ថ្នាក់ដឹកនាំសហជីពមកពីវិស័យមួយចំនួនបានបង្ហាញការខកចិត្តចំពោះស្ថាប័នរដ្ឋចំនួន២ក្នុងចំណោមស្ថាប័នរដ្ឋចំនួន៩ ដែលពុំព្រមទទួលយកញ្ញត្តិដែលបានដាក់បញ្ចូលនូវខ្លឹមសារនៃសេចក្តីត្រូវការរបស់កម្មករ ពលករ កសិករ ដែលបម្រើការងារក្នុងវិស័យផ្សេងៗគ្នា។
កាលពីថ្ងៃម្សិលមិញ ថ្នាក់ដឹកនាំសហជីព និងអង្គការសមាគម មួយចំនួនបានយកញ្ញត្តិបង្ហាញពីសេចក្តីត្រូវការចាំបាច់ចំនួន១១ចំណុចសម្រាប់កសិករ កម្មករ-និយោជិត ពលករ ព្រមទាំងពលរដ្ឋក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដាក់ទៅស្ថាប័នពាក់ព័ន្ធចំនួន៩កន្លែងដោយចាប់ផ្តើមពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងដាក់ជូនវិស័យឯកជនមួយចំនួនផង។
មន្ត្រីសហជីពបញ្ជាក់ថា ស្ថាប័នរដ្ឋចំនួន២ក្នុងចំណោម៩រួមមានក្រសួងយុត្តិធម៌ និងទីស្តីការគណៈរដ្ឋមន្ត្រី មិនព្រមទទួលញ្ញត្តិនោះជាដាច់ខាត ហើយថា ពួកគេមិនទទួលយកញ្ញត្តិបែបនេះទេ។ ជាងនេះទៅទៀតមន្រ្តីរដ្ឋាភិបាលបានជំរុញឱ្យក្រុមថ្នាក់ដឹកនាំសហជីពទាំងនោះយកញត្តិទៅដាក់នៅក្រសួងសាម៉ីវិញ។
ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីព្រឹកមិញប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រីឈឹម ស៊ីថរបានលើកឡើងថា ក្រៅពីស្ថាប័នរដ្ឋចំនួនពីរនេះដែលមិនព្រមទទួលយកញ្ញត្តិរបស់ពួកគាត់ ក៏មានស្ថាប័នរដ្ឋមួយចំនួនក្នុងចំណោមក្រសួងពាក់ព័ន្ធចំនួន៧ផ្សេងទៀត មានភាពតានតឹង ឬរួញរាក្នុងការទទួលយកញ្ញត្តិរបស់ពួកគាត់ដែរ ដោយមានមន្ត្រីនៅស្ថាប័នរដ្ឋខ្លះបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ហើយមានការគំរាមកំហែងមុននឹងទទួលយកញ្ញត្តិពីពួកគាត់ថែមទៀត។
អ្នកស្រីសម្តែងការខកចិត្តចំពោះទង្វើរបស់មន្ត្រីរាជការនៃស្ថាប័នទាំងនោះ ហើយថា ពលរដ្ឋខំប្រឹងបង់ពន្ធជូនរដ្ឋដើម្បីអាចផ្តល់ជាប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការទាំងនោះ។
ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេព្យផល្លីនបានជំរុញទៅកាន់រដ្ឋាភិបាលថា ត្រូវមានឆន្ទៈនយោបាយពិតប្រាកដក្នុងការដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋក្នុងវិស័យការងារមួយចំនួន ពិសេសពលរដ្ឋងាយរងគ្រោះ ដោយធានាថា ពលរដ្ឋទាំងនោះមិនបានផាត់ចេញពីកិច្ចគាំពារសង្គមឡើយ។
កន្លងមកលោកហ៊ុន សែនធ្លាប់បានណែនាំឱ្យមន្ត្រីរបស់ខ្លួនទាំងអស់ធ្វើជាមន្ត្រីជើងពីរ មិនមែនជាមន្ត្រីជើង១០នោះឡើយដោយត្រូវចុះទៅមូលដ្ឋានដើម្បីប្រមូលរាល់បញ្ហាប្រឈមរបស់ពលរដ្ឋមកដោះស្រាយ និងមិនត្រូវព្រងើយកន្តើយរាល់បញ្ហារបស់ពលរដ្ឋជាដាច់ខាត៕