30 C
Phnom Penh

ខ្មែរ​ក្រោម​ថា​ សិទ្ធិ​របស់​ពួកគេ​ត្រូវ​រង​ការ​រឹតត្បិត​តាំង​ពី​ខ្មែរ​ក្រោម​ដល់​ខ្មែរ​កណ្តាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​លើក​ឡើង​ក្នុង​ពេល​ប្រារព្ធ​ខួប​បាត់​បង់ទឹក​ដី​៧០​ឆ្នាំ​ថ្ងៃ​នេះ​ថា​ សិទ្ធិ​សេរីភាព​របស់​ពួក​គេ​រង​ការ​រឹតត្បិត​ ទាំង​ក្នុង​ទឹកដី​កម្ពុជា​ក្រោយ​ពេល​ដែល​វៀតណាម​គ្រប់​គ្រង​ និង​នៅ​ក្នុង​ទឹកដី​កម្ពុជា​ឬ​ខ្មែរ​កណ្តាល​សព្វ​ថ្ងៃ។​

ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង ​ស្រប​ពេល​ដែល​អាជ្ញាធរ​ និង​សមត្ថ​កិច្ច​ក្រុង​ភ្នំពេញ​នៅ​តែ​បន្ត​ឃ្លាំ​មើល​ពួកគេ​ ដែល​បាន​នាំគ្នា​ប្រារព្ធ​ពិធី​ខួប​បាត់​បង់​ទឹកដី​កម្ពុជា​ក្រោម ​ហើយ​ដែល​ពួក​គេ​ចាត់ទុក​ថា​ ជាការ​បំភិត​បំភ័យ ​និង​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ។​

អង្គការ​និង​សមាគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​រួម​គ្នា​ប្រារព្ធ​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​ការ​បាត់​បង់​ដែនដី​កម្ពុជា​ក្រោម​នេះ ​ដែល​មាន​អ្នក​ចូល​រួម​ជិត​២​ពាន់​នាក់​ នៅ​ក្នុង​ស្នាក់​ការ​សហគមន៍​ខ្មែរ​ក្រោម​ ​នៅ​ខណ្ឌ​សែនសុខ។​

ពិធី​នេះ​ក៏មាន​វត្តមាន​ព្រះ​រាជ​តំណាង​របស់​ព្រះ​មហា​ក្សត្រ​គឺ​សម្ដេច​ ស៊ីសុវត្ថិ​ ពង្សនារី ​មុនីពង្ស ​អតីត​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​និង​មន្រ្តី​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ ប៉ុន្តែ​គេ​មិន​ឃើញ​មាន​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ឬ​មន្រ្តី​គណ​បក្ស​កាន់​អំណាច​ចូល​រួម​នោះ​ទេ។​

រហូត​មក​ទល់​ឆ្នាំ​២០១៩​នេះ​ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រារព្ធ​ពិធី​រំឭក​ខួប​នេះ​២០​ដង​រួច​មក​ហើយ​ ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក។​ ក្រុម​អ្នក​រៀបចំ​កម្មវិធី​ឲ្យ​ដឹង​ថា ​សមត្ថ​កិច្ច​ជា​ច្រើន​នាក់​ បាន​មក​ឈរ​ឃ្លាំ​មើល​ពួកគេ​ ដែល​កំពុង​ធ្វើ​ពិធី​នេះ ​ហើយ​ដែល​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ ខ្លាច​រអា​ក្នុង​ការ​បញ្ចេញ​មតិ​ និង​បង្ហាញ​ការ​ឈឺ​ចាប់​នៃ​ការ​បាត់បង់​ទឹកដី​របស់​ខ្លួន៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស