ពលរដ្ឋនិងអង្គការសមាគមន៍ខ្មែរកម្ពុជាក្រោមបានស្នើជាថ្មីទៀតឲ្យរដ្ឋាភិបាលលោកហ៊ុន សែនកំណត់យកយកថ្ងៃទី៤ខែមិថុនា បញ្ចូលជាថ្ងៃបុណ្យជាតិ ដើម្បីរំឭកការឈឺចាប់ចំពោះការបាត់បង់ទឹកដីកម្ពុជាក្រោម។
នៅក្នុងខួបលើកទី៧០ឆ្នាំដែលអាណាព្យាបាលបារាំងបានផ្ទេរទឹកដីកូសាំងស៊ីនឬទឹកដីខ្មែរកម្ពុជាក្រោមទៅឲ្យស្តេចអាណាមកាន់កាប់នោះ តំណាងយុវជនសម្ព័ន្ធខ្មែរដើម្បីប្រជាធិបតេយ្យលោកខឿន វីរ៉ាត់ បានលើកឡើងថា ពលរដ្ឋខ្មែរក្រោមខ្មែរកណ្តាល ខ្មែរលើ គឺជាខ្មែរតែមួយ។ លោកសម្តែងការសោកស្តាយដែលទឹកដីខ្មែរកម្ពុជាក្រោម ត្រូវបានបាត់បង់ ហើយពលរដ្ឋខ្មែរកម្ពុជាក្រោមនៅតែទទួលរងការឈឺចាប់ចំពោះការបាត់បង់នេះ ព្រមទាំងរងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលកុម្មុយនីស្តវៀតណាមទៀតផង។
ជាងនេះទៅទៀត លោកក៏បានបង្ហាញការខកចិត្តដ្បិតអាជ្ញាធរក្រុងភ្នំពេញមិនបានអនុញ្ញាតឱ្យពួកលោកអាចប្រារព្ធពិធីនេះនៅទីលានប្រជាធិបតេយ្យតាមការស្នើសុំរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោមបាន។
លោកបន្ថែមថា អាជ្ញាធរលោកហ៊ុន សែនហាក់បង្ហាញការរើសអើងដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម ស្របពេលរដ្ឋាភិបាលនេះតែងបង្កភាពងាយស្រួលដល់ជនបរទេសពិសេសជនជាតិវៀតណាមក្នុងការធ្វើពិធីផ្សេងៗនៅលើទឹកខ្មែរ។
យ៉ាងណាក៏ដោយ លោកសង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាយកថ្ងៃទី៤ខែមិថុនាជាទិវាបុណ្យជាតិមួយដើម្បីរំឭកការឈឺចាប់ ដែលកម្ពុជាបានបាត់បង់ទឹកដីកម្ពុជាក្រោមទៅក្នុងដៃរបស់វៀតណាម។
ចំណែកប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមលោកថាច់ សេដ្ឋាក៏បានបង្ហាញការឈឺចាប់ និងមានការសោកស្ដាយចំពោះការបាត់បង់ទឹកដីដ៏មានតម្លៃនេះ។ លើសពីនេះ លោកក៏ឈឺចាប់ផងដែរ នៅពេលឃើញមេដឹកនាំខ្មែរមួយចំនួនចេះតែដឹងគុណបរទេសជាពិសេសដឹងគុណវៀតណាម ដោយមិនហ៊ានតវ៉ាចំពោះការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលបារាំងបានកាត់ដោយអយុត្ដិធម៌ឲ្យទៅវៀតណាមនៅពេលនោះ។ លោកក៏បានផ្តាំផ្ញើទៅមេដឹកនាំខ្មែរ គួរតែនាំគ្នាផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ជាជាងគិតតែពីអំណាចផ្ទាល់ខ្លួន។
ការប្រារព្ធខួបលើកទី៧០ឆ្នាំ ដែលឱ្យឈ្មោះថា ទិវាកាន់ទុក្ខជាតិនៃការបាត់បង់ទឹកដីកម្ពុជាក្រោមនៅឆ្នាំនេះត្រូវបានធ្វើឡើងនៅស្នាក់ការរបស់សហគមន៍ខ្មែរកម្ពុជាក្រោមក្នុងសង្កាត់គោកឃ្លាំង រាជធានីភ្នំពេញ។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពសម្ដេចស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលជាព្រះរាជតំណាងព្រះមហាក្សត្រខ្មែរ។ ពិធីនេះក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួនជិត២ពាន់អង្គនៅពេលព្រឹក និងមានការរំឭកពីសាវតាឬប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ទៅប្រទេសវៀតណាមផងដែរ។
ថ្ងៃទី៤មិថុនាឆ្នាំ១៩៤៩ ជាថ្ងៃដែលអាណាព្យាបាលបារាំង បានសម្រេចផ្ទេរសិទ្ធិគ្រប់គ្រងដែនដីកូសាំងស៊ីនឬទឹកដីខ្មែរកម្ពុជាក្រោមបច្ចុប្បន្នទៅឱ្យស្តេចអាណាមបាវដាយ ដោយពលរដ្ឋខ្មែរក្រោម និងពលរដ្ឋខ្មែរជាច្រើនយល់ថា ជារឿងអយុត្តិធម៌ និងជាកំហុសយ៉ាងធំដែលបារាំងបានបន្សល់ទុកឱ្យខ្មែរ។
ឯកសារមួយចំនួនបានលើកឡើងថា ទឹកដីខ្មែរកម្ពុជាក្រោមដែលប្រគល់ទៅឱ្យវៀតណាមគ្រប់គ្រងបន្តនោះមានចំនួន២១ខេត្ត ដោយខេត្តទាំងនោះ រដ្ឋាភិបាលវៀតណាមសម្រេចដូរឈ្មោះពីឈ្មោះខ្មែរទៅជាឈ្មោះវៀតណាមទៀតផង។
ការសម្រេចកាត់ទឹកដីនេះឱ្យទៅវៀតណាមបានធ្វើឱ្យមានភាពចម្រូងចម្រាសរហូតមកដោយអ្នកដឹកនាំនិងពលរដ្ឋខ្មែរកម្ពុជាក្រោមបានអះអាងអំពីការធ្វើទុក្ខបុកម្នេញស្ទើគ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរវៀតណាមមកលើពលរដ្ឋខ្មែរដូចជាការប៉ុនប៉ងលុបបំបាត់ប្រពៃណី សាសនា អក្សរសាស្ត្រ វប្បធម៌ ជាពិសេសគឺការបំបិទសិទ្ធិសេរីភាព ពលរដ្ឋនៅទីនោះដែលជាហេតុធ្វើឱ្យពលរដ្ឋខ្មែរក្រោមរាប់ម៉ឺននាក់សម្រេចចិត្តរត់ចេញពីការធ្វើទុក្ខបុកម្នេញទាំងនោះ ដោយមករស់នៅប្រទេសកម្ពុជាឬទៅរស់នៅប្រទេសទីបីជាដើម៕