទ​លើ​មេ​សហជីព​៦​រូប​ករណី​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មេ​សហជីព​ចំនួន​៦រូប​ករណី​អំពើ​ហិង្សា​លើ​ផ្លូវ​វេង​ស្រេង​កាលពី​អំឡុង​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤។​ ក្រុម​សហជីព​បាន​នាំគ្នា​ស្វាគមន៍​សេចក្តី​សម្រេច​នេះ។​

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​កំបាំង​មុខ​កាលពី​ថ្ងៃ​ទី​​២៨​​ឧសភា​ឆ្នាំ​២០១៩។​

មេ​ដឹកនាំ​សហ​ជីព​ធំៗ​ទាំង​៦​រូប​នោះ​រួម​មាន៖​ លោក​អាត់ ធន់​ប្រធាន​សហភាព​ការងារ​កម្ពុជា ​លោក​ប៉ាវ ស៊ីណា​ប្រធាន​សហភាព​ចលនា កម្មករ​កម្ពុជា  ​លោក​រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា ​លោក​ ជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​អ្នកស្រី​ម៉ម ញឹម ​ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហ​កម្ម​កាត់ដេរ​កម្ពុជា​ និង​អ្នកស្រី​យ៉ាង សុភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​កម្ពុជា។​

ពួក​គេ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​និង​៦​ខែ ​​ប៉ុន្តែ​ទោស​ទាំង​អស់​ត្រូវ​ព្យួរ។​ ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក​អាត់ ធន់​សម្តែង​​ការ​សាទរ​ ចំពោះ​សាលា​ឧទ្ធរណ៍​ដែល​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​និង​មេ​សហជីព​៥​រូប​ផ្សេង​ទៀត។​

លោក​ចាត់​ទុក​ថា​ នេះ​ជា​សញ្ញា​ល្អ។ ​ស្រដៀង​គ្នា​នេះ​ដែរ​ មេ​ដឹកនាំ​សហជីព​ម្នាក់​ទៀត​គឺ​លោក​ប៉ាវ ស៊ីណា​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ នេះជា​រឿង​មួយ​ដ៏​រីករាយ​បំផុត។​

លោក​នៅ​តែ​អះអាង​ថា​  លោក​គ្មាន​កំហុស​ឆ្គង​​ដូច​ការ​ចោទ​ប្រកាន់​កន្លង​ទៅ​នោះ​ទេ។​​លោក​បន្ត​ថា ​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ​ កាន់​តែ​ធ្វើឲ្យ​លោក​មាន​ឱកាស​បំពេញ​ការងារ​បម្រើ​ប្រយោជន៍​ជូន​ដល់​កម្មករ​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។​

សាលា​ដំបូង​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៨​បាន​ផ្តន្ទាទោស​មេ​សហ​ជីព​ទាំង​៦​រូប​នេះ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ ​និង​៦​ខែ​និង​បង្គាប់​ឲ្យ​ពួក​គេ​រួម​គ្នា​សង​សំណង​ទៅ​ជន​រង​គ្រោះ ជា មន្ត្រី​នគរបាល​ចំនួន​២​នាក់​ចំនួន​៣០​លាន​រៀល។​

អ្នក​ទាំង​៦នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្តើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ពីបទ​ផ្តើម​គំនិត​ក្នុង​អំពើ​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា ​ផ្លូវ​វ៉េងស្រេង​ កាលពី​ចុង​ឆ្នាំ​២០១៣​និង​ដើម​ឆ្នាំ​២០១៤​ដែល​កាល​នោះ​ជា​ពេល​មាន​វិបត្តិ​នយោបាយ​ ហើយ​ក្រុម​កម្មករ​បាន​ផ្ទុះ​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ។​

ទាក់ទង​នឹង​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ក្រុម​សហជីព​នៅ​ពេល​នេះ ​ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​យល់​ថា​ រដ្ឋាភិបាល​លោក​ហ៊ុន សែន​ចង់​ផ្ញើរ​សារ​ទៅ​សហភាព​អឺរ៉ុប​ និង​ក្រុម​ហ៊ុន​អ្នក​បញ្ជា​ទិញ​ផលិត​ផល​សម្លៀក​បំពាក់​ថា​ ខ្លួន​មិន​បាន​​ប្រើ​ប្រព័ន្ធ​ច្បាប់​មក​គាប​សង្កត់​លើ​ក្រុម​សហជីព​ ខណៈ​សហភាព​អឺរ៉ុប​និង​ក្រុម​ហ៊ុន​អ្នក​បញ្ជា​ទិញ​ បង្ហាញ​ក្តី​កង្វល់​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​នៅ​ពេល​ខាង​មុខ​នោះ​ទេ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស